កីឡាអន្តរជាតិ
អន្តរជាតិ
លោក Howe ខកចិត្តមិនអាចដឹកនាំ Newcastle បាន ក្រោយតេស្តវិជ្ជមានកូវីដ-១៩
20, Nov 2021 , 1:59 pm        
រូបភាព
លោក Eddie Howe ខកចិត្តដែលមិនអាចចូលដឹកនាំក្រុម Newcastle United នៅប្រកួតដំបូងក្នុងនាមជាអ្នកចាត់ការថ្មី បន្ទាប់ពីតេស្តចេញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែវិច្ឆិកា។


បើតាមការផ្សាយរបស់កាសែត BBC លោក Howe ដែលទើបតែងតាំងជាអ្នកចាត់ការថ្មី Newcastle បានតេស្តឃើញវិជ្ជមានជំងឺឆ្លង មួយថ្ងៃមុនពេលសិរិកាព្រៃត្រូវទទួលស្វាគមន៍ Brentford ក្នុងការប្រកួត Premier League នៅថ្ងៃទី២០ ខែវិច្ឆិកា វេលាម៉ោង ១០:០០នាទី [ម៉ោងនៅកម្ពុជា]។
 
ជំនួយការគ្រូបង្វឹក Jason Tindall និង Graeme Jones នឹងទទួលបន្ទុកដឹកនាំក្រុម Newcastle ជំនួសលោក Howe ដែលត្រូវចត្តាឡីស័កមួយរយៈ។
 
ក្រោយតេស្តឃើញមានជំងឺកូវីដ-១៩ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបង្ហាញការសោកស្តាយដែលមិនអាចដឹកនាំក្រុមក្នុងជំនួបដំបូងរបស់ខ្លួនចាប់តាំងពីក្លាយជាអ្នកចាត់ការក្រុមដែលមានម្ចាស់ថ្មីជារជ្ជទាយាទអារ៉ាប៊ីសាអូឌីត។ អតីតអ្នកចាត់ការ AFC Bournemouth រៀបរាប់ថា៖ «ខ្ញុំខកចិត្តយ៉ាងខ្លាំងដែលខ្ញុំមិនអាចនៅជាមួយអ្នកទាំងអស់គ្នានៅកីឡដ្ឋាន St James' Park យប់នេះ»។
 
តាមការណែនាំរបស់រដ្ឋាភិបាលអង់គ្លេស អ្នកដែលតេស្តវិជ្ជមានជំងឺកូវីដ១៩ តម្រូវឱ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ ដែលមានន័យថាលោក Howe ក៏នឹងខកខានដឹកនាំ Newcastle មួយលើកទៀតពេលប៉ះ Arsenal នៅថ្ងៃទី២៧ ខែវិច្ឆិកា។
 
Newcastle សព្វថ្ងៃស្ថិតនៅចំណាត់ថ្នាក់ទី១៩ក្នុងតារាងលីគកំពូលអង់គ្លេស ក្រោយប្រកួត១១លើក រកបាន៥ពិន្ទុ៕
 

Tag:
 Newcastle United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com