កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rodgers ថា ព័ត៌មានទៅដឹកនាំ Man UTD ជារឿងមិនពិតឡើយ
25, Nov 2021 , 3:21 pm        
រូបភាព
គ្រូបង្វឹក Leicester City លោក Brendan Rodgers បកស្រាយចម្ងល់អ្នកគាំទ្របាល់ទាត់ទាក់ទងការទៅដឹកក្រុម Manchester United ជំនួសលោក Ole Gunnar Solskjaer។



លោក Brendan Rodgers ត្រូវបានសារព័ត៌មានជាច្រើនបានផ្សាយថា ជាបេក្ខភាពមួយដែលអាចទៅដឹកនាំក្រុមបិសាចក្រហមបន្តពីលោក Solskjaer ដែលទើបបានចែកផ្លូវពីក្រុមពីដើមសប្តាហ៍នេះ។ មកដល់ពេលនេះក្រុម Man UTD ត្រូវស្ថិតក្រោមការដឹកនាំពីសំណាក់លោក Michael Carrick ដែលជាគ្រូបង្វឹកបណ្តោះអាសន្ន។
 
លោក Rodgers វ័យ៤៨ឆ្នាំ បានបដិសេធពាក្យចចាមអារ៉ាមទាំងនោះ ហើយថាខ្លួនកំពុងតែផ្តោតអារម្មណ៍អភិវឌ្ឍក្រុមកញ្ជោ្រងឱ្យកាន់តែខ្លាំង។
 
«រឿងនេះវាមិនពិតទេ។ យ៉ាងណាពាក្យចចាមអារ៉ាមគឺតែងតែមានរហូតទាល់តែពួកគេបានតែងតែអ្នកចាត់ការពេញសិទ្ធិតែម្តង។ ខ្ញុំបានប្តេជ្ញាចិត្តហើយថាខ្ញុំស្ថិតនៅទីនេះ ព្រោះខ្ញុំបានមើលឃើញវប្បធម៌របស់ក្លិបមួយនេះ កំពុងតែមានការអភិវឌ្ឍកីឡាករជាច្រើននៅទីនេះផងដែរ។» លោក Rodgers ប្រាប់អ្នកសារព័ត៌មានមុនការប្រកួត Europa League ។
 
ក្លិប Leicester City កំពុងតែឈរចំណាត់ថ្នាក់១២ ក្នុងតារាង Premier League បន្ទាប់ពីការចាប់ផ្តើមដើមរដូវកាលថ្មីហាក់មិនសូវបានល្អ។ ក្រៅពីលោក Rogers លោក Mauricio Pochettino ក៏ត្រូវបានសារព័ត៌មានផ្សាយថានឹងអាចមកដឹកនាំបិសាចក្រហម Manchester United ផងដែរ៕

Tag:
 Brendan Rodgers
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com