ជាតិ
សង្គមជាតិ
កម្លាំងជំនាញ កំពុងស្វែងរកឃាតក ដែលសម្លាប់សកម្មជនប្រឆាំងម្នាក់នៅភ្នំពេញ
22, Nov 2021 , 1:20 pm        
រូបភាព
លោក ស៊ិន ខុន សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវឃាតកសម្លាប់ (រូបពីគណនីហ្វេសប៊ុក ស៊ិន ខុន)
លោក ស៊ិន ខុន សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវឃាតកសម្លាប់ (រូបពីគណនីហ្វេសប៊ុក ស៊ិន ខុន)
បុរសម្នាក់ឈ្មោះ ស៊ិន ខុន ដែលគេស្គាល់ថាជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសម្លាប់ នៅម្តុំពោធិយារាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ២យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា កម្លាំងជំនាញ កំពុងស្រាវជ្រាវរកឃាតក។



លោក ចាន់ ប៊ុនធឿន នាយប៉ុស្តិ៍សង្កាត់ជ្រោយចង្វា អះអាងថា ឃាតក បានប្រើកាំបិតផ្គាក់ កាប់៤កាំបិតទៅលើបុរសឈ្មោះ ស៊ិន ខុន។ លោក បន្តថា ជនរងគ្រោះ ត្រូវឃាតក កាប់ត្រូវកខាងក្រោយ១កាំបិត ត្រូវខ្នង២កាំបិត និង ត្រូវភ្លៅខាងឆ្វេង១កាំបិទ។ លោក ពុំទាន់ទទួលព័ត៌មាននោះទេថា ឃាតក មានគ្នាប៉ុន្មាននាក់។

មូលហេតុ ដែលនាំឲ្យកើតអំពើឃាតកម្មនេះ ក៏លោកនាយប៉ុស្ត៍ មិនទាន់ដឹងច្បាស់ដែរ ដោយលោក គ្រាន់តែសន្និដ្ឋានជាបឋមថា ទំនងជាដោយសារមានគំនុំនឹងគ្នា ទើបឈានដល់ការប្រព្រឹត្តអំពើឃាតកម្មបែបនេះ។ លោក ផ្តល់ព័ត៌មានដូចលោក សាន សុខសីហា ដែរ ថាកម្លាំងជំនាញ កំពុងចុះស្រាវជ្រាវពីករណីឃាតកម្មនេះ និងកំពុងស្វែងរកឃាតក។

លោកនាយប៉ុស្តិ៍សង្កាត់ជ្រោយចង្វា មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា៖«កម្លាំងជំនាញ ចុះមកស្រាវជ្រាវ តែអត់ទាន់មានលទ្ធផលទេ»។

ក្រុមអ្នកប្រឆាំង ចាត់ទុកឃាតកម្មលើសកម្មជន ស៊ិន ខុន ថាជាអំពីឃោរឃៅ និងទាមទារឲ្យកម្លាំងសមត្ថកិច្ច ស្វែងរកឃាតកឲ្យឃើញ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។

អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា លោក ស៊ិន ខុន ដែលជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ តែងតែចូលរួម​ឈឺឆ្អាលនឹងរឿងសង្គមជាតិ​។ អ្នកស្រី សរសេរថា៖«យើងខ្ញុំ ពិតជា​មានការសោកស្ដាយ​ និងអាណិតអាសូរដល់រូបគាត់ខ្លាំងណាស់​ សូមបងប្អូន​ទាំងក្នុងនិងក្រៅប្រទេសជ្រាបជាដំណឹង...»។ ​

លោក អេង ឆៃអ៊ាង ដែលជាអនុប្រធានអតីតគណបក្សសង្គ្រោះជាតិម្នាក់ដែរនោះ ចាត់ទុកលោក ស៊ិន ខុន ជាសកម្មជនដ៏សកម្មរបស់អតីតគណបក្សសង្គ្រោះជាតិ។ លោក លើកឡើងថា កាលពីខែឧសភា ឆ្នាំ២០២១ លោក ស៊ិន ខុន ត្រូវជនមិនស្គាល់មុខ វាយដំឲ្យរងរបួសធ្ងន់រួចមកហើយ។ លោក សរសេរលើទំព័រហ្វេសប៊ុកថា៖«យុវជនរូបនេះ ទោះបីកន្លងមក មានការគំរាមកំហែងលើរូបគេបែបណាក៏ដោយ ក៏មិនរាថយក្នុងការចូលរួមតស៊ូមតិជាមួយសកម្មជនសង្គម និងសកម្មជននយោបាយឡើយ»។

យុវជន គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារដោយសារសកម្មភាពតវ៉ាផ្សេងៗ បានបង្ហោះលើទំព័រហ្វេសប៊ុកថា លោក ស៊ិន ខុន ជាកូនកសិករក្រីក្រក្នុងខេត្តតាកែវ ដែលខិតខំរៀនសូត្ររហូតដល់ថ្នាក់បណ្ឌិត។ បើតាមយុវជន គង់ រ៉ៃយ៉ា បច្ចុប្បន្ន លោក ស៊ិន ខុន គឺជាបេក្ខជនបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ។ ជាអកុសល លោក ត្រូវបាត់បង់ជីវិតក្នុងអំពើឃាតកម្ម៕

Tag:
 សកម្មជនប្រឆាំង
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com