អន្តរជាតិ
ចិននិយាយថា អាម៉េរិកមិនត្រូវយល់ខុសអំពីកោះតៃវ៉ាន់នោះទេ
26, Nov 2021 , 11:29 pm        
រូបភាព
អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក Wu Qian ថ្លែង​នៅ​ក្នុង​ស​ន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​២០១៩។
អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក Wu Qian ថ្លែង​នៅ​ក្នុង​ស​ន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​២០១៩។
ដោយ: VOA
ក្រសួងការពារប្រទេសចិននៅថ្ងៃព្រហស្បតិ៍បានការបញ្ជាក់ថា មិនមានការសម្របសម្រួលណាមួយអំពីកោះតៃវ៉ាន់នោះទេហើយសហរដ្ឋអាមេរិកក៏មិនត្រូវយល់ខុសអំពីបញ្ហានេះដែរ។ ក្រសួងការពារប្រទេសចិន បានបន្ថែមទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ បានធ្វើការបង្កហេតុជាបន្តបន្ទាប់លើបញ្ហាជាច្រើន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

 
ចិនបាននិយាយថា បញ្ហាកោះតៃវ៉ាន់ដែលខ្លួនបានចាត់ទុកថាជាទឹកដីរបស់ចិននោះជាបញ្ហាដ៏រសើបបំផុតនៅក្នុងចំណងទាក់ទងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដែលជាប្រទេសគាំទ្រអន្តរជាតិនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់កោះតៃវ៉ាន់។
 
ការខ្វែងគំនិតគ្នាយ៉ាងខ្លាំងអំពីកោះតៃវ៉ាន់ បានកើតមានឡើងក្នុងអំឡុងពេលនៃជំនួបតាមប្រព័ន្ធអនឡាញនៅដើមខែនេះរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping។ លោក Xi បាននិយាយថា អ្នកនៅកោះតៃវ៉ាន់ដែលស្វះស្វែងរកឯករាជ្យភាពនិងអ្នកគាំទ្ររបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក កំពុងប្រឡែងលេងជាមួយភ្លើង។
 
នៅពេលសួរនៅឯសន្និសីទកាសែតប្រចាំខែនៅក្នុងទីក្រុងប៉េកាំងអំពីចំណងទាក់ទងរវាងចិននិងសហរដ្ឋអាមេរិកបន្ទាប់ពីការពិភាក្សាទាំងនោះមក អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បាននិយាយថា ការមានទំនាក់ទំនងល្អនិងស្ថិរភាពជាការល្អសម្រាប់ប្រទេសទាំង២និងជាអ្វីដែលពិភពលោករំពឹងទុក។
 
លោកបាននិយាយទៀតថា ចិនមានឆន្ទៈថែរក្សាកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។
 
លោកបានបន្តទៀតថា ចិនមានគោលការណ៍ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងយោធាប្រទេសទាំង២ដែលត្រូវនិយាយថា អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរបស់ខ្លួនហើយផលប្រយោជន៍ដ៏សំខាន់មិនអាចត្រូវរំលោភបានឡើយ។
 
កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យនោះ បានរិះគន់ប្រទេសចិនចំពោះការបង្កើនការដាក់សម្ពាធខាងការទូតនិងយោធារបស់ខ្លួនដើម្បីព្យាយាមនឹងបង្ខិតបង្ខំឲ្យតៃវ៉ាន់ទទួលយកការបង្រួបបង្រួមទឹកដីជាមួយចិន។
 
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានសន្យាការពារកោះតៃវ៉ាន់ដោយនិយាយថា ពលរដ្ឋរបស់តៃវ៉ាន់អាចសម្រេចអនាគតដោយខ្លួនឯង៕

© រក្សាសិទ្ធិដោយ thmeythmey.com