កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកកាសែត Romano​៖ Solskjaer នឹងត្រូវបញ្ចប់តំណែង ក្រោយ Man Utd ចាញ់ Watford ៤-១
21, Nov 2021 , 11:10 am        
រូបភាព
លោក Ole Gunnar Solskjaer នឹង​ត្រូវ​បញ្ចប់​តំណែង​ជា​អ្នក​ចាត់​ការទូទៅ​ក្រុម Manchester United។ នេះបើតាមការលើកឡើងរបស់អ្នកកាសែតល្បីឈ្មោះ Fabrizio Romano បន្ទាប់​ពី Solskjaer ដឹកនាំក្រុម​រង​បរាជ័យ​យ៉ាង​អាម៉ាស់ក្រោមថ្វីជើង Watford ៤-១ ក្នុងការប្រកួត Premier League នៅយប់ថ្ងៃទី២០​​ ខែវិច្ឆិកា។


លោក Solskjaer បានសារភាពថាលោកពិតជាអាម៉ាស់ណាស់ ក្រោយដឹកនាំក្រុមបិសាចក្រហមកបរាជ័យ៥លើកក្នុងលីគ ចំណោមការប្រកួត៧លើកចុងក្រោយ។
បើតាមការផ្សាយរបស់កាសែត The Times, The Guardian និង Manchester Evening News សមាជិកក្លិប Man Utd បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភ្លាមៗក្រោយចាញ់ Watford ដល់ទៅ ៤-១។ កិច្ចប្រជុំនោះបង្ហាញថា តំណែងអ្នកចាត់ការរបស់លោក Solskjaer នឹងត្រូវដល់ទីបញ្ចប់ហើយ ក្រោយដឹកនាំ៣ឆ្នាំ។
 
៧ប្រកួតចុងក្រោយរបស់ Man Utd ឈ្នះតែមួយលើកប៉ុណ្ណោះ ក្រៅពីនោះចាញ់៥ និងស្មើ១។ ឆ្លងកាត់ការប្រកួត១១លើក បិសាចក្រហមរកបាន១៧ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៦ក្នុងតារាងលីគកំពូលអង់គ្លេស។
 
តាមពិតទៅកៅអីអ្នកចាត់ការលោក Solskjaer រង្គើចាប់តាំងពី Man Utd ចាញ់ Liverpool និង Manchester City ក្នុងផ្ទះនៅ Old Trafford ម្លេះ ប៉ុន្តែអ្នកចាត់ការសញ្ជាតិន័រវែស ត្រូវបានជាបន្តបន្ទាប់ រហូតក្រុមបន្តបរាជ័យធ្ងន់ធ្ងរនៅជំនួបសប្តាហ៍ទី១១នេះ។
 
អ្នកកាសែតល្បីឈ្មោះ Fabrizio Romano បានសរសេរលើបណ្តាញសង្គមរបស់លោកថា ក្រុមប្រឹក្សាក្លិប Man Utd និង Solskjaer បានយល់ព្រមចែកផ្លូវគ្នារួចហើយ។
លោក Zinedine Zidane អតីតអ្នកចាត់ការ Real Madrid រួមជាមួយអ្នកចាត់ការ Leicester City លោក Brendan Rodgers និងគ្រូបង្វឹក Ajax លោក Erik ten Hag ស្ថិតក្នុងបេក្ខភាពស្នងតំណែងលោក Solskjaer៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com