អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមតាលីបង់អំពាវនាវដល់អាម៉េរិកឱ្យបញ្ឈប់ការបង្កកទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន
20, Nov 2021 , 10:59 am        
រូបភាព
លោក Amir Khan Muttaqi រដ្ឋមន្ត្រី​ការបរទេស​អាហ្វហ្គានីស្ថានននៃរដ្ឋាភិបាល​របស់តាលីបង់។ រូបថត Xinhua
លោក Amir Khan Muttaqi រដ្ឋមន្ត្រី​ការបរទេស​អាហ្វហ្គានីស្ថានននៃរដ្ឋាភិបាល​របស់តាលីបង់។ រូបថត Xinhua
ដោយ: VOA
កាលពីថ្ងៃពុធ លោក Amir Khan Muttaqi រដ្ឋមន្ត្រីការបរទេសតាលីបង់ (Taliban) នៃប្រទេសអាហ្វហ្គានីស្ថានបានសរសេរ «លិខិតចំហ» មួយច្បាប់ ទៅកាន់សភាសហរដ្ឋអាមេរិក ដោយបានព្រមានថានឹងមានជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ឈប់ការបង្កកទ្រព្យសម្បត្តិជាង ៩ ពាន់លានដុល្លារអាមេរិកនៅក្នុងធនាគារកណ្តាលអាហ្វហ្គានីស្ថាន និងបញ្ចប់ការដាក់ទណ្ឌកម្មហិរញ្ញវត្ថុផ្សេងទៀតប្រឆាំងនឹងប្រទេសអាហ្វហ្គានីស្ថាននោះទេ។


លោក Muttaqi បានសរសេរថា ការដាក់ទណ្ឌកម្ម «មិនត្រឹមតែបានធ្វើឱ្យអន្តរាយ» ដល់ពាណិជ្ជកម្មនិងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញដល់ជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ផងដែរ។
 
លោក Muttaqi បាននិយាយថា រដ្ឋាភិបាលរបស់លោកបានធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានមានស្ថិរភាពនយោបាយនិងសន្តិសុខ ចាប់តាំងពីក្រុមរបស់លោកបានវិលត្រឡប់មកកាន់អំណាចវិញកាលពីខែសីហាកន្លងទៅនេះ ប៉ុន្តែបញ្ហាសេដ្ឋកិច្ចដែលកំពុងតែកើនឡើងកំពុងធ្វើឱ្យបញ្ហាមនុស្សធម៌កាន់តែអាក្រក់ឡើង។
 
រដ្ឋមន្ត្រីការបរទេសតាលីបង់រូបនេះបញ្ជាក់ដូច្នេះថា៖ «បញ្ហាប្រឈមចម្បងនៅពេលឥឡូវនេះរបស់ប្រជាពលរដ្ឋរបស់យើង គឺសន្តិសុខហិរញ្ញវត្ថុ ហើយឫសគល់នៃក្ដីកង្វល់នេះគឺដោយសារតែរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរបស់យើង»។
 
លោក Muttaqi បានបន្ថែមថា៖ «យើងមានការព្រួយបារម្ភថា ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅបន្តទៅមុខទៀត រដ្ឋាភិបាលនិងប្រជាពលរដ្ឋអាហ្វហ្គានីស្ថាននឹងប្រឈមនឹងបញ្ហា ហើយនឹងក្លាយជាបុព្វហេតុនៃចំណាកស្រុកដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់និងលើពិភពលោក»។
 
កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស (Norwegian Refugee Council) បានរាយការណ៍ថា ពលរដ្ឋអាហ្វហ្គានីស្ថានប្រហែល ៣០០.០០០ នាក់ បានភៀសខ្លួនទៅកាន់ប្រទេសអ៊ីរ៉ង់ចាប់តាំងពីខែសីហាមក ហើយពលរដ្ឋរហូតដល់ ៥.០០០ នាក់ បានបន្តឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសអ៊ីរ៉ង់ជារៀងរាល់ថ្ងៃ។
 
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបបានរារាំងរដ្ឋាភិបាលតាលីបង់មិនឱ្យមានលទ្ធភាពប្រើប្រាស់ទ្រព្យសម្បត្តិជាង ៩ ពាន់លានដុល្លារអាមេរិកនៅធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលមួយផ្នែកធំនៃទ្រព្យសម្បត្តិនេះស្ថិតនៅក្នុងធនាគារកណ្ដាលសហរដ្ឋអាមេរិក ចាប់តាំងពីពេលដែលក្រុមតាលីបង់បានដណ្ដើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននៅខែសីហាមក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com