ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថាបនិក ប្តឹងទៅតុលាការកំពូល ដើម្បីទាមទារឲ្យមហាផ្ទៃ ចុះបញ្ជីគណបក្សបេះដូងជាតិ
26, Nov 2021 , 1:20 pm        
រូបភាព
ខ្លោងទ្វារតុលាការកំពូល ត្រូវបានថតនៅឆ្នាំ២០១៧។ រូប៖ សហការី
ខ្លោងទ្វារតុលាការកំពូល ត្រូវបានថតនៅឆ្នាំ២០១៧។ រូប៖ សហការី
លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ អមដោយមេធាវី នឹងយកពាក្យបណ្តឹងទៅដាក់នៅតុលាការកំពូល នៅម៉ោង២រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីទាមទារឲ្យក្រសួងមហាផ្ទៃ ចុះឈ្មោះឲ្យគណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយ។



សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ។ រដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា ការមិនចុះបញ្ជីនេះ គឺដោយសារការផ្ដិតស្នាមមេដៃមួយចំនួនរបស់សមាជិកគណបក្សបេះដូងជាតិ គឺជាស្នាមមេដៃជំនួស។

ដើម្បីទទួលបានការចុះបញ្ជី គណបក្សនយោបាយមួយ ត្រូវមានស្នាមេដៃពីអ្នកគាំទ្រយ៉ាងតិច៤ពាន់នាក់។

លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃការដាក់បណ្តឹងនេះ មានតែមួយប៉ុណ្ណោះ គឺសុំឲ្យតុលាការកំពូល ចេញដីកាបង្គាប់ទៅក្រសួងមហាផ្ទៃ ឲ្យចុះបញ្ជីជូនគណបក្សបេះដូងជាតិ។ លោក សង្ឃឹមថា តុលាការកំពូល នឹងសម្រេចសេចក្តីជាវិជ្ជមានជូនគណបក្សបេះដូងជាតិ។

លោក ថ្លែងដូច្នេះថា៖«យើង ជាអ្នកតស៊ូមតិ តែងតែសង្ឃឹមហើយ ទោះបីនៅក្នុងមួយភាគរយ ក៏យើង នៅតែសង្ឃឹម។ ខ្ញុំ ជឿជាក់ថា តុលាការកំពូល នឹងពិចារណាឡើងវិញ ដើម្បីចៀសវាងការរិះគន់ពីសាធារណមតិ។»

លោក បានបដិសេធម្តងទៀតចំពោះការចោទប្រកាន់ថា គណបក្សបេះដូងជាតិ ក្លែងបន្លំស្នាមដៃ ដើម្បីបានចុះបញ្ជីគណបក្ស។ លោក បញ្ជាក់ថា ការចោទប្រកាន់នេះ គឺមិនមែនជាការពិតឡើយ។

ក្រសួងមហាផ្ទៃ មិនត្រឹមតែមិនចុះបញ្ជីឲ្យគណបក្សបេះដូងជាតិទេ តែថែមទាំងព្រមានប្តឹងស្ថាបនិកគណបក្សនេះ ទៅតុលាការថែមទៀត ពីបទក្លែងបន្លំស្នាមមេដៃ។ មកដល់ពេលនេះ លោក សៀម ភ្លុក មិនទាន់បានឮជាផ្លូវការថា ក្រសួងមហាផ្ទៃ ដាក់ពាក្យប្តឹងលោកនោះទេ ហើយលោក ក៏ពុំទាន់ទទួលបានការកោះហៅរបស់តុលាការដែរ។

លោក យល់ថា ក្រសួងមហាផ្ទៃ នឹងមិនប្តឹងលោកនោះទេ ព្រោះហាក់មិនសមទំនងនឹងប្តឹង។ លោក បន្តថា ការដែលក្រសួងមហាផ្ទៃ ព្រមានប្តឹងលោក ឬស្ថាបនិកផ្សេងទៀតរបស់គណបក្សបេះដូងជាតិ គឺគ្រាន់តែជាការគំរាមផ្នែកនយោបាយប៉ុណ្ណោះ។

លោក មានប្រសាសន៍ថា៖«បើ [ក្រសួងមហាផ្ទៃ] លោក ប្តឹង ក៏ខ្ញុំ មិនដឹងធ្វើម៉េចទេ ខ្ញុំ មានទៅណា ខ្ញុំ ទទួលយកតាមនុ៎ងទៅ។»

ប្រភពមិនច្បាស់ការមួយចំនួន និយាយតៗគ្នាថា គណបក្សបេះដូងជាតិ មានលោក សម រង្ស៊ី នៅពីក្រោយ ទើបបានជាជួបការលំបាកក្នុងការសុំចុះបញ្ជីគណបក្ស ជាងគណបក្សដទៃ។ ប៉ុន្តែលោក សម រង្ស៊ី បានចេញមុខបដិសេធហើយ ថាលោក មិនពាក់ព័ន្ធនឹងគណបក្សបេះដូងជាតិឡើយ៕

Tag:
 សៀម ភ្លុក
  គណបក្សបេះដូងជាតិ
  តុលាការកំពូល
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com