ជាតិ
សម្ដេច ហ៊ុន សែន៖ «ខ្ញុំលេងលោកឯងឱ្យចប់សិន ហើយដើម្បីខ្ញុំត្រួសត្រាយផ្លូវឱ្យក្មេងជំនាន់ក្រោយ»
23, Nov 2021 , 10:21 am        
រូបភាព
«ទុកឱ្យខ្ញុំលេងជាមួយពួកជ្រុលនិយម» នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលប្រកាសពីជំហរធ្វើនយោបាយរហូតដល់គ្រាចុងក្រោយ ដើម្បីទប់ទល់ជាមួយក្រុមប្រឆាំងរដ្ឋាភិបាល ជាពិសេសមេដឹកនាំគណបក្សប្រឆាំង ដែលជាដៃគូប្រជែងនយោបាយជាង២០មកនេះ។



សម្ដេច ហ៊ុន សែន បានប្រកាសបន្តលុបបំបាត់ភាពជ្រុលនិយម របស់មនុស្សមួយចំនួន ដែលប្រឆាំងរដ្ឋាភិបាល ក្រោមហេតុផលការពារសន្តិភាព។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី២៣ វិច្ឆិកា ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«អ៊ីចឹងទុកឱ្យលេងពួកជ្រុលនិយមនោះ ការពារសន្តិភាពនេះ ។ ហើយពួកជ្រុលនិយមខ្លះ ថា ហ៊ុន សែន ចាស់ហើយ បានខ្ញុំចាស់ ចុះអ្នកឯងអត់ចាស់ទេ? ស្មានតែខ្ញុំចាស់ លោកឯងអត់ចាស់ហ្អេ!...។ ខ្ញុំលេងលោកឯងឱ្យចប់សិន ហើយដើម្បីខ្ញុំត្រួសត្រាយផ្លូវឱ្យក្មេងជំនាន់ក្រោយ»។
 


ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្ដេច នឹងកាន់តំណែងនាយករដ្ឋមន្រ្តី ទាំងបច្ចុប្បន្ន និងទៅអនាគត ដរាបណាប្រជាពលរដ្ឋពលរដ្ឋ នៅតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសម្ដេច។ «ទោះបីអូសបន្លាយនៃអាណត្តរបស់ខ្ញុំ ស្រេចតែក្បាលចិត្តខ្ញុំ។ ឱ្យតែប្រជាជនបោះឆ្នោតឱ្យ ខ្ញុំធ្វើ(នាយករដ្ឋមន្ត្រី)រហូត»។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈ និងតម្លៃណាក៏ដោយ ក៏សម្តេចមិនឱនក្បាល ទទួលយកការគាបសង្កត់ ឬគំនាបពីប្រទេសណាមួយ ដែលនាំឱ្យអស្ថេរភាព និងអសន្តិសុខក្នុងប្រទេសឡើយ៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com