ជាតិ
លោក ហ៊ុន ម៉ានី៖ ជំនួបថ្នាក់ដឹកនាំវ័យក្មេងអាស៊ី-អឺរ៉ុប ជាវេទិកាដ៏មានឥទ្ធិពលមួយនៃតំបន់ទាំងពីរ
24, Nov 2021 , 9:01 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា រៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ដោយសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប រយៈពេល៥ថ្ងៃ។ លោក ហ៊ុន ម៉ានី ប្រធានក្រុមបឹក្សាយុវជនអាស៊ី ចាត់ទុកកម្មវិធីនេះ ជាវេទិកាផ្សាភ្ជាប់អ្នកដឹកនាំវ័យក្មេង នៃតំបន់អាស៊ី-អឺរ៉ុប។

 
កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ រៀបចំឡើងចាប់ពីថ្ងៃទី២២ ដល់ទី២៦ ខែវិច្ឆិកា ដែលរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងមូលនិធិអាស៊ី-អឺរ៉ុប។ ជំនួបថ្នាក់ដឹកនាំវ័យក្មេងនេះ ជាកម្មវិធីអមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


 
ថ្លែងក្នុងកិច្ចប្រជុំ លោក ហ៊ុន ម៉ានី ប្រធានក្រុមបឹក្សាយុវជនអាស៊ី និងជាប្រធាន សសយក បានលើកឡើងថា កិច្ចប្រជុំនេះ បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ លើសាមគ្គីភាពរបស់យុវជនក្នុងតំបន់ និងបណ្តាយុវជនលើសកលលោក។
 
«វាក៏ជាវេទិកាដ៏មានឥទ្ធិពលមួយដើម្បីផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេងនៃតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបន្តរួមគ្នាដោះស្រាយវិបត្តិដែលនានាដែលបាន និងកំពុងកើតឡើង ជាពិសេស រួមគ្នាដោះស្រាយបញ្ហានានាក្នុងបរិបទក្រោយការរីករាលដាលជំងឺកូវីដ១៩»។ លោក ម៉ានី បញ្ជាក់បែបនេះទៅកាន់យុវជនអាស៊ី និងអឺរ៉ុប។
 
លោក សង្ឃឹមថា អ្នកដឹកនាំយុវជនវ័យក្មេងទាំងអស់ នឹងយកចំណេះដឹង និងបទពិសោធដែលបានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ដើម្បីបម្រើផលប្រយោជន៍ជាតិរៀងៗខ្លួនប្រកបដោយក្តីមោទកៈ។ លោក រំពឹងបន្តរឹតចំណងសាមគ្គីភាព រវាងជាតិ និងប្រជាជននៃតំបន់ទាំងពីរឲ្យកាន់តែស្អិតល្មិតបន្ថែមទៀត។
 
កិច្ចប្រជុំកំពូលនេះផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហ­ប្រជាជាតិ ចំនួន៤ រួមមាន៖ សុខភាព និងសុខុមាលភាពមាំមួន ការអប់រំប្រកបដោយគុណ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច និងសកម្មភាពបរិស្ថាន។
 
ជាផ្នែកមួយនៃកម្មវិធីនេះ អ្នកចូលរួមចំនួន២០០នាក់ បានចូលរួមដាំដើមឈើ៥៣ដើម នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីបង្ហាញអំពីសាមគ្គីភាពគ្នារវាងយុវជនអាស៊ី-អឺរ៉ុប និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្ដាប្រទេសអាស៊ី-អឺរ៉ុបទាំង៥១។ ទន្ទឹមនឹងនេះ ក៏បញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ក្នុងនាមជាថ្នាក់នាំយុវជន ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពទី១៣ ផ្ដោតលើសកម្មភាពបរិស្ថានជាបញ្ហាសកលដែលត្រូវរួមគ្នាដោះស្រាយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com