ជាតិ
អ្នកនិពន្ធឈ្នះពានរង្វាន់ខ្មែរអាមេរិកាំងយកសាច់រឿងជីវិតផ្ទាល់ខ្លួនដាក់ក្នុងល្ខោនអំពីអំពើប្រល័យពូជសាសន៍
20, Nov 2021 , 9:29 am        
រូបភាព
សៀវភៅជីវប្រវត្តិរបស់ អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ដែលមានចំណងជើងថា «នៅពេលអំបែងអណ្តែត» ត្រូវបានផលិតឡើងជាផ្នែកមួយនៃរឿងល្ខោន «កុមារបួននាក់»។ Photo: Courtesy
សៀវភៅជីវប្រវត្តិរបស់ អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ដែលមានចំណងជើងថា «នៅពេលអំបែងអណ្តែត» ត្រូវបានផលិតឡើងជាផ្នែកមួយនៃរឿងល្ខោន «កុមារបួននាក់»។ Photo: Courtesy
ដោយ: VOA
ក្នុងឆ្នាំ ២០០០ អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី បានសរសេរនិងបោះពុម្ពសៀវភៅជីវប្រវត្តិរបស់ខ្លួនដែលមានចំណងជើងថា «When Broken Glass Floats» ឬ «នៅពេលអំបែងអណ្តែត» ដោយរៀបរ៉ាប់ពីដំណើរជីវិតនៅពេលអ្នកស្រីមានអាយុ ៩ ឆ្នាំ ដែលធំឡើងនៅក្រោមរបបកុម្មុយនិស្តដ៏សាហាវឃោឃៅបំផុតរបស់ប្រទេសកម្ពុជាគឺរបបខ្មែរក្រហម។

 
ថ្មីៗនេះ សាច់រឿងជីវិតរបស់អ្នកស្រីត្រូវបានផលិតឡើងជាផ្នែកមួយនៃរឿងល្ខោនមានចំណងជើងថា «Four Children» ឬ «កុមារបួននាក់»។
 
អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ថ្លែងថា៖ «រឿងល្ខោននេះគឺនិយាយអំពីកុមារបួននាក់ដែលរងគ្រោះ។ ម្នាក់មកពីអំពើប្រល័យពូជសាសន៍នៅប្រទេសអាមេនី និងម្នាក់មកពីការសម្លាប់រង្គាល Holocaust នៅប្រទេសប៉ូឡូញ ម្នាក់មកពីសារ៉ាយេវ៉ូ និងម្នាក់ទៀតជាខ្ញុំមកពីរបបខ្មែរក្រហម»។
 
រឿងល្ខោនរយៈពេល 65នាទីនេះ បានចាប់សម្តែងជាលើកដំបូងបំផុតនៅថ្ងៃទី 7 ខែតុលា នៅរោងមហោស្រព Kansas City Actors ក្នុងទីក្រុង Kansas រដ្ឋ Missouri ហើយបានដំណើរការសម្តែងរហូតដល់ថ្ងៃទី 24 ខែតុលា។ រឿងល្ខោន «Four Children» ឬ «កុមារបួននាក់» ត្រៀមទៅសម្តែងនៅទីក្រុង West Palm Beach រដ្ឋ Florida នៅចុងខែមីនាឆ្នាំក្រោយ។ លោក David Edelman បានសរសេររឿងល្ខោននេះឡើង ដោយដកស្រងផ្នែកខ្លះពីសៀវភៅ «When Broken Glass Floats» ឬ «នៅពេលអំបែងអណ្តែត» របស់អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី។
 
ការសម្តែងបង្ហាញពីការអានរឿងរ៉ាវ «សោកសៅ» នៅក្នុងកំណត់ហេតុផ្ទាល់ខ្លួននៃជនរងគ្រោះនិងអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ចំនួនបួននាក់គឺលោក Dawid Sierakowiak លោក Vahram Dadrian អ្នកស្រី Nadja Halilbegovich និង អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ដែលដើរតួសម្តែងដោយតារាសម្តែង Kathleen Warfel។
 
អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី បាននិយាយក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយ VOA កាលពីពេលថ្មីៗនេះថា៖
 
