អន្តរជាតិ
ប៉ូឡូញប្រឈមសម្ពាធជនចំណាកស្រុកដែលព្យាយាមឆ្លងកាត់ពីបេឡារុស
20, Nov 2021 , 8:29 am        
រូបភាព
ជន​ចំណាក​ស្រុក​ប្រមូល​ផ្តុំ​​នៅ​តាម​​ព្រំដែនប្រទេស​បេឡារុស​ជាមួយ​​​​ប្រទេស​ប៉ូឡូញ​​​ ក្នុង​បំណង​ឆ្លង​​ចូល​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
ជន​ចំណាក​ស្រុក​ប្រមូល​ផ្តុំ​​នៅ​តាម​​ព្រំដែនប្រទេស​បេឡារុស​ជាមួយ​​​​ប្រទេស​ប៉ូឡូញ​​​ ក្នុង​បំណង​ឆ្លង​​ចូល​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១។
ដោយ: VOA
ប្រ៊ុចសែល — វិបត្តិជនចំណាកស្រុកនៅតាមព្រំដែនប្រទេសប៉ូឡូញជាមួយប្រទេសបេឡារុសនឹងមានរយៈពេលរាប់ខែទៅមុខទៀត ខណៈពេលដែលក្រុមជនចំណាកស្រុករាប់ពាន់នាក់កំពុងជាប់នៅទីនោះនៅក្នុងអ្វីដែលសហភាពអឺរ៉ុបហៅថា ជាយុទ្ធនាការចាប់ជម្រិតដោយចេតនារបស់រដ្ឋាភិបាលបេឡារុស។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិប៉ូឡូញកាលពីថ្ងៃពុធហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

 
ឆ្មាំការពារព្រំដែនប៉ូឡូញចំនួន៩នាក់បានរងរបួសកាលពីថ្ងៃអង្គារហើយប៉ូឡូញបានប្រើកាណុងបាញ់ទឹកទៅលើក្រុមតូចៗនៃជនចំណាកស្រុកដែលបានគប់ដុំថ្មលើរបងលួសបន្លាដែលខណ្ឌចែកព្រំដែន។ ទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស BELTA បានផ្សាយឲ្យដឹងនៅយប់ថ្ងៃអង្គារថា ឆ្មាំព្រំដែនបេឡារុស បានចាប់ផ្តើមដឹកជញ្ជូនក្រុមជនចំណាកស្រុកមួយចំនួនទៅកាន់មណ្ឌលប្រមូលផ្តុំ ដែលស្ថិតនៅឆ្ងាយពីបន្ទាត់ព្រំដែនជាមួយប្រទេសប៉ូឡូញ។ ឆ្មាំការពារព្រំដែនបេឡារុសនិងប៉ូឡូញបាននិយាយកាលពីថ្ងៃពុធថា គេឃើញមានជនចំណាកស្រុកប្រមាណជា២ពាន់នាក់កំពុងស្ថិតនៅតាមរបងព្រំដែនរវាងប្រទេសទាំងពីរនៅឡើយ។
 
ប្រទេសនានានៅក្នុងសហភាពអឺរ៉ុបបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមិនស្កិនៃប្រទេសបេឡារុសថា បានដឹកជញ្ជូនជនចំណាកស្រុករាប់ពាន់នាក់មកកាន់ប្រទេសរបស់ខ្លួនដែលភាគច្រើននៃជនចំណាកស្រុកទាំងនោះមកពីតំបន់មជ្ឈិមបូព៌ាហើយបានជំរុញឲ្យពួកគេឆ្លងកាត់ព្រំដែនដោយខុសច្បាប់ដែលជាល្បិចកលមួយដើម្បីសងសឹកដល់ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបដែលបានដាក់មកលើខ្លួនដែលបានបង្ក្រាបក្រុមអ្នកប្រឆាំងតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងពេលកន្លងមក។
 
ចំណែកបេឡារុសវិញបានហៅការចោទប្រកាន់របស់សហភាពអឺរ៉ុបមកលើកខ្លួនថា បានបង្កើតនូវវិបត្តិជនចំណាកស្រុកនោះថា ជារឿងមិនសមហេតុផល ប៉ុន្តែបាននិយាយថា សហភាពអឺរ៉ុបត្រូវតែលុបចោលទណ្ឌកម្មមកលើប្រទេសរបស់ខ្លួន ប្រសិនបើពួកគេចង់ធ្វើការដោះស្រាយបញ្ហានេះ។
 
រដ្ឋមន្រ្តីការពារជាតិប៉ូឡូញលោក Mariusz Blaszczak បានថ្លែងប្រាប់វិទ្យុជាតិប៉ូឡូញនៅក្នុងកិច្ចសម្ភាសន៍ពេលព្រឹកថា៖ «យើងត្រូវតែត្រៀមខ្លួនព្រោះស្ថានភាពនៅតាមព្រំដែនជាមួយប្រទេសបេឡារុសនឹងមិនអាចត្រូវបានដោះស្រាយភ្លាមៗនោះទេ។ យើងត្រូវត្រៀមខ្លួនក្នុងរយៈពេលរាប់ខែទៅមុខទៀតហើយខ្ញុំសង្ឃឹមថាវាមិនមែនរាប់ឆ្នាំនោះទេ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com