កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ West Ham ឡើងវគ្គ១៦ក្រុមលើកដំបូង ក្រោយអាក់ខាន៤០ឆ្នាំ
26, Nov 2021 , 8:09 am        
រូបភាព
West Ham United បានកក់កៅអីទៅកាន់វគ្គ១៦ក្រុម UEFA Europa League ជាលើកដំបូងគិតចាប់ពីឆ្នាំ១៩៨១មក បន្ទាប់ពីយកឈ្នះ Rapid Vienna ក្នុងលទ្ធផល ២-០។ ក្រុមញញួរមិនទាន់ស្គាល់ចាញ់ឡើយក្នុងការប្រកួតជម្រុះពូល H ចំនួន៥លើកកន្លងមក។


ខ្សែប្រយុទ្ធ Andriy Yarmolenko និងប្រធានក្រុម Mark Noble រកបានម្នាក់១គ្រាប់ ដើម្បីជួយ West Ham យកឈ្នះក្រុមអូទ្រីស ២-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុលើកទី៥ពូល H នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា។

តាមរយៈជ័យជម្នះនេះ បាននាំក្រុមដែលមានលោក David Moyes ជាអ្នកចាត់ការ ឡើងទៅកាន់វគ្គខ្វែងដោយស្វ័យប្រវត្តិ បើទោះនៅសល់មួយប្រកួតទៀតក្តី។ West Ham ឈរកំពូលតារាងពូល H មាន១៣ពិន្ទុ នាំមុខក្រុមលេខ២ Dinamo Zagreb ចំនួន៦ពិន្ទុ និងក្រុមលេខ៣ KRC Genk ៨ពិន្ទុ។ Rapid Vienna នៅបាតតារាងមាន៣ពិន្ទុ ហាវអាវទៅហើយ។



នេះជាលើកដំបូងក្រោយរយៈពេល៤០ឆ្នាំរបស់ West Ham ដែលបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Europa League បន្ទាប់ពីក្រុមអង់គ្លេសនេះ បង្ហាញខ្លួនលើកចុងក្រោយនៅឆ្នាំ១៩៨០។ ក្រុមរហ្សនាមញញួរ ធ្លាប់ជាម្ចាស់ជើងឯកពានរង្វាន់លំដាប់ទី២អឺរ៉ុបនេះកាលនៅមានឈ្មោះ European Cup នៅឆ្នាំ១៩៦៥ និងរងជើងឯកនៅឆ្នាំ១៩៧៦។

West Ham បានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួននៅក្នុងរដូវកាល ២០២១-២២នេះ ដោយមិនទាន់ស្គាល់ចាញ់ឡើយក្នុងការប្រកួតវគ្គសន្សំពិន្ទុ៥លើកកន្លងមក។ នៅក្របខណ្ឌ Premier League វិញពួកគេស្ថិតនៅចំណាត់ថ្នាក់ទី៤ ដោយរកបាន២៣ពិន្ទុ ពីការប្រកួត១២លើក។

ដោយឡែកក្រុមដទៃទៀតដែលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិក្រោយការប្រកួត៥លើក រួមមាន Lyon, Monaco, Frankfurt, Olympiakos, Galatasaray, Lazio, Bayern Leverkusen និង Real Betis៕



Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com