កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Hamilton បន្ថយគម្លាតនាំមុខរបស់ Verstappen មកត្រឹម៨ពិន្ទុ ខណៈការប្រណាំងសល់២លើកទៀត
22, Nov 2021 , 8:49 pm        
រូបភាព
ម្ចាស់ការពារជើងឯក Lewis Hamilton បន្តបន្ថយគម្លាតពិន្ទុពីគូប្រជែង Max Verstappen ក្រោយឈ្នះការប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Qatar Grand Prix នៅក្រុងដូហា ប្រទេសកាតា។ Verstappen ដែលបើកឱ្យក្រុម Red Bull នាំមុខ Hamilton របស់ក្រុម Mercedes ចំនួន៨ពិន្ទុ ខណៈការប្រណាំងសល់២ទីលានទៀត។


នាការប្រណាំងនៅទីលានទី២០នៅថ្ងៃទី២១ ខែវិច្ឆិកា ម្ចាស់ជើងឯក៧សម័យ ដែលបើកបរឱ្យក្រុម Mercedes បានទៅដល់ទីមុនគេដោយប្រើពេល ១ម៉ោង ២៤នាទី និង២៨វិនាទី តាមពីក្រោយដោយគូប្រជែង Verstappen ដែលបើកឱ្យក្រុម Red Bull។ Fernando Alonso របស់ Alpine Renault ដណ្តើមបានចចំណាត់ថ្នាក់ទី៣។
 
ជ័យជម្នះលើកទី៧ ក្នុងចំណោមការប្រណាំង២០ទីលានរដូវកាលនេះ បានជួយ Hamilton បន្ថយគម្លាតពិន្ទុនាំមុខរបស់គូប្រជែង Verstappen ពី១៤ មកត្រឹម៨ពិន្ទុវិញ។ ការប្រណាំ F1 រដូវកាល២០២១នេះ នៅសល់ពីរទីលានទៀតដែលត្រូវធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត និងអេមីរាតអារ៉ាប់រួម ដើម្បីកាត់សេចក្តីឈ្នះចាញ់រវាង Hamilton និង Verstappen។
 
Hamilton អ្នកប្រណាំងសញ្ញាតិអង់គ្លេស កំពុងព្យាយាមការពារជើងឯក និងស្វែងរកការគ្រងពាន F1 ជាលើកទី៨របស់ខ្លួន ស្របពេល Verstappen អ្នកប្រណាំហូឡង់ត្រូវប្រជែងដណ្តើមយកពានរង្វាន់កីឡាប្រណាំរថយន្តពិភពលោកជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។
 
ជ័យជម្នះនៅ Qatar Grand Prix បានធ្វើឱ្យ Hamilton កើនពិន្ទុដល់៣៤៣,៥ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុងតារាង F1 តាមពីក្រោយ Verstappen ដែលឈរលេខ១មាន៣៥១,៥ពិន្ទុ។
 
ដោយឡែក សម្រាប់ការប្រជែងគ្នាផ្នែកគ្រឿងម៉ាស៊ីនវិញ ក្រុម Red Bull បានបន្ថយគម្លាតពិន្ទុនាំមុខរបស់ក្រុម Mercedes វិញពី១១ពិន្ទុ មកត្រឹម៥ពិន្ទុវិញ។ Mercedes ឈរកំពូលតារាងមាន ៥៤៦,៥ ខណៈ Red Bull នៅលេខ២រកបាន ៥៤១,៥ពិន្ទុ៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com