«Kathleen សំដែងបទភ្លេងគោរពទង់ជាតិជាតិខ្មែរ ហើយឈុតនោះពិតជាចាក់ដោតបេះដូងខ្ញុំណាស់ខ្ញុំរំជើបរំជួលហើយស្រក់ទឹកភ្នែក។ ជាលើកដំបូងហើយចាប់តាំងពីខ្ញុំសរសេរសៀវភៅមក ខ្ញុំដឹងថាខ្ញុំនៅតែសោកសៅចំពោះកម្ពុជា។ ប្រទេសយើងត្រូវបានបំផ្លាញដោយសារតែមេដឹកនាំដ៏អាក្រក់ទាំងនោះ។ មេដឹកនាំខ្មែរ។ មេដឹកនាំអាមេរិក។ សង្គ្រាមវៀតណាម។ អ្នកណាផ្សេងទៀតដែលពាក់ព័ន្ធ និងទទួលខុសត្រូវចំពោះទុក្ខលំបាករបស់យើង»។
 
មានដើមកំណើតនៅខេត្តតាកែវ អ្នកនិពន្ធវ័យ ៥៦ ឆ្នាំរូបនេះ បានមកដល់សហរដ្ឋអាមេរិកនៅពេលអ្នកស្រីមានអាយុ ១៦ ឆ្នាំ។ ឪពុកម្តាយ និងបងប្អូនបង្កើតរបស់អ្នកស្រីស្ថិតក្នុងចំណោមប្រជាជនប្រមាណ ១លាន៧សែននាក់ ដែលបានស្លាប់ដោយសារការអត់ឃ្លាន ការធ្វើការហួសកម្លាំង ជំងឺ និងការសម្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅចុងទសវត្សឆ្នាំ ១៩៧០។ អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី បាននិយាយថា សៀវភៅដែលចំណាយពេល ៥ឆ្នាំក្នុងការសរសេរនេះ ផ្តល់អាម្មណ៍យុត្តិធម៌ដល់អ្នកស្រី និងជួយព្យាបាលផ្លូវចិត្តអ្នកស្រី និងអ្នករងគ្រោះពីរបបខ្មែរក្រហមដ៏ទៃទៀត។


 
«សៀវភៅរបស់ខ្ញុំត្រូវបានប្រើប្រាស់ក្នុងថ្នាក់រៀននានានៅតាមបណ្តាវិទ្យាល័យ សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកនេះ និងនៅបរទេស។ វាបានផ្តល់ឱ្យខ្ញុំនូវអារម្មណ៍យុត្តិធម៌។ វាបានជួយខ្ញុំឱ្យជាសះស្បើយផ្លូវចិត្ត។ កុមារនៅរស់រានមានជីវិតដូចខ្ញុំ និងអ្នករស់រានមានជីវិតខ្មែរផ្សេងទៀត យើងនៅតែរងគ្រោះពីជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត»។
 
អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី កំពុងព្យាយាមបំលែងសៀវភៅ «When Broken Glass Floats» ឬ «នៅពេលអំបែងអណ្តែត» ទៅជាខ្សែភាពយន្តមួយ។ អ្នកស្រីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរៀបរ៉ាប់រឿងរ៉ាវអំពីអំពើប្រល័យពូជសាសន៍ ដូចជាល្ខោន «Four Children» ឬ «កុមារបួននាក់» មានសារសំខាន់ក្នុងការធ្វើឱ្យអ្នកដឹកនាំមានការទទួលខុសត្រូវ និងរំលឹកពិភពលោកថា សោកនាដកម្មដូចជាអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា ប៉ូឡូញ អាមេនី និងបូស្ន៊ី អាចកើតឡើងគ្រប់ទីកន្លែង គ្រប់ពេលវេលា។
 
អ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី ទទូចថា៖ «សម្រាប់អ្នកដែលមានសំណាងមិនធ្លាប់រងគ្រោះដោយសង្គ្រាម ឬរបួសផ្លូវចិត្តណាមួយ សូមចូលរួមជួយពួកយើង។ នេះគឺសម្រាប់គ្រួសារមនុស្សជាតិ។ យើងទាំងអស់គ្នាចង់បានសុភមង្គល។ យើងស្រឡាញ់គ្រួសាររបស់យើង។ យើងចង់មានសុភមង្គល។ យើងចង់មានសន្តិភាព។ ដូច្នេះសូមចូលរួមតស៊ូជាមួយយើង»៕
 
ប្រភព:khmer.voanews.com
អ្នកនិពន្ធ:ស៊ូ ពេជ្រចិន្តា, ចាប ចិត្រា
 

© រក្សាសិទ្ធិដោយ thmeythmey.com