ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​នី​៖ អនាគត​សង្គមជាតិ និង​សុភមង្គល​ពលរដ្ឋ មិនអាច​បណ្ដោយ​តាម​យថាហេតុ​ឡើយ​
26, Nov 2021 , 11:59 am        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ
ភ្នំពេញ​៖ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​និយាយថា ការរៀបចំ​ទិសដៅ​សម្រាប់​សង្គមជាតិ និង​ក្តី​សុខ​ប្រជាពលរដ្ឋ​នោះ មិនអាច​រំពឹង​ទៅលើ​ភាព​ចៃដន្យ ដែល​មិនអាច​មើលឃើញ​នោះឡើយ​។​



​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ខ្លួន លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​រូបនេះ បាន​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ ត្រូវមាន​ភាព​ទទួលខុស​ត្រូវ​ខ្ពស់ និង​ការចូលរួម​កិច្ចការងារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ឲ្យ​បាន​ច្រើន​។ «​អនាគត​របស់​សង្គម​ជាតិ និង​សុភមង្គល​របស់​ប្រជាជន គឺមាន​សារៈ​សំខាន់បំផុត ដែល​មិនអាច​បណ្តោយ ទៅតាម​យថាហេតុ ឬ​ឲ្យ​មាន​ភាព​ចៃដន្យ​ណាមួយ​កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​នោះទេ​។ ប្រាកដ​ណាស់ ពេលនេះ ពេលដែល​កម្ពុជា​រីករាយ​នឹង​សន្តិភាព ស្ថិរភាព​, វា​ក៏​ជា​ពេលដែល​យុវជន​កម្ពុជា​ត្រូវតែ​គិត​បន្ថែមទៀត​អំពី​តួនាទី ទំនួល​ខុសត្រូវ និង​ការចូលរួមចំណែក​រប​ស់​ខ្លួន​ដើម្បី​សង្គមជាតិ និង​ប្រជាជន​»​។ នេះ​ជា​សារ​របស់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​ថ្ងៃទី​២៦ វិច្ឆិកា​។​
 
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ខួប​ឆ្នាំ​ទី​៤៣​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​អគារ​ខេមរា​នី​ក្នុង​សង្កាត់​ព្រែក​លាភ​។​មនុស្ស​ប្រមាណ​២០០​នាក់​ដែលជា​សមាសភាព​ថ្នាក់ដឹកនាំ ជា​សមាជិក​គណៈ​ក​មា្ម​ធិ​ការ​កណ្ដាល និង​ជា​តំណាង​សមាជិក​នីតិបុគ្គល នឹងចូលរួម​អបអរ​កម្មវិធី​រយៈពេល​មួយ​ព្រឹក​ដែល​នឹងត្រូវ​ផ្សព្វផ្សាយ​ផ្ទាល់​ផង​តាមរយៈ​ទូរទស្សន៍​ព័ត៌មាន BTV​។​
 
 សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ត្រូវបាន​ប្តូរ​ឈ្មោះ​ពី សមាគមយុវជន​កម្ពុជា​នៅ​ឆ្នាំ​២០១២ ដែលមាន​ឋានៈ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​។​តាមពិត សមាគមយុវជន​កម្ពុជា មានឈ្មោះ​ដើម​ជា សមាគមយុវជន​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​ទន្ទឹមគ្នា​នឹង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​១៩៧៨​។ កាលណោះ សម​មិត្ត ហ៊ុន សែន ដែលជា​ស្ថាបនិក​មួយរូប​នៃ​រណៈសិរ្ស គឺជា​អ្នកទទួលបន្ទុក​លើ​ការងារ​យុវជន​នេះ​៕
 

Tag:
 ហ៊ុន ម៉ា​នី​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com