ជាតិ
សង្គមជាតិ
ជនល្មើស ផ្តល់ចម្លើយជុំវិញការសម្លាប់លោក ស៊ិន ខុន សកម្មជនប្រឆាំង
24, Nov 2021 , 1:40 pm        
រូបភាព
ជនល្មើស ផ្តល់ចម្លើយដល់សមត្ថកិច្ច (រូបពីវីដេអូលើទំព័រហ្វេសប៊ុក Phnom Penh Gendarmerie)
ជនល្មើស ផ្តល់ចម្លើយដល់សមត្ថកិច្ច (រូបពីវីដេអូលើទំព័រហ្វេសប៊ុក Phnom Penh Gendarmerie)
បុរសឈ្មោះ សៀង ឆរ័ត្ន ជាជនដៃដល់ ដែលសម្លាប់បុរសឈ្មោះ ស៊ិន ខុន សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវសមត្ថកិច្ច ចាប់បានហើយ។ សមត្ថកិច្ច បានឲ្យជនដៃដល់ រៀបរាប់លម្អិតពីដំណើរដើមទងនៃការប្រព្រឹត្តអំពើឃាតកម្មនេះ។



បុរសឈ្មោះ សៀង ឆរ័ត្ន គឺជាជាងសំណង់។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតក្នុងអំឡុងពិធីបុណ្យអំទូក បុរសឈ្មោះ សៀង ឆរ័ត្ន បានទំនេរពីការងារជាជាងសំណង់ ហើយបានទៅកន្លែងជាងម៉ូតូរបស់ប្អូន នៅមុខខ្លោងទ្វារវត្តពោធិយារាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្អូនរបស់បុរសឈ្មោះ សៀង ឆរ័ត្ន គឺជាជាងម៉ូតូ។ បុរសឈ្មោះ សៀង ឆរ័ត្ន ទៅកន្លែងជាងម៉ូតូរបស់ប្អូន គឺដើម្បីជួយប្អូន ក្នុងករណីមានម៉ូតូច្រើន ដែលគេយកទៅធ្វើ ហើយប្អូន មិនអាចធ្វើទាន់។

រហូតដល់ម៉ោងប្រមាណ៩យប់ បុរសឈ្មោះ ស៊ិន ខុន ក៏មកតែម្នាក់ឯង និងបានទៅសួររកកូនសោពីជាងម៉ូតូ ដែលជាប្អូនរបស់បុរសឈ្មោះ សៀង ឆរ័ត្ន ដើម្បីចាក់ចូលវត្ត។ ពីមុន ជាងម៉ូតូនោះ ពិតជាធ្លាប់មានកូនសោមែន តែក្រោយមកក៏លែងមានវិញ។ ទោះជាងម៉ូតូ និងបងប្រុស ប្រាប់ច្រើនដងថា លែងមានកូនសោក្តី តែបុរសឈ្មោះ ស៊ិន ខុន នៅតែសួររកដដែលៗ។

មួយសន្ទុះក្រោយមក មានមនុស្ស២-៣នាក់ ជាគ្នារបស់បុរសឈ្មោះ ស៊ិន ខុន បានទៅចាក់សោចូលក្នុងវត្ត តែបុរសឈ្មោះ ស៊ិន ខុន នៅតែមិនព្រមចូលក្នុងវត្ត ដោយនៅតែបន្តសួររកកូនសោពីជាងម៉ូតូ។ បុរសឈ្មោះ ស៊ិន ខុន ក៏បានថតជាវីដេអូថែមទៀត ហើយបុរសឈ្មោះ សៀង ឆរ័ត្ន បានទាញទូរស័ព្ទរបស់បុរសឈ្មោះ ស៊ិន ខុន រួចហុចទៅឲ្យជាងម៉ូតូជាប្អូន ដើម្បីលុបវីដេអូនោះចេញ។

បន្ទាប់មក បុរសឈ្មោះ សៀង ឆរ័ត្ន បានចាកចេញពីកន្លែងជាងម៉ូតូរបស់ប្អូន ដើម្បីទៅរកមិត្តភក្តិ។ នៅពេលបានត្រឡប់មកដល់កន្លែងជាងម៉ូតូវិញ បុរសឈ្មោះ សៀង ឆរ័ត្ន នៅតែឃើញបុរសឈ្មោះ ស៊ិន ខុន បន្តរករឿងប្អូនខ្លួន និងបន្តសួររកកូនសោ។ បុរសឈ្មោះ សៀង ឆរ័ត្ន  ទ្រាំលែងបាន ក៏បានជិះម៉ូតូទៅយកកាំបិតពីផ្ទះមិត្តភក្តិនៅជិតវត្តចាស់។ ការទៅយកកាំបិតនោះ មិត្តភក្តិជាម្ចាស់ផ្ទះ ពុំបានដឹងឡើយ។

