កីឡាអន្តរជាតិ
អន្តរជាតិ
ខុសពីក្លិបផ្សេង! Bayern Munich នៅតែទទួលចំណូលខ្ពស់៧១៧លានដុល្លារ អំឡុងវិបត្តិកូវីដ-១៩
26, Nov 2021 , 4:23 pm        
រូបភាព
Bayern Munich នៅតែអាចរកចំណូលបានខ្ពស់នៅរដូវកាល ២០២០-២១ ក្នុងចំនួន៧១៧លានដុល្លារ ខណៈក្លិបបាល់ទាត់ដទៃលើពិភពលោករងវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីដ-១៩។ មុនកូវីដ-១៩ រាលដាល ក្លិបយក្សអាល្លឺម៉ង់មួយនេះ រកចំណូលបាន៨៤០លានដុល្លារក្នុងមួយរដូវកាល។



ម្ចាស់ជើងឯក Bundesliga ៩រដូវកាលចុងក្រោយមួយនះ ក្រសោបយកពានធំៗដល់ទៅ៦ ក្នុងឆ្នាំ ២០២០។ ស្របពេលកូវីដ-១៩ រាតត្បាតចាប់ពីខែមិនា ឆ្នាំ២០២០ បានធ្វើឱ្យ Bayern Munich ប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែរដោយសារផ្អាកការប្រកួត និងការប្រកួតបិទកីឡដ្ឋាន។ យ៉ាងណា ប្រាក់ចំណូលពីការឈ្នះពានច្រើន បានធ្វើឱ្យពួកគេនៅតែអាចរកចំណូលប្រចាំឆ្នាំចំនួន៧១៧លានដុល្លារ ពោលគឺធ្លាក់ចុះតែជាង១០០លានដុល្លារប៉ុណ្ណោះ បើធៀបនឹងរដូវកាល ២០១៨-១៩។
 
ចំណូលរបស់ក្លិបយក្សអាល្លឺម៉ង់សម្រាប់រដូវកាល ២០១៨-១៩ ដែលមិនទាន់រងផលប៉ះពាល់ដោយជំងឺរាតត្បាតបានកើនដល់៨៤០លានដុល្លារ។
 
លោក Herbert Hainer ប្រធានក្លិប Bayern Munich បានប្រាប់សមាជិកក្នុងកិច្ចប្រជុំប្រចាំឆ្នាំថាក្លិបរបស់លោកស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុរឹងមាំ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
«​យើង​គ្មាន​បំណុល​មួយ​សេន​ទេ យើង​ជា​ម្ចាស់​កីឡដ្ឋាន Allianz Arena និងមជ្ឈមណ្ឌល​បណ្តុះបណ្តាល Bayern Munich​។ យើងឯករាជ្យ និងដើរតាមផ្លូវរបស់យើង ដោយកម្លាំងរបស់យើងផ្ទាល់។ កូវីដ-១៩ មិនបានបំផ្លាញយើងនោះទេ»។ លោក Hainer បញ្ជាក់ដូច្នេះ។
 
ផ្ទុយពី Bayern Munich វិបត្តិកូវីដ-១៩ បានធ្វើឱ្យ Barcelona កើនបំណុលជាង១ពាន់លានដុល្លារ ហើយបំណុលនេះបានធ្វើឱ្យក្លិបយក្សអេស្ប៉ាញមិនអាចរក្សាទុកកីឡាករឆ្នើម Lionel Messi បន្តទៀតបាន។ 
 
Juventus ក៏បានចេញផ្សាយតួលេខហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ។ ក្លិបរហស្សនាមសេះបង្កង់បាត់ចំណូលជិត៣០០លានដុល្លារនៅរដូវកាល ២០២០-២១៕

Tag:
 Bayern Munich
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com