អន្តរជាតិ
កម្ពុជា ថៃ សិង្ហបុរី គ្មានឈ្មោះក្នុងបញ្ជីដែលអាម៉េរិកអញ្ជើញសម្រាប់ជំនួបប្រជាធិបតេយ្យខែក្រោយ
24, Nov 2021 , 10:54 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
កម្ពុជា ថៃ និងសិង្ហបុរី មិនមានឈ្មោះក្នុងបញ្ជីប្រទេសដែលត្រូវអាម៉េរិកអញ្ជើញសម្រាប់ជំនួបកំពូលដើម្បីប្រជាធិបតេយ្យនៅខែក្រោយឡើយ។ ប្រទេសចំនួន១០៩ ស្ថិតក្នុងបញ្ជីដែលផ្សាយដោយក្រសួងការបរទេសអាម៉េរិក។

 
 
ជំនួបកំពូលដើម្បីប្រជាធិបតេយ្យ នឹងត្រូវរៀបចំនៅថ្ងៃទី៩ និងទី១០ ខែធ្នូខាងមុខ។ ជំនួបតាមអនឡាញនេះ ជាផ្នែកមួយនៃគោលនយោបាយរបស់ប្រធានាធិបតី ចូ បៃឌិន ក្នុងការវិលត្រឡប់ចូលកិច្ចការពិភពលោកឡើងវិញរបស់អាម៉េរិកដើម្បីទប់ទល់ការកើនឡើងនិន្នាការរបបផ្ដាច់ការនៅលើពិភពលោក។
 
បើតាមបញ្ជីរបស់ក្រសួងការបរទេសអាម៉េរិក នៅអាស៊ីអាគ្នេយ៍ ប្រទេសដែលត្រូវបានអញ្ជើញមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងទីម័រខាងកើត។ កម្ពុជា សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា មិនមានឈ្មោះបញ្ជីនេះឡើយ។ ឡាវ និងវៀតណាម ជារដ្ឋកាន់លទ្ធិកុម្មុយនីស្ត ដែលជាស្វ័យប្រវត្តិ ក៏នឹងមិនមានឈ្មោះដែរ ព្រមគ្នានឹងព្រុយណេដែលជារាជាណាចក្រមានស្ដេចគ្រប់គ្រងអំណាច។
 
នៅតំបន់អាស៊ី តៃវ៉ាន់ ដែលមិនមានជាសមាជិកអង្គការសហប្រជាជាតិ ក៏ត្រូវបានអញ្ជើញដែរ។ ជប៉ុន និងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាម៉េរិក មានឈ្មោះក្នុងចំណោមភាគីដែលត្រូវបានអញ្ជើញដូចគ្នា។ ប៉ាគីស្ថាន និងឥណ្ឌា ដែលត្រូវបានមើលឃើញថា មាននិន្នាការប្រជាធិបតេយ្យថយក្រោយ មានឈ្មោះក្នុងបញ្ជីក្រសួងការបរទេសអាម៉េរិកទាំងអស់។
 
ពីមជ្ឈិមបូព៌ា អ៊ីស្រាអែល និងអ៊ីរ៉ាក់ ជាប្រទេសពីរដែលត្រូវបានអញ្ជើញ។ ដៃគូសំខាន់ៗរបស់អាម៉េរិកមានអេហ្ស៊ីប និងតួកគី មិនត្រូវបានអញ្ជើញឡើយ។ ប្រទេសប៉ែកអឺរ៉ុប និងក្រុមលោកខាងលិចស្ទើរទាំងអស់ ត្រូវបានរដ្ឋបាលលោក បៃឌិន អញ្ជើញ។ សម្រាប់តំបន់អាហ្វ្រិក ប្រទេសចំនួន១៧ ត្រូវបានអញ្ជើញ។
 
បើតាមរបាយការណ៍ Freedom House ឆ្នាំ២០២១ ក្នុងចំណោមប្រទេស និងតំបន់ដែលត្រូវបានអញ្ជើញ ៧១មានចំណាត់ថ្នាក់ប្រជាធិបតេយ្យពេញលេញ, ៣១មានចំណាត់ថ្នាក់ប្រជាធិបតេយ្យមិនពេញលេញ និង៣ទៀតមិនប្រជាធិបតេយ្យមានអ៊ីរ៉ាក់ អង់ហ្គោឡា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

Tag:
 អាម៉េរិក
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com