ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតចិន៖«ទ័ពកម្ពុជា-ចិន ប្រៀបដូចជាដៃជើង»
23, Nov 2021 , 5:59 pm        
រូបភាព
កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធជាមួយគ្នា កាលពីឆ្នាំ២០២០ នៅស្រុកជុំគិរី ខេត្តកំពត។ រូបពីក្រសួងការពារជាតិកម្ពុជា
កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធជាមួយគ្នា កាលពីឆ្នាំ២០២០ នៅស្រុកជុំគិរី ខេត្តកំពត។ រូបពីក្រសួងការពារជាតិកម្ពុជា
ដោយ: ថ្មីៗ
ក្នុងពិធីប្រគល់សម្ភារៈទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ ដែលជាជំនួយរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មិននិយាយត្រឹមតែពីការទប់ស្កាត់ជំងឺកូវីដ-១៩នោះទេ តែក៏និយាយពីភាពរឹងមាំនៃមិត្តភាពរវាងកម្ពុជា-ចិន និងរវាងកងទ័ពប្រទេសទាំង២ដែរ។



លោក វ៉ាង វិនធាន លើកឡើងថា ចិន ក្រោមការដឹកនាំងពីលោកប្រធានាធិបតី ស៊ី ជិនពីង ហើយកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កងទ័ពកម្ពុជា-ចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានបោះជំហានថ្មីមួយទៀតលើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជា លំហាត់យោធា វគ្គបណ្ដុះបណ្ដាលយោធា និង ទំនាក់ទំនងចម្រុះយោធា ជាដើម។ លោក មានប្រសាសន៍៖«កងទ័ពទាំង២ជាបងប្អូនដែកថែប ស្គាល់ចិត្តគ្នាទៅវិញទៅមក និង មានចំណងមិត្តភាពប្រៀបដូចដៃនិងជើង។»
 
ម្តេច ទៀ បាញ់ (ស្ថិតក្នុងឯកសណ្ឋានកងទ័ព) និងលោក វ៉ាង វិនធាន ធ្វើសន្និសីទកាសែតរួមគ្នាក្នុងពិធីប្រគល់-ទទួលសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ នៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
 
ប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូតចិន ក្នុងពិធីប្រគល់សម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានអ្នកបកប្រែ បកប្រែជាភាសាខ្មែរ។ ប្រសាសន៍របស់លោក ក៏ត្រូវបានសរសេរជាអត្ថបទផ្លូវការជាភាសាខ្មែរដែរ (សុទ្ទរកថា)។ 
 
លោក មើលឃើញថា ដ្បិតជំងឺកូវីដ-១៩លើសាកលលោក នៅតែបន្តមាន សន្តិភាព-ស្ថិរភាពលើពិភពលោក និងតាមតំបន់ នៅតែមានបញ្ហាប្រឈមជាច្រើនក្តី តែកងទ័ពកម្ពុជា-ចិន នៅតែគាំទ្រគ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គជាមួយគ្នា ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំ លើកកម្ពស់សមត្ថភាពការពារសុវត្ថិភាពជាតិ ការពារអធិបតេយ្យភាព និង បម្រើប្រជាជន។ 
 
លោក សង្កត់ធ្ងន់ថា៖«ខ្ញុំ សូមលើកឡើងជាពិសេសថា កិច្ចសហប្រតិបត្តិការ ដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងកងទ័ពទាំង២ មិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅបានឡើយ។ យើង ប្រឆាំងដាច់ខាតចំពោះទង្វើប្រើអំណាច ដែលយកសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីធ្វើយុត្តាធិការហួសព្រំដែន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។»
 
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ បានថ្លែងថា កម្ពុជា អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនក្នុងចំនួនដ៏ខ្ពស់ និងបានបើកប្រទេសឡើងវិញ គឺដោយសារមានការជួយឧបត្ថម្ភពីរដ្ឋាភិបាលចិន រួមមានទាំងការជួយឧបត្ថម្ភរបស់កងទ័ពចិន មកដល់កងទ័ពកម្ពុជាផងដែរ។ ស្ថិតក្នុងពិធីខាងលើជាមួយឯកអគ្គរដ្ឋទូតចិន សម្តេចរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានអរគុណចិន ដែលតែងលើកកម្ពស់សមត្ថភាពបច្ចេកទេសលើគ្រប់វិស័យដល់កងទ័ពកម្ពុជា និងបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាកន្លងមក។  
 
លោក វ៉ាង វិនធាន រំលេចថា ក្រោយពីផ្ទុះជំងឺកូវីដ-១៩ ប្រទេស និងកងទ័ពប្រទេសទាំង២ តែងជួយគ្នា និងបានផ្តល់អំណោយជាសម្ភារៈទប់ស្កាត់ជំងឺកូវីដ-១៩ទៅវិញទៅមកជាច្រើនលើក។ លោក បន្តថា ចិន បានបញ្ជូនកងទ័ពជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា ដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងបានផ្តល់ជំនួយជាវ៉ាក់សាំង និងជាសម្ភារៈទប់ស្កាត់ជំងឺជំងឺកូវីដ-១៩ ដល់កម្ពុជា។  
 
មេដឹកនាំកម្ពុជា-ចិន ត្រូវគេមើលឃើញថា មានទំនាក់ទំនងល្អជាមួយគ្នា។ យ៉ាងណា មជ្ឈដ្ឋានខ្លះ យល់ថា កម្ពុជា ស្ថិតក្រោមឥទ្ធិពលរបស់ចិន។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា រងការសង្ស័យពីបរទេសមួយចំនួន ដោយមានទាំងអាម៉េរិកផង ថាអនុញ្ញាតឲ្យចិន បង្កើតមូលដ្ឋានទ័ពជើងទឹកនៅកំពង់ផែរាម ខេត្តព្រះសីហនុ។ រដ្ឋាភិបាលកម្ពុជា តែងបកស្រាយថា កម្ពុជា មិនស្ថិតក្រោមឥទ្ធិពលចិនឡើយ ពោសគឺ រាប់អានគ្នាដោយស្មើមុខស្មើមាត់ ហើយចំពោះការចោទប្រកាន់ថា មានមូលដ្ឋានកងទ័ពជើងទឹកចិននៅកម្ពុជា ត្រូវរដ្ឋាភិបាលកម្ពុជា បានបដិសេធមិនតិចដងនោះទេ៕ 

Tag:
 កម្ពុជា-ចិន
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com