កីឡាអន្តរជាតិ
អន្តរជាតិ
សារចុងក្រោយរបស់ Solskjaer ទៅកាន់ Man Utd៖ កូនក្រុមខ្ញុំសុទ្ធតែជាកំពូលកីឡាករ!
22, Nov 2021 , 2:01 pm        
រូបភាព
លោក Ole Gunnar Solskjaer បានរើឥវ៉ាន់ចេញពីលើតុការងារអ្នកចាត់ការទូទៅនៅ Old Trafford រួចរាល់ហើយ បន្ទាប់ពីដឹកនាំ Manchester United មិនទទួលបានជោគជ័យ។ ក្នុងបទសម្ភាសចុងក្រោយជាមួយក្លិបបិសាចក្រហម អ្នកចាត់ការសញ្ជាតិន័រវែស សម្រក់ទឹកភ្នែក និងរៀបរាប់ថាលោកចាកចេញដោយកិត្តិយស និងបន្សល់ទុកកំពូលកីឡាករ និងកំពូលមនុស្ស ដែលលោកធ្លាប់ធ្វើការជាមួយ។



បន្ទាប់ពីកាន់ការងារជាអ្នកចាត់ការអស់រយៈពេលជិត៣ឆ្នាំមក លោក Solskjaer ត្រូវបាន Man Utd បញ្ចប់តំណែងវិញនៅថ្ងៃទី២១ ខែវិច្ឆិកា ក្រោយដឹកនាំក្រុមចាញ់ Watford ៤-១ យ៉ាងអាម៉ាសក្នុងក្របខណ្ឌ Premier League។
 
ការបញ្ចប់តំណែងនេះ កើតចេញពីការដឹកនាំក្រុមដ៏អាក្រក់បំផុតចាប់តាំងពីចាញ់ Liverpool និង Manchester City នៅ Old Trafford មក។  Man Utd បរាជ័យ៥លើក ក្នុងចំណោម៧ប្រកួតចុងក្រោយនៅលីគកំពូលអង់គ្លេស និងស្ថិតនៅចំណាត់ថ្នាក់ទី៨ មាន១៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Chelsea ១២ពិន្ទុ។
 
Solskjaer បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍ MUTV របស់ Man Utd ថា៖« ខ្ញុំនឹងចាកចេញដោយកិត្តិយស ព្រោះខ្ញុំគិតថាអ្នកគ្រប់គ្នាដឹងថាខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់ក្លិប ហើយក្លិបមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំ។ យើងរួមគ្នាប្រជែងក្នុការប្រកួត ប៉ុន្តែអកុសលខ្ញុំមិនអាចទទួលបានលទ្ធផលដែលអ្នកទាំងអស់គ្នាត្រូវការ ហើយក៏ដល់ពេលខ្ញុំត្រូវដើរចេញ»។
អ្នកចាត់ការសញ្ជាតិន័រវែស បន្ថែមថាលោកពិតជាមានមោទកភាព និងកិត្តិយសខ្លាំងណាស់ ដែលបានគ្រប់គ្រងក្រុមដ៏អស្ចារ្យរបស់ពិភពលោកមួយនេះ។ Solskjaer បានអរគុណកីឡាករទាំងអស់ និងសរសើរពួកគេសុទ្ធតែជាកំពូលកីឡាករ និងជា​ក្រុម​ដ៏​រីករាយ​ក្នុង​ការ​ធ្វើ​ការ​រួមគ្នា។
 
បើទោះបីកីឡាករមួយចំនួនបានធ្វើឱ្យ Solskjaer ឈឺក្បាលជាច្រើនលើកអំឡុងពេលដឹកនាំក្តី ប៉ុន្តែលោកមិនចាប់អារម្មណ៍ និងយកដាក់ក្នុងចិត្តឡើយ។ នេះជាការអះអាងរបស់អ្នកចាត់ការវ័យ៤៨ឆ្នាំ មុនពេលសម្រក់ទឹកភ្នែកដើរចេញពីកៅអីសម្ភាសន៍។
 
បើតាមការផ្សាយរបស់កាសែត BBC លោក Solskjaer នឹងត្រឡប់ទៅប្រទេសកំណើតន័រវេស ដើម្បីចំណាយពេលជាមួយគ្រួសាររបស់លោក។ យ៉ាងណា លោកនឹងត្រឡប់ទៅធ្វើការនៅក្នុងវិស័យកីឡាបាល់ទាត់វិញក្នុងពេលឆាប់ៗ៕

Tag:
 Ole Gunnar Solskjaer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com