កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការបារាំងកាត់ទោស Benzema ជាប់ពន្ធនាគារ១ឆ្នាំករណីបែកធ្លាយវីដេអូរួមភេទមិត្តរួមក្រុម
25, Nov 2021 , 5:27 pm        
រូបភាព
ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid នៅថ្ងៃទី២៤ ខែវិច្ឆិកាត្រូវតុលាការបារាំងរកឃើញថា ប៉ុនប៉ងធ្វើឱ្យបែកធ្លាយខ្សែអាត់វីដេអូរួមភេទរបស់អតីតមិត្តរួមក្រុមជម្រើសជាតិបារាំង Mathieu Valbuena ។ តុលាការកាត់ទោសឱ្យ Benzema ជាប់ពន្ធនាគារ១ឆ្នាំ តែព្យួរទោស។



បន្ថែមពីលើការទោសទណ្ឌ តុលាការទីក្រុង Versailles បានពិន័យលើ Benzema ប្រមាណ ៨៤១៧០ដុល្លារ និងបញ្ជាឱ្យកីឡាករក្រុមអធិរាជស Real Madrid រូបនេះបង់ប្រាក់៩០០០០ ដុល្លារទៅឱ្យអតីតមិត្តរួមក្រុម Mathieu Valbuena ដើម្បីរ៉ាប់រងថ្លៃសេវាផ្លូវច្បាប់។ ចំណែកប្រាក់ជាង ១៧០០០០ដុល្លារទៀត ត្រូវបានពិន័យ Benzema និងមិត្តភក្កិ៣រូបផ្សេងបន្ថែមទៀតដែលបានប្រព្រឹត្តិរឿងនេះ។ មេធាវីរបស់ Benzema ក៏បានលើកឡើងថា នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ។
 
«ការប្រកាសសាលក្រមនេះគឺមិនត្រឹមត្រូវនឹងការពិតនៃព្រឹត្តិការណ៍ដែលបានកើតឡើយទាល់តែសោះ។» មេធាវី Antoine Vey របស់ Benzema បានប្រាប់អ្នកសារព័ត៌មាន។ ទាក់ទងនឹងការប្រកាសសាលក្រមពីសំណាក់តុលាការទីក្រុង Versailles ក្លិបអធិរាជស Real Madrid មិនទាន់មានការឆ្លើយតបអ្វីឡើយ។
 
គួរបញ្ជាក់ថាលោក Noel Le Graet ប្រធានសហព័ន្ធបាល់ទាត់បារាំងបានអះអាងច្បាស់ៗកាលពីថ្ងៃទី១២ វិច្ឆិកា ថា កីឡាករដែលជាប់ជម្រើសជាតិបារាំងគួរតែត្រូវលើកលែងទោស៕

Tag:
 Karim Benzema
 Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com