កីឡាអន្តរជាតិ
អន្តរជាតិ
តាមរយៈប្រព័ន្ធវីដេអូ Peng Shuai ប្រាប់ទៅប្រធានអូឡាំពិកពិភពលោកថា «នាងមានសុវត្ថិភាព»
22, Nov 2021 , 10:59 pm        
រូបភាព
កីឡាការិនីវាយកូនបាល់របស់ចិន Peng Shuai បានខលជជែកគ្នា តាមរយៈវីដេអូជាមួយលោក Thomas Bach ប្រធានគណកម្មាធិកាអូឡាំពិកអន្តរជាតិ( IOC) កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ដោយនាងអះអាងថា រូបនាងកំពុងមានសុវត្ថិភាព និងស្ថិតក្រោមការមើលថែយ៉ាងល្អ។ ការអះអាងពីសុវត្ថិភាពរបស់កីឡាការិនីវាយកូនបាល់រូបនេះ ធ្វើឡើងក្រោយពីមានព័ត៌មានថា រូបនាង ត្រូវបានគេបង្ខំឱ្យរួមភេទ។



កីឡាការិនីវាយកូនបាល់ Peng Shuai ដែលស្ថិតក្នុងការប្រកួតពានរង្វាន់សម្រាប់ជួយដល់កុមារ បានលេចមុខជាសាធារណៈវិញ បន្ទាប់ពីបាត់មុខរយៈពេល៣សប្តាហ៍។ អវត្តមាន៣សប្តាហ៍ របស់កីឡាការិនីប្រទេសចិនរូបនេះ កើតឡើងក្រោយពេលរូបនាង បានបង្ហោះសារថា នាងត្រូវបានបង្ខំឲ្យរួមភេទ ពីសំណាក់អតីតមន្ត្រីជាន់ខ្ពស់ចិនម្នាក់។
 
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បានជជែកជាមួយកីឡាការិនី Peng ពីបញ្ហាសុវត្ថិភាពនិងការស្នាក់នៅរបស់នាង ប្រមាណជិត ៣០នាទី តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ លោក Thomas Bach ក៏បានអរគុណដល់គណកម្មាធិកាអូឡាំពិកប្រទេសចិនដែលបានជួយមើលថែពីសុវត្តិភាពរបស់ Peng Shuai ផងដែរ។
 
«នាងបានបកស្រាយថានាងពិតជាស្ថិតក្រោមសុវត្ថិភាពយ៉ាងល្អ នាងកំពុងស្ថិតនៅផ្ទះរបស់នាងផ្ទាល់នៅទីក្រុងប៉េកាំង ប៉ុន្តែយើងមិនបញ្ជាក់ថាជាទីកន្លែងណាឡើយ ព្រោះដើម្បីជាសុវត្ថិភាពនិងជាការគោរពសិទ្ធិឯកជនរបស់នាងនៅពេលនេះ។ នាងនៅតែបន្តការប្រកួតវាយកូនបាល់ដដែល ព្រោះនេះជាកីឡាមួយដែលនាងចូលចិត្តហើយស្រលាញ់បំផុត។» នេះបើតាមការលើកឡើងក្នុងសេចក្តីថ្លែងការណ៍គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ៕

Tag:
 Peng Shuai
 Tennis
© រក្សាសិទ្ធិដោយ thmeythmey.com