អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី​​៖ ចិនថាខ្លួនស្រឡាញ់សន្តិភាព តែធ្វើផ្ទុយទៅវិញ
26, Nov 2021 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី Peter Dutton ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី Peter Dutton ។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី Peter Dutton លើកឡើងនៅ ថ្ងៃទី២៦ ខែវិច្ឆិកា ថាសកម្មភាពដ៏គួរឱ្យព្រួយបារម្ភរបស់ចិនមិនស៊ីគ្នាទៅនឹងសម្តីដែលថា ខ្លួនលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ទេ។ លោក Dutton លើកឡើងបែបនេះក្រោយនាវា​កងទ័ព​ជើង​ទឹក​ចិន​មួយ​គ្រឿង​​បាន​​បើក​កាត់​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​អូស្រ្តាលី។

 
ទង្វើមិនដូចសម្ដី។ នេះជាអ្វីដែលរដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី Peter Dutton និយាយសំដៅទៅចិន។​លោក Dutton លើកសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូង​​​ សកម្មភាពបំពានថ្មីៗលើតៃវ៉ាន់ និងការដាក់ឱ្យប្រើច្បាប់សន្តិសុខជាតិនៅហុងកុង ជាឧទាហរណ៍នៃសកម្មភាពរបស់ចិនដែលផ្ទុយនឹងពាក្យសម្តីស្រឡាញ់សន្តិភាពរបស់ខ្លួន។
 
«ពួកