ជាតិ
សង្គមជាតិ
បុរស ដែលជេរប្រមាថ និងប្រុងប្រើហិង្សាលើប៉ូលិសចរាចរណ៍នៅស្ពានស្ទឹងមានជ័យ ត្រូវឃាត់ខ្លួន
26, Nov 2021 , 2:36 pm        
រូបភាព
បុរស ដែលត្រូវឃាត់ខ្លួន ពេលទាស់គ្នាជាមួយនគរបាលចរាចរណ៍នៅស្អានស្ទឹងមានជ័យ
បុរស ដែលត្រូវឃាត់ខ្លួន ពេលទាស់គ្នាជាមួយនគរបាលចរាចរណ៍នៅស្អានស្ទឹងមានជ័យ
ដោយ: ថ្មីៗ
សមត្ថកិច្ច មិនអាចបណ្តោយឲ្យបុរស ដែលប្រើពាក្យមាក់ងាយ និងចង់ស្ទុះទៅវាយនគរបាលចរាចរណ៍នៅស្ពានស្ទឹងមានជ័យ រួចខ្លួននោះទេ។ ក្រោមការដាក់បញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បុរសនោះ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន នៅម៉ោង១ថ្ងៃត្រង់ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។



ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុករបស់ខ្លួនថា បុរសនោះ ត្រូវបានឃាត់ខ្លួន នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងត្រូវបាននាំទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។


បុរសដែលទាស់ជាមួយនគរបាលនៅស្ពានស្ទឹងមានជ័យ ពេលត្រូវឃាត់ខ្លួន 

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បុរសម្នាក់នោះ ត្រូវបាននគរបាលចរាចរណ៍ ដែលឈរជើងនៅស្ពានស្ទឹងមានជ័យ ចាប់ឃាត់ ដើម្បីផាកពិន័យ ក្រោមហេតុផល ជិះម៉ូតូបញ្រ្ចាស់ផ្លូវ ម៉ូតូគ្មានកញ្ចក់ និង បានជិះទៅប៉ះយានយន្តគេពីក្រោយ ។ តាមរយៈវីដេអូ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម គេ ពិតជាបានឃើញបុរសនោះ ប្រើពាក្យប្រមាថលើនគរបាលចរាចរណ៍មែន។

«អ្ហែង សក្តិ ប៉ុន្មាន?» នេះជាពាក្យរបស់បុរសនោះ ដែលស្រែកសួរ ទៅកាន់នគរបាលចរណ៍ម្នាក់ ជាមួយនឹងការចង្អុលទៅកាន់នគរបាលចរណ៍នោះផងដែរ។ «ខ្ញុំ អត់ទាន់មានសក្តិទេ» នគរបាលចរណ៍ឆ្លើយតប។ បុរសនោះ ស្រែកគំហកដាក់ «អ្ហែងអត់មានសក្តិ អីក៏ខ្លាំងម្ល៉េះ» រួចក៏ស្ទុះទៅវឹង ហើយយាដៃបម្រុងនឹងវាយនគរបាលចរណ៍ តែពុំបានវាយឡើយ។ ពេលនោះ មានបុរសម្នាក់ ទៅឃាត់ និងចាប់បុរស ដែលចង់វាយនគរបាលចរាចេរណ៍ ចេញវិញ។ បុរសនោះ នៅឆ្លៀតចោលពាក្យសម្តីមួយមាត់ទៀតថា៖«អ្ហែងអត់ទាន់មានសក្តិពាក់ តិចងាប់»។

អ្នកប្រើប្រាស់បណ្តាញសង្គម បង្ហាញការហូសចិត្ត ពេលឃើញបុរសនោះ ពាក់អាវស និងតឺនុយស្អាតបាតដែរ តែបែរជាបង្ហាញឥរិយាបទច្រងេងច្រងាងពេញផ្លូវ និងចង់វាយតប់នគរបាលទៅវិញ។

នគរបាលចរាចរណ៍ម្នាក់ និយាយថា បុរសនោះ ជិះម៉ូតូទៅប៉ះយានយន្តគេពីក្រោយ ហើយបន្ទាប់មក ក៏ជិះបកក្រោយ (ជិះបញ្ច្រាស់ផ្លូវ) ហើយក៏ត្រូវនគរបាលឃាត់។ នគរបាលចរាចរណ៍ បន្ថែមថា ម៉ូតូរបស់បុរស ថែមទាំងគ្មានកញ្ចក់ទៀត។ 

យ៉ាងណាក៏ដោយ បុរសនោះ បកស្រាយថា ខ្លួន ពិតជាខុសបន្តិចមែន ដោយបានជិះម៉ូតូទៅរថយន្តអ្នកទៃពីក្រោយ តែម្ចាស់រថយន្ត មិនបានរករឿងអ្វីឡើយ ហើយក៏ជិះទៅបាត់។ ពេលឃើញរថយន្ត ដែលខ្លួនជិះប៉ះ ចាកចេញទៅ បុរសនោះ ក៏បន្តជិះទៅដែរ ដោយមិនបានឈប់ឡើយ។ បុរសនោះ បន្តថា ពេលនោះ នគរបាលចរាចរណ៍ម្នាក់ ក៏ស្រែកថា ខ្លួនជាចោរ។ ការដែល នគរបាលចរាចរណ៍ស្រែកថា បុរសនោះជាចោរនេះហើយ ទើបបានជាធ្វើឲ្យបុរសនោះ ខឹងសម្បារយ៉ាងខ្លាំង ហើយក៏បញ្ចេញកំហឹងដាក់នគរបាលចរាចរណ៍តែម្តង។ បុរសនោះ ចង្អុលទៅកាន់នគរបាលចរាចរណ៍ម្នាក់ រួចនិយាយថា៖«ថា ខ្ញុំ ចោរ ប្រយ័ត្នខ្ញុំ ប្តឹង»។ 

មិនទាន់ការបំភ្លឺនោះទេថា នគរបាលចរាចរណ៍ ពិតជាបានស្រែកថា បុរសនោះ ជាចោរមែន ឬក៏អត់៕

© រក្សាសិទ្ធិដោយ thmeythmey.com