អន្តរជាតិ
លោក ស៊ី ប្រាប់មេដឹកនាំអាស៊ាន៖ ចិនមិនបំពានប្រទេសតូចជាងឡើយ
22, Nov 2021 , 5:56 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងមេដឹកនាំប្រទេសអាស៊ាន៩ នាពិធីរំឭកខួបទី៣០ កិច្ចសន្ទនាអាស៊ាន-ចិន។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងមេដឹកនាំប្រទេសអាស៊ាន៩ នាពិធីរំឭកខួបទី៣០ កិច្ចសន្ទនាអាស៊ាន-ចិន។ រូបថត Xinhua
ប្រធានាធិបតីចិន​ ស៊ី ជិនភីង នៅថ្ងៃទី២២ ខែវិច្ឆិកា បានជួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានចំនួន៩ ក្នុងពិធីរំឭកខួបទី៣០នៃកិច្ចសន្ទនាអាស៊ាន-ចិន។ ចំពោះមុខមេដឹកនាំអាស៊ាន លោក ស៊ី និយាយថា ចិនមិនដែលប៉ងវាតទីអ្វីឡើយ ហើយក៏មិនបំពានប្រទេសតូចជាងដែរ។ ប្រមុខរដ្ឋចិនរូប ក៏ប្រកាសជំហរចិនក្នុងការរក្សាទំនាក់ទំនងអ្នកជិតខាងល្អជាមួយអាស៊ាន ហើយត្រៀមផ្ដល់ជំនួយដល់អាស៊ានទៀតផង។

 
 
«ចិន នឹងមិនស្វែងរកអនុត្តរភាពឡើយ។ ចិនក៏មិនបំពានប្រទេសតូចជាងដែរ។» ប្រធានាធិបតីចិន ស៊ី ជិនភីង បញ្ជាក់បែបនេះទៅកាន់ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាននាជំនួបថ្ងៃទី២២ ខែវិច្ឆិកាដើម្បីអបអរខួបទី៣០ឆ្នាំនៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន។ វត្តមានលោក ស៊ី បង្ហាញពីជំហររបស់ចិនដែលនៅតែចាត់ទុកអាស៊ានជាដៃគូសំខាន់ ព្រោះកន្លងមករាល់ជំនួបជាមួយមេដឹកនាំអាស៊ាន នាយករដ្ឋមន្រ្តីចិនជាអ្នកចូលរួម។
 
នាជំនួបតាមអនឡាញនេះ គេមិនឃើញវត្តមានប្រមុខដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ដោយសមាជិកអាស៊ាននៅតែបន្តហាមឃាត់ឧត្តមសេនីយ៍រូបនេះដដែល។ នៅសប្ដាហ៍មុន​ ប្រេសិតពិសេសចិន Sun Guoxiang ធ្វើដំណើរទៅសមាជិកអាស៊ានបីប្រទេសដើម្បីបញ្ចុះបញ្ចូលឱ្យបើកទ្វារសម្រាប់លោក មីន អ៊ុងឡាំង តែអាស៊ានប្រកាន់ជំហររបស់ខ្លួនដដែល។​ មុនកិច្ចប្រជុំ អាស៊ាន និងចិនក៏ឯកភាពគ្នាឱ្យអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប៉េកាំង ចូលរួមជំនួស តែចុងក្រោយ កៅអីមីយ៉ាន់ម៉ាទំនេរដដែល។ 
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី ក៏ប្រាប់មេដឹកនាំអាស៊ានទៀតថា ចិន និងអាស៊ានត្រូវរួមគ្នាជំរុញការសន្ទនាជាជាងការប្រឈមមុខ ហើយបង្កើតដៃគូជាជាងសម្ព័ន្ធភាពតូចៗ។ ដោយមិននិយាយចំឈ្មោះអាម៉េរិក ប្រធានាធិបតីចិនរូបនេះ ក៏ស្នើឱ្យអាស៊ានចូលរួមដោះស្រាយបញ្ហាប្រឈមដែលធ្វើឱ្យប៉ះពាល់សន្តិភាព ស្ថិរភាពតំបន់ ព្រមទាំងលុបបំបាត់ការជ្រៀតជ្រែក។ លោកក៏ទទូចឱ្យភាគីទាំងពីរដើរតួជាអ្នកកសាង និងអ្នកការពារសនិ្តភាពតំបន់ផងដែរ។
 
«ចិន ជា និងតែងតែជាអ្នកជិតខាងល្អ មិត្តភក្តិល្អ និងដៃគូល្អរបស់អាស៊ាន។» ប្រមុខរដ្ឋចិនថ្លែងទៅកាន់បណ្ដាមេដឹកនាំអាស៊ានបែបនេះ មុនបន្តថា ចិនផ្ដល់អាទិភាពខ្ពស់ឱ្យអាស៊ានក្រោមគោលនយោបាយអ្នកជិតរបស់ខ្លួន ហើយបន្តគាំទ្រការកសាងសហគមន៍អាស៊ាន។
 
ជាមួយគ្នានេះ ប្រធានាធិបតីចិនបញ្ជាក់ដែរថា ចិនត្រៀមខ្លួ​នផ្ដល់ជំនួយអភិវឌ្ឍទំហំ១,៥ពាន់លានដុល្លារឱ្យអាស៊ាននៅរយៈពេល៣ឆ្នាំខាងមុខដើម្បីគាំទ្រអាស៊ានក្នុងការប្រឆាំងជំងឺកូវីដ-១៩ និងការងើបឡើងវិញ៕

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com