កីឡាអន្តរជាតិ
អន្តរជាតិ
Aguero បង្ខំចិត្តបញ្ចប់អាជីពកីឡាករបាល់ទាត់ ព្រោះបញ្ហាបេះដូង
21, Nov 2021 , 1:27 pm        
រូបភាព
Sergio Aguero នឹងត្រូវបញ្ចប់អាជីពជាកីឡាករបាល់ទាត់ ដោយសារបញ្ហាបេះដូង។ អតីតខ្សែប្រយុទ្ធ Manchester City រូបនេះ មានបញ្ហាបេះដូងអំឡុងការប្រកួតលីគអេស្ប៉ាញនៅពេល Barcelona ស្មើ ១-១ ជាមួយ Alaves កាលពីថ្ងៃទី៣០ ខែតុលា។



ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីចែកផ្លូវជាមួយ Manchester City នៅដើមរដូវកាល២០២១-២២នេះ។ Aguero អវត្តមានប៉ុន្មានប្រកួតដំបូងដោយសារបួស មុនបង្ហាញខ្លួនជាលើកដំបូងពេល Barca ជួប Valencia នៅថ្ងៃទី១៧ ខែតុលា។

យ៉ាងណាក៏ដោយ នៅពេលជំនួបរវៀងក្រុមរហស្សនាមអ្នកមានបុណ្យទល់នឹង Alaves នៅពីរសប្តាហ៍បន្ទាប់ Aguero ស្រាប់តែមានបញ្ហាឈឺទ្រូងហើយត្រូវប្តូរចេញភ្លាមៗ។ ក្រុមគ្រូពេទ្យប្រចាំនៅ Camp Nou បញ្ចាក់ថា កីឡាករវ័យ​៣៣ឆ្នាំរូបនេះ មានបញ្ហាបេះដូង។



លោក Gerard Romero អ្នកយកព័ត៌មានល្បីឈ្មោះមួយរូបរបស់កាសែត MARCA អះអាងថា Aguero នឹងប្រកាសពីការចូលនិវត្តន៍របស់គេនៅក្នុងសន្និសីទសារព័ត៌មានដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយនេះហើយ។

ក្រោយការ​ពិនិត្យ​សុខភាពជាបន្តបន្ទាប់​​បង្ហាញ​ថា Aguero មាន​ជំងឺ​បេះដូង​មិន​ប្រក្រតី ដែលត្រូវបង្ខំឱ្យរូបគេចូល​និវត្តន៍​ពីអាជីពបាល់ទាត់នៅពេលនេះតែម្តង។ Aguero ដែលជោគជ័យខ្លាំងជាមួយក្លិបអង់គ្លេស Man City លេងបានតែ៥ប្រកួតប៉ុណ្ណោះឱ្យ Barca ទាំងនៅ La Liga និង Champions League និងស៊ុតបញ្ចូលទីបាន១គ្រាប់៕

Tag:
 Sergio Aguero
© រក្សាសិទ្ធិដោយ thmeythmey.com