បុរសឈ្មោះ សៀង ឆរ័ត្ន និយាយថា៖«ខ្ញុំ គិតក្នុងចិត្តថា បើមក អត់ឃើញវា និយាយជាមួយប្អូនខ្ញុំទេ វា ដើរទៅណាផ្សេង ខ្ញុំ អត់ធ្វើអីវាទេ។ តែមកដល់ ខ្ញុំ ឃើញវា កំពុងនិយាយជាមួយប្អូនខ្ញុំ ដដែល។ ប្អូនខ្ញុំ នៅតែបកស្រាយ វា កាន់តែកៀកប្អូនខ្ញុំ ប្អូនខ្ញុំ កាន់តែថយ ខ្ញុំ ទ្រាំលែងបាន ខ្ញុំ ក៏បានលើកដៃកាប់វាទៅ»។

បុរសឈ្មោះ សៀង ឆរ័ត្ន បានកាប់២កាំបិតលើបុរសឈ្មោះ ស៊ិន ខុន ដោយត្រូវស្មា១កាំបិត និងត្រូវជើង១កាំបិត។ បុរសឈ្មោះ ស៊ិន ខុន ប្រឹងរត់គេចខ្លួនចេញពីមុខវត្តចាស់។ បុរសឈ្មោះ សៀង ឆរ័ត្ន បានរត់តាមបុរសឈ្មោះ ស៊ិន ខុន រហូតដល់បុរសឈ្មោះ ស៊ិន ខុន ដួល បុរសឈ្មោះ សៀង ឆរ័ត្ន ក៏បានកាប់២កាំបិតថែមទៀតលើបុរសឈ្មោះ ស៊ិន ខុន។ បុរសឈ្មោះ សៀង ឆរ័ត្ន ពុំបានដឹងថា បុរសឈ្មោះ ស៊ិន ខុន បាត់បង់ជីវិតនោះទេ។ ក្រោយដឹងថា បុរសឈ្មោះ ស៊ិន ខុន បាត់បង់ជីវិតដោយសារខ្លួន បុរសឈ្មោះ សៀង ឆរ័ត្ន ក៏រត់ទៅលាក់ខ្លួននៅស្រុកកំណើតនៅខេត្តព្រៃវែង។ 

បុរសឈ្មោះ សៀង ឆរ័ត្ន ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារម្តងរួចមកហើយ គឺជាប់១ឆ្នាំ ក្នុងឆ្នាំ២០១៩ និងចេញវិញនៅឆ្នាំ២០២០ ក្រោមបទលួចម៉ូតូកង់បី (PassApp)។

សម្តីទាំងអស់ខាងលើនេះ គឺជាចម្លើយសារភាពរបស់បុរសឈ្មោះ សៀង ឆរ័ត្ន ដែលមានអាយុ២៩ឆ្នាំ។ វីដេអូអំពីការសារភាពរបស់បុរសឈ្មោះ សៀង ឆរ័ត្ន ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ព័ត៌មានលើទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ច កំពុងកសាងសំណុំរឿងអំពីឃាតកម្មនេះ ដើម្បីបញ្ជូនទៅតុលាការ។

អំពើឃាតកម្មនេះ កើតឡើងនៅម៉ោងប្រមាណ២យប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបុរសឈ្មោះ សៀង ឆរ័ត្ន ប្រើកាំបិតផ្គាក់ កាប់សម្លាប់បុរសឈ្មោះ ស៊ិន ខុន។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សរសេរលើទំព័រហ្វេសប៊ុកថា លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាពីក្រោយឲ្យតាមចាប់បុរសឈ្មោះ សៀង ឆរ័ត្ន ជាជនល្មើស។ បុរសឈ្មោះ សៀង ឆរ័ត្ន ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។


បុរសឈ្មោះ សៀង ឆរ័ត្ន ជាមួយកាំបិតផ្គាក់ ដែលខ្លួនប្រើក្នុងការកាប់សម្លាប់បុរសឈ្មោះ ស៊ិន ខុន ត្រូវបាននាំទៅសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោក ស៊ិន ខុន អាយុ៣១ឆ្នាំ ត្រូវគេស្គាល់ថា ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ហើយបើទោះបីជាអតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានរំលាយចោលតាំងពីចុងឆ្នាំ២០១៧មកក្តី ក៏លោក នៅតែបង្ហាញសកម្មភាពគាំទ្រ។ អ្នក ដែលស្គាល់លោក បានបង្ហោះលើបណ្តាញសង្គមថា លោក គឺជាកូនអ្នកក្រីក្រនៅខេត្តតាកែវ និងបានប្រឹងប្រែងរៀនសូត្រ រហូតដល់ដល់ថ្នាក់បណ្ឌិត។ ខណៈកំពុងបន្តការសិក្សាថ្នាក់បណ្ឌិត ដោយស្នាក់នៅជាមួយព្រះសង្ឃក្នុងវត្តចាស់ លោក ក៏ត្រូវបាត់បង់ជីវិតក្នុងអំពើឃាតកម្ម។ មន្រ្តីអតីតគណបក្សប្រឆាំង និងអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ សរសើរលោកថា តែងចូលរួមឈឺឆ្អាលនឹងកិច្ចការសង្គម និងបានសម្តែងក្តីអាណិតយ៉ាងខ្លាំងចំពោះលោក ដែលត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធ័មបែបនេះ៕

Tag:
 ស៊ិន ខុន
  សកម្មជនប្រឆាំង
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com