កីឡាអន្តរជាតិ
អន្តរជាតិ
Carrick ថាជ័យជម្នះលើ Villarreal ជាការជួយបង្កើនកម្លាំងចិត្តដល់កីឡាករ
24, Nov 2021 , 4:20 pm        
រូបភាព
Michael Carrick អ្នកដឹកនាំក្រុមបិសាចក្រហម Manchester United បណ្ណោះអាសន្ន បាននិយាយថា កីឡាករខ្លួន កំពុងតែស្រែកឃ្លានជ័យជម្នះបន្តទៀតក្រោយឈ្នះ Villarreal ២-០។


 
Manchester United ឡើងទៅកាន់វគ្គ១៦ក្រុមស្វ័យប្រវត្តិនៃ UEFA Champions League ២០២១-២២ យប់ថ្ងៃទី២៤ ខែវិច្ឆិកា ដោយមាន ១០ពិន្ទុ លេខ១ពូល F។ នេះជាការប្រកួត ដែលបិសាចក្រហមបានរកជ័យជម្នះឡើងវិញ ក្នុងចំណោម ៤ ប្រកួតចុងក្រោយនាគ្រប់កម្មវិធីប្រកួត បន្ទាប់ពីលោក Ole Gunnar Solskjaer ដែលទើបចែកផ្លូវជាមួយក្រុម។ 
 
«យប់នេះមិនមែនជាការប្រឹងប្រែងរបស់ខ្ញុំឡើយ ព្រោះខ្ញុំមានភាពទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំទើបខ្ញុំនៅទីនេះ និងដឹកនាំក្រុមទទួលបានមោទនភាពយ៉ាងអស្ចារ្យ។ កាលពីប៉ុន្មានថ្ងៃមុនលោក Ed Woodward បានស្នើឲ្យខ្ញុំដឹកនាំជំនួសលោក Ole ហើយខ្ញុំទទួលបានជ័យជម្នះប្រកួតនេះ កីឡាករមានភាពកក់ក្តៅនិងកម្លាំងចិត្តខ្លាំងក្លាណាស់ពេលនេះ។» Carrick និយាយបែបនេះក្នុងសន្និសីទព័ត៌មានក្រោយចប់ការប្រកួត។
 
មកដល់ពេលនេះក្រុមបិសាចក្រហមទទួលបានកៅអីស្វ័យប្រវត្តិវគ្គ១៦ ក្រុម UEFA Champions league ស្របពេលដែលពួកគេកំពុងស្ថិតនៅលេខ៨ ក្នុងតារាង Premier League ដែលមានតែ១៧ពិន្ទុ ហើយការប្រកួតបន្ទាប់បិសាចក្រហមត្រូវជួបតោកំណាច Chelsea នាថ្ងៃទី ២៨ ខាងមុខនេះ៕

Tag:
 Michael Carrick
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com