អន្តរជាតិ
ការរលាយទឹកកកយ៉ាងរហ័សនៅហ្រ្គោអង់ឡង់ បង្កើនហានិភ័យទឹក​ជំនន់ទូទាំងពិភពលោក
21, Nov 2021 , 9:29 pm        
រូបភាព
ការឡើងកម្តៅផែនដីបានធ្វើឱ្យផ្ទាំងទឹកកកនៅកោះហ្រ្គោអង់ឡង់ (Greenland) រលាយកាន់តែច្រើន​ឡើងៗជាលំដាប់ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ យោងតាមការ​ស្រាវជ្រាវថ្មី ព្រឹត្តិការណ៍រលាយទឹកកកនៅកោះដែលមានទំហំធំជាងគេក្នុងពិភពលោកនេះ បានបង្កើន​កម្ពស់ទឹកសមុទ្រយ៉ាងខ្លាំង ហើយវាកំពុងបង្កើនហានិភ័យទឹកជំនន់នៅទូទាំងពិភពលោក​។



ការស្រាវជ្រាវមួយចុះផ្សាយលើទិនានុប្បវត្ដិ Nature Communications បានរកឃើញថា ការរលាយទឹកកកនៅកោះហ្រ្គោអង់ឡង់ បានកើនឡើង២១ភាគរយ ក្នុងរយៈពេល៤០ឆ្នាំ​ចុងក្រោយនេះ ខណៈការរលាយមានការប្រែប្រួលប្រមាណ៦០ភាគរយ ក្នុងចន្លោះពីរដូវ​ក្តៅមួយ ទៅរដូវក្តៅបន្ទាប់។ ការរលាយទឹកកកនេះបានធ្វើឱ្យកម្ពស់ទឹកសមុទ្រកើនឡើង ដែលជាកត្តាបង្កើនហានិភ័យនៃទឹកជំនន់ចំពោះប្រទេសឆ្នេរសមុទ្រទូទាំង​ពិភពលោក។
 
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទឹកកកចំនួន៣,៥ទ្រីលានតោន បានរលាយចេញពីផ្ទៃកោះរបស់ដាណឺម៉ាកមួយនេះ ហើយហូរចូលទៅក្នុងមហាសមុទ្រ។ ទឹកដែលបានរលាយពីទឹកកកទាំង​នោះមានចំណុះច្រើនគ្រប់គ្រាន់អាចគ្របដណ្តប់អង់គ្លេសទាំងមូលឱ្យស្ថិតក្រោមជម្រៅទឹក​១៥​ម៉ែត្រ ឬអាចគ្របដណ្តប់ទីក្រុងញូវយ៉កទាំងមូលឱ្យស្ថិតក្រោមជម្រៅទឹក៤៥០០ម៉ែត្រ។ 
 
ការស្រាវជ្រាវបានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ទឹកកកដែលរលាយពីហ្រ្គោអង់ឡង់ បានបង្កើនកម្ពស់ទឹកសមុទ្រទូទាំងពិភពលោកមួយសង់ទីម៉ែត្រ។ ប៉ុន្តែមួយ​ភាគបីនៃកម្ពស់ទឹកដែលបានកើននេះ គឺបានកើតក្នុងរដូវក្តៅចំនួន២ប៉ុណ្ណោះ ពោលគឺឆ្នាំ ២០១២ និង២០១៩។ ឆ្នាំទាំងពីរនេះមានអាកាសធាតុក្តៅខ្លាំង ដែលបំបែក​កំណត់ត្រានៃការរលាយទឹកកកខ្លាំងជាងគេបង្អស់ក្នុងរយៈពេល ៤០ឆ្នាំកន្លងមក។
 
លោក Amber Leeson សហអ្នកនិពន្ធការស្រាវជ្រាវ និងជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែក​ទិន្នន័យវិទ្យាសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យ Lancaster ព្រមានថា ការរលាយ​ទឹកកកនៅកោះហ្រ្គោអង់ឡ់ង នឹងបន្តធ្វើឱ្យកម្ពស់ទឹកសមុទ្រក្នុងពិភពលោកកើនឡើងចាប់​ពី៣ ទៅដល់ ២៣សង់ទីម៉ែត្រ នៅត្រឹមឆ្នាំ២១០០ ប្រសិនបើផែនដីនៅតែបន្តកើនកម្តៅ​ទៀតនោះ។
សូមបញ្ជាក់ថា ការលាយទឹកកកនៅហ្រ្គោអង់ឡង់ មិនត្រឹមតែបង្កើនកម្ពស់ទឹកសមុទ្រ ប៉ុណ្ណោះទេ វាក៏បានរំខានដល់ប្រព័ន្ធជីវ​ចម្រុះក្នុងមហាសមុទ្រអាក់ទិក ដែលជាប្រភព​អាហាររបស់ជនជាតិដើមរស់នៅទីនោះ។ លើសពីនេះ វាអាចផ្លាស់ប្ដូរចរន្តទឹកសមុទ្រ និង​បរិយាកាសដែលអាចបង្កផលប៉ះពាល់ដល់លក្ខខណ្ឌ​អាកាសធាតុភពផែនដីផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com