កីឡាអន្តរជាតិ
អន្តរជាតិ
កាសែតចិន Global Times៖ ក្រុម​ប្រឆាំង​ចិន​ កំពុង​អុកឡុក​​មុន​ព្រឹត្តិការណ៍​អូឡាំពិក​​ប៉េកាំង
24, Nov 2021 , 8:29 pm        
រូបភាព
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ នឹងក្លាយជាការពិសោធសម្រាប់ប្រទេសចិន ដើម្បីបញ្ជាក់ថាពួកគេបានក្លាយជាមហាអំណាចចាស់ទុំមួយ។ កាសែតរដ្ឋចិន Global Times លើកឡើងដូច្នេះថ្ងៃទី២៣ ខែវិច្ឆិកា ខណៈកាសែតដែលគាំទ្រដោយរដ្ឋចិនមួយនេះចោទ ថាកងកម្លាំងប្រឆាំងចិនកំពុងព្យាយាមបង្កចលាចលអំឡុងពេលប្រកួត។



ការលើកឡើងរបស់កាសែត Global Times ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ បៃឌិនពិចារណាលើការធ្វើពហិការការទូតនៅអូឡាំពិករដូវរងាក្នុងខែកុម្ភៈ ដើម្បីប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញរបស់ចិនលើជនជាតិភាគតិចនៅស៊ីនជាំង។ Global Times ថាអាម៉េរិកធ្វើនេះមិនសក្តិសមចំពោះប្រទេសចិន និងកាន់តែធ្វើឱ្យពិភពលោកគិត​អវិជ្ជមានលើ​ចិនថែមទៀត។
 
«ជម្លោះមនោគមវិជ្ជារវាងចិន និងបស្ចិមប្រទេសនឹងកើនឡើងនៅមុនព្រឹត្តិការណ៍កីឡាអូឡាំ ប៉េកាំងឆ្នាំ ២០២២ ខណៈក្រុមប្រឆាំងចិននឹងព្រួតគ្នាដើម្បីបង្កើតបញ្ហាឱ្យចិន»។ នេះជាការអះអាងរបស់ Global Times។
 
កាសែតគ្រប់គ្រងដោយរដ្ឋចិនមួយនេះបន្ថែមទៀតថា បើទោះបីមានក្រុមបង្កចលាចលយ៉ាងនេះក្តី ប៉ុន្តែព្រឹត្តិការណ៍លំដាប់ពិភពលោកនឹងក្លាយជាការសាកល្បងសមត្ថភាពរបស់ចិនក្នុងការឆ្លើយតបទៅនឹងវិបត្តិផ្សេងៗដែលចិនធ្លាប់បានរងការចោទប្រកាន់ និងជាកត្តាជំរុញប្រទេសចិនក្លាយជាមហាអំណាចដ៏ចាស់ទុំមួយលើលោក៕

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com