កីឡាអន្តរជាតិ
អន្តរជាតិ
តាមអាម៉េរិក! អូស្ត្រាលី​ក៏ពិចារណា​ធ្វើពហិការ​ការទូត​អូឡាំពិក​​ក្រុង​ប៉េកាំងដែរ
25, Nov 2021 , 7:29 pm        
រូបភាព
រដ្ឋាភិបាលអូស្ត្រាលី កំពុងពិចារណាមិនបញ្ជូនមន្ត្រីរដ្ឋាភិបាលទៅចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។ ការពិចារណានេះ ធ្វើឡើងចំពេលមានការអំពាវនាវកាន់តែខ្លាំងពីសមាជិកសភាអូស្ត្រាលីដើម្បីធ្វើពហិការការទូតជាផ្លូវការនៅកីឡាអូឡាពិកដែលចិនធ្វើម្ចាស់ផ្ទះ។ នេះបើតាមការផ្សាយរបស់កាសែត Sydney Morning Herald នៅថ្ងៃទី២៥ ខែវិច្ឆិកា។



Sydney Morning Herald ផ្សាយថា អ្នកនយោបាយអូស្ត្រាលីមកពីសម្ព័ន្ធភាពដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំងបានជំរុញឱ្យរដ្ឋាភិបាលធ្វើពហិការក្នុងព្រឹត្តិការណ៍អូឡាំពិកដែលនឹងធ្វើឡើងក្នុងប្រទេសចិន នាខែកុម្ភៈ ឆ្នាំក្រោយ។
 
ការធ្វើពហិការការទូតនេះ មិនខុសគ្នាពីអាម៉េរិកឡើយ ដោយអត្តពលិកនៅតែអនុញ្ញាតឱ្យទៅចូលរួមប្រកួតប្រជែងមេដាយ លើកលែងតែគណៈប្រតិភូមន្ត្រីរបស់រដ្ឋាភិបាលដែលនឹងមិនបញ្ជូនទៅអូឡាំពិកប៉េកាំងឡើយ។ នាយកដ្ឋានកិច្ចការបរទេស និងក្រសួងកីឡារបស់ប្រទេសអូស្ត្រាលី មិនទាន់បានឆ្លើយតបជុំវិញករណីនេះនៅឡើយទេ។
 
ការពិចារណាធ្វើពហិការការទូតរបស់អាម៉េរិក និងអូស្ត្រាលី ធ្វើឡើងដោយមានគោលបំណងប្រឆាំងចិន ដែលត្រូវបានចោទថាបានរំលោភសិទ្ធិមនុស្សទៅលើជនជាតិវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅតំបន់ស៊ីនជាំង។
 
លោកប្រធានាធិបតី ចូ បៃឌិន កាលពីសប្តាហ៍មុនអះអាងថា អាម៉េរិកកំពុងពិចារណាធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាវិធានការមួយក្នុងគោលបំណងប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្សដ៏អាក្រក់របស់ចិន ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចម៉ូស្លីម ដែលកំពុងរស់នៅលើទឹកដីចិន។
 
កាសែត Sydney Morning Herald បន្តថា រដ្ឋាភិបាលអូស្ត្រាលីរង់ចាំមើលការសម្រេចចិត្តរបស់លោកបៃឌិន ជុំវិញការធ្វើពហិការការទូតនេះ បន្ទាប់មកអូស្ត្រាលីនឹងសម្រេចតាមក្រោយ។
ដោយឡែកអង់គ្លេសវិញ នៅមិនទាន់សម្រេចចិត្តណាមួយថាតើនឹងមានតំណាងរដ្ឋាភិបាលទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកឬយ៉ាងណានោះទេ ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson មិនគាំទ្រគំនិតធ្វើពហិការក្នុងព្រឹត្តិការណ៍រដូវរងា ដែលនឹងចាប់ពីពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នោះទេ៕

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com