ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជាម យៀប ក្លាយជាអនុប្រធានរដ្ឋសភាទី១ជាផ្លូវការ
25, Nov 2021 , 10:06 am        
រូបភាព
លោក ជាម យៀប អង្គុយលើកៅអីអនុប្រធានរដ្ឋសភាទី១ជាលើកដំបូង បន្ទាប់ពីរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោកឲ្យធ្វើជាអនុប្រធានរដ្ឋសភាទី១ ក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីរដ្ឋសភា
លោក ជាម យៀប អង្គុយលើកៅអីអនុប្រធានរដ្ឋសភាទី១ជាលើកដំបូង បន្ទាប់ពីរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោកឲ្យធ្វើជាអនុប្រធានរដ្ឋសភាទី១ ក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបពីរដ្ឋសភា
កិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ឲ្យធ្វើជាអនុប្រធានទី១នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលទទួលមរណភាព។ ចំណែកតំណែងជាតំណាងរាស្រ្តខេត្តកំពង់ធំរបស់លោក ងួន ញ៉ិល ត្រូវរដ្ឋសភា ប្រគល់ជូនលោក អ៊ុន ប៊ុនហាន។



ការជ្រើសតាំងលោក ជាម យៀប និងលោក អ៊ិន ប៊ុនហាន ធ្វើឡើងតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។ មុនឡើងជាអនុប្រធានទី១នៃរដ្ឋសភា លោក ជាម យៀប គឺជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា (គណៈកម្មការជំនាញទី២)។

បើតាមការផ្សាយលើគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា តំណែងជាប្រធានគណៈកម្មការជំនាញទី២របស់លោក ជាម យៀប នឹងត្រូវប្រគល់ជូនលោក ឈាង វុន ដែលបច្ចុប្បន្ន កំពុងធ្វើជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ពត៌មាន (គណៈកម្មការជំនាញទី៥)។

ប្រភពដដែល បានឲ្យដឹងថា លោក សួស យ៉ារ៉ា ដែលជាអនុប្រធានគណៈកម្មការជំនាញទី៥ នឹងឡើងជាប្រធានគណៈកម្មការទី៥នេះ ហើយតំណែងជាអនុប្រធាន នឹងទម្លាក់ទៅឲ្យលោក នឹម ច័ន្ទតារ៉ា ដែលជាលេខាធិការ។ តំណែងជាលេខាធិការគណៈកម្មការជំនាញទី៥ នឹងត្រូវបានទៅលើអ្នកផ្សេងម្នាក់ទៀត៕

អត្ថបទទាក់ទង

Tag:
 ជាម យៀប
© រក្សាសិទ្ធិដោយ thmeythmey.com