កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ប្តូរការប្រកួតជម្រុះ World Cup អន្តរទ្វីប តែមួយជើងនៅដីកណ្តាល
20, Nov 2021 , 8:59 pm        
រូបភាព
ការប្រកួតជម្រុះ play-off អន្តរទ្វីប ដើម្បីប្រជែងកៅអីទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នឹងត្រូវប្រកួតតែមួយជើងប៉ុណ្ណោះនៅទឹកដីកណ្តាល ជំនួសឱ្យទម្រង់លេងពីរជើងក្នុងផ្ទះ និងក្រៅដី។ នេះបើតាមការអះអាងរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី១៩ ខែវិច្ឆិកា។


ការប្រកួត play-off អន្តរទ្វីប មានការចូលរួមពីក្រុមជម្រើសជាតិចំនួន៤ ដែលទទួលបានកន្លះកៅអីពី៤ទ្វីបផ្សេងគ្នា រួមមានទ្វីបអូសេអានី អាស៊ី អាមេរិកខាងត្បូង និងតំបន់ CONCACAF (អាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងតំបន់ការ៉ាអ៊ីប)។
 
ក្រុមប្រទេសទាំង៤ នឹងត្រូវប្រជែងគ្នាដណ្តើមយកពីរកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា ជាមួយ៣០ប្រទេសផ្សេងទៀតដែលបានកៅអីស្វ័យប្រវត្តិ។
 
ការប្រកួតវគ្គ Play-off ដើមឡើយគ្រោងនឹងធ្វើឡើងចំនួនពីរជើងក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅធ្វើនៅខែមិថុនា ឆ្នាំ២០២២វិញ ដោយសារការរំខានពីជំងឺកូវីដ-១៩។
មិនត្រឹមតែប្តូរពេលវេលាប្រកួតឡើង FIFA គ្រោងនឹងប្តូររបៀបប្រកួតពីការលេងប្តូរទឹកដីគ្នា ទៅជាលេងមួយប្រកួតនៅទឹកដីកណ្តាលដើម្បីដឹងឈ្នះចាញ់តែម្តង។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក អះអាងថាការផ្លាស់ប្តូរនេះ ដើម្បីធានាសុវត្តិភាពកីឡាករ និងមន្ត្រី ឱ្យគេចផុតពីការឆ្លងកូវីដ-១៩។
 
គិតត្រឹមពេលនេះ World Cup 2022 រកឃើញ១៣ក្រុមហើយក្នុងចំណោម៣២ក្រុម រួមទាំងម្ចាស់ផ្ទះកាតា។ ១០ក្រុមពីអឺរ៉ុបដែលទទួលបានកៅអីស្វ័យប្រវត្តិ រួមមាន ម្ចាស់ការពារជើងឯកបារាំង ក្រូអាស៊ី បែលហ្ស៊ិក អាល្លឺម៉ង់ ដាណឺម៉ាក អេស្ប៉ាញ ស៊ែប៊ី អង់គ្លេស ស្វីស និងហូឡង់។ ប្រេស៊ីល និងអាហ្សង់ទីន បានកៅអីមុនគេប្រចាំតំបន់អាម៉េរិកខាងត្បូង ខណៈតំបន់ផ្សេងទៀតមិនទាន់រកឃើញក្រុមផ្លូវការនៅឡើយ៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com