កីឡាអន្តរជាតិ
អន្តរជាតិ
ការ​សិក្សា៖ រៀប World Cup ២ឆ្នាំម្តង ​នឹងធ្វើឱ្យលីគបាត់ចំណូល១ឆ្នាំ ៩ពាន់លានដុល្លារ
24, Nov 2021 , 10:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់គម្រោងប្តូរកាលប្រកួត FIFA World Cup ទៅរៀងរាល់២ឆ្នាំម្តង។ ការសិក្សាមួយបង្ហាញថា គម្រោងនេះនឹងធ្វើឱ្យក្លិបក្នុងលីគបាល់ទាត់ធំៗ រួមទាំងសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ផង បាត់ចំណូលរហូត​ ៩ ពាន់លានដុល្លារក្នុងមួយរដូវកាល ដោយសារសិទ្ធិផ្សាយតាមទូរទស្សន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។



តាមរយៈការព្យាករណ៍របស់ក្រុមហ៊ុន KPMG និង FTI's Delta Partners បង្ហាញថា មិនត្រឹមតែកាត់បន្ថយប្រាក់ចំណូលរបស់ក្លិបប៉ុណ្ណោះទេ តែគម្រោងផ្លាស់ប្តូរបែបនេះនឹងប៉ះពាល់ដល់អារម្មណ៍របស់អ្នកទស្សនាទាំងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ក្របខណ្ឌអឺរ៉ុប និងប្រកួតលីគ។
 
World Cup ប្តូរទៅធ្វើរៀងរាល់២ឆ្នាំម្តង នឹងធ្វើឱ្យការប្រកួតអន្តរជាតិញឹកញាប់ជាងមុន ហើយការប្រកួតប្រជែងក្នុងលីគត្រូវប្តូរទៅថ្ងៃធ្វើការច្រើនជាងមុន ដែលបណ្តាលឱ្យអ្នកគាំទ្រមួយចំនួនបាត់វត្តមាន។
 
ការផ្លាស់ប្តូរនេះ ក៏នឹងកាត់បន្ថយចំណាប់អារម្មណ៍របស់អ្នកផ្សាយពាណិជ្ជកម្មលើកីឡាបាល់ទាត់ក្នុងស្រុក និងធ្វើឱ្យមានភាពតានតឹងដល់កីឡាករ ដែលនាំឱ្យទម្រង់លេងរបស់ពួកគេកាន់តែអន់ថយបន្តិចម្តងៗ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហ៊ុន KPMG និង FTI's Delta Partners បញ្ជាក់ថាគម្រោងរបស់ FIFA នឹងធ្វើឱ្យលីគបាត់ចំណូលពីការលក់សិទ្ធិផ្សាយតាមទូរទស្សន៍ បាត់ចំណូលពីការប្រកួត និងការផ្សាយពាណិជ្ជកម្មក្នុងចំនួនដ៏ច្រើន៩ពាន់លានដុល្លារក្នុងរយៈពេលមួយឆ្នាំៗ។
 
លោក Gianni Infantino ប្រធាន FIFA បាននិយាយកាលពីខែតុលាថា ស្ថាប័នលោកកំពុងពិភាក្សាអំពីការរៀបចំការប្រកួតបាល់ទាត់ពិភពលោករៀងរាល់ពីរឆ្នាំម្តង ជំនួសឱ្យការធ្វើ ៤ ម្តងដូចបច្ចុប្បន្ន។
 
លោក Arsene Wenger អតីតអ្នកចាត់ការ Arsenal ដែលសព្វថ្ងៃជាប្រធានផ្នែកអភិវឌ្ឍន៍របស់ FIFA និងជាអ្នកផ្តួចផ្តើមគំនិតផ្លាស់ប្តូរកាលប្រកួត World Cup នេះឡើង បានស្នើកាត់បន្ថយចំនួនការសម្រាកប្រកួតអន្តរជាតិនៅវគ្គជម្រុះ។ បុរសសញ្ជាតិបារាំងរូបនេះ ចង់រៀប World Cup ក្នុងឆ្នាំឆ្លាស់គ្នាជាមួយនឹងការប្រកួត Euro និង Copa America។ នេះបានន័យថា Euro រួច World Cup ហើយ Copa America វិលជុំតែម្តង៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com