កីឡាអន្តរជាតិ
អន្តរជាតិ
​ជម្រុះ World Cup៖ អាម៉េរិក នឹងប្រើកីឡដ្ឋានត្រជាក់ខ្លាំង​ដើម្បីប្រកួតវគ្គ play-off
26, Nov 2021 , 8:29 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាម៉េរិក បានជ្រើសរើសកីឡដ្ឋានដែលមានទីតាំងនៅតំបន់អាកាសធាតុត្រជាក់ខ្លាំងដើម្បីទប់ទល់ជាមួយក្រុមភ្ញៀវអែលសាល់វ៉ាឌ័រ និងហុងឌូរ៉ាសក្នុងការប្រកួតជម្រុះ FIFA World Cup វគ្គ play-off។


 
 អាម៉េរិក ស្ថិតនៅចំណាត់ថ្នាក់ទីពីរបណ្តោះអាសន្នក្នុងចំណោម៨ប្រទេសដែលត្រូវប្រកួតជម្រុះ World Cup ឆ្នាំ២០២២ វគ្គ play-off តំបន់អាម៉េរិកខាងជើង កណ្តាល និងការ៉ាអ៊ីប (CONCACAF)។ នៅតំបន់ CONCACAF សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផ្តល់កូតា៣កៅអីកន្លះ ដោយក្នុងនោះ៣កៅអីដែលបញ្ចប់ក្នុងវគ្គជម្រុះពីលេខ១ដល់លេខ៣ បានទៅកាតាស្វ័យប្រវត្តិ ឯលេខ៤ទទួលបានកន្លះកៅអីបន្តទៅលេងជម្រុះអន្តរទ្វីប។
 
បើទោះស្ថិតនៅចំណាត់ថ្នាក់ទី២ក្តី ប៉ុន្តែអាម៉េរិកមិនប្រហែសឡើយ ដោយពួកគេបានជ្រើសរើសទីតាំងមានប្រៀបដែលមានអាកាសធាតុត្រជាក់ខ្លាំង ដើម្បីទទួលភ្ញៀវក្នុងវគ្គជម្រុះនេះ។ ពីរប្រកួតរបស់អាម៉េរិកដែលត្រូវធ្វើម្ចាស់ផ្ទះ ត្រូវជួបអែលសាល់វ៉ាឌ័រនៅថ្ងៃទី២៧ ខែមករា នៅ Columbus រដ្ឋ Ohio និងបន្ទាប់ស្វាគមន៍ហុងឌូរ៉ាសនៅថ្ងៃទី២ ខែកុម្ភៈ នៅរដ្ឋ Minnesota។
 
លោក Gregg Berhalter គ្រូបង្វឹកក្រុមជម្រើជាតិអាម៉េរិក មើលឃើញថា ទីតាំងប្រកួតដែលមានបរិយាកាសល្អ និងស៊ាំជាមួយកីឡាករនឹងផ្តល់អត្ថប្រយោជន៍ដ៏ធំសម្រាប់ក្រុមរបស់លោក។
«យើងមានបទពិសោធដ៏អស្ចារ្យនៅក្នុងទីក្រុង Columbus និង Twin Cities ហើយយើងជឿជាក់ថាក្រុមអាម៉េរិកនឹងបញ្ចប់យុទ្ធនាការជម្រុះ World Cup ដោយជោគជ័យ»។ នេះជាការបញ្ជាក់របស់លោក Berhalter។
 
ឆ្លងកាត់ការប្រកួតជម្រុះ CONCACAF ៨លើកកន្លងមក កាណាដាឈរកំពូលតារាងរកបាន១៦ពិន្ទុ តាមពីក្រោយដោយអាម៉េរិកដែលមាន១៥ពិន្ទុ។ ម៉ិកស៊ិក និងប៉ាណាម៉ានៅលេខ៣ និងលេខ៤ មាន១៤ពិន្ទុស្មើគ្នា ខុសតែសំណល់គ្រាប់បាល់។ កូស្តារីកា ហ្សាម៉ាអ៊ីក អែលសាវ៉ាឌ័រ និងហុងឌូរ៉ាស ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com