អន្តរជាតិ
របាយការណ៍៖ ចិន មានសមត្ថភាពបាញ់មីស៊ីលមួយផ្សេងចេញពីមីស៊ីលលឿនជាងសំឡេង
23, Nov 2021 , 7:29 pm        
រូបភាព
មីស៊ីលល្បឿនលឿន DF-17 របស់ចិនក្នុងពិធីដង្ហែកន្លងមក។ រូបថត Xinhua
មីស៊ីលល្បឿនលឿន DF-17 របស់ចិនក្នុងពិធីដង្ហែកន្លងមក។ រូបថត Xinhua
កាលពីខែកក្កដា ចិន បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដែលធ្វើឱ្យអាម៉េរិកភ្ញាក់ផ្អើលខ្លាំង។ រឹតតែភ្ញាក់ផ្អើលនោះ មីស៊ីលលឿនជាងសំឡេងនេះ បានបញ្ចេញមីស៊ីលមួយផ្សេងខណៈកំពុងហោះហើរក្នុងល្បឿនដ៏លឿន។ កាសែត The Financial Times និង The Wall Street Journal ចេញផ្សាយបែបនេះថ្ងៃទី២២ ខែវិច្ឆិកា។  ចំពោះបច្ចេកវិទ្យារបៀបចុងក្រោយនេះ អាម៉េរិក និង​រុស្ស៊ី​នៅមិន​ទា​ន់​មាន​នៅ​ឡើយ។

 
បើតា​មកាសែតទាំងពីរ ការបាញ់មីស៊ីលចេញពីមីស៊ីលល្បឿនលឿនជាងសំឡេង បង្ហាញពីភាពជឿន​លឿននៃការអភិវឌ្ឍរបស់ចិនក្នុងការផលិតអាវុធយុទ្ធសាស្ត្រ និងអាវុធនុយក្លេអ៊ែររបស់ចិនដែលលើស​ពីការរំពឹងទុករបស់គូប្រទេស។ សូម្បីមន្ត្រីមន្ទីរបញ្ចកោណក៏បានភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាពរបស់​ចិន​ក្នុងការបង្កើតអាវុធបច្ចេកវិទ្យាទំនើបនេះផងដែរ។
 
កាសែត The Financial Times ដែលរាយការណ៍ពីការសាកល្បងនេះនៅចុងសប្ដាហ៍មុន សរសេរថា អ្នកជំនាញយោធាអាម៉េរិក កំពុងតែសិក្សាអំពីរបៀបដែលចិនអាច​ទទួលបានបច្ចេកវិទ្យាដ៏​ជឿនលឿន​មួយនេះ។ កាសែត The Wall Street Journal ក៏បានបញ្ជាក់ពីការសាកល្បងនេះដែរនៅថ្ងៃទី២២ ខែវិច្ឆិកា។
​​
ក្នុងការតេស្តនេះ មីស៊ីលល្បឿន​លឿន​ជាង​សំឡេង បាន​បញ្ចេញ​មីស៊ីលដោយ​ឡែក​មួយ​​ទៀត បាញ់​ចេញ​ទៅគោលដៅឆ្ងាយមួយ ហើយធ្លាក់​ចូល​សមុទ្រចិន​ខាង​ត្បូង​ដោយ​មិនមានបង្កគ្រោះថ្នាក់​អ្វី​ឡើយ​។ មីស៊ីលខាងក្នុងត្រូវបានបាញ់បញ្ចេញនៅពេល​ដែលមីស៊ីលល្បឿនលឿនជាងសំឡេង​ដែលផ្ទុក​មីស៊ីលនោះ កំពុងហោះក្នុងល្បឿនលើស៦,១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។
 
ចំពោះសក្តានុពល​របស់មីស៊ីល​ដែលត្រូវ​បាន​បញ្ចេញ​នោះ​មិន​ទាន់មានការបញ្ជាក់ច្បាស់​ថា​យ៉ាង​ណា​នោះទេ។ ប៉ុន្តែមីស៊ីល​នេះអាច​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​គោលដៅសត្រូវ ឬ​គេចពីប្រព័ន្ធការ​ពារ​របស់​សត្រូវ​។
 
គួរបញ្ជាក់ថា ទាំងអាម៉េរិក ទាំងរុស្ស៊ីមិនទាន់មានសមត្ថភាពដូចចិននោះទេសម្រាប់ការបាញ់មីស៊ីលមួយចេញពីមីស៊ីលលឿនជាងសំឡេងបែបនេះ។ បច្ចេកវិទ្យាមីស៊ីលខាងលើនេះអាចធ្វើឱ្យចិន​នាំមុខ​គូប្រជែងនៅក្នុងការប្រណាំងអាវុធលឿនជាងសំឡេង។ ឧត្តមសេនីយ៍ John Hyten ប្រាប់ទូរទស្សន៍ CBS កាលពីសប្ដាហ៍មុន ការសាកល្បងរបស់ចិនក្នុងខែកក្កដា និងនៅបីសប្ដាហ៍មុននេះ គួរតែជាសញ្ញាបន្ទាន់សម្រាប់អាម៉េរិក៕

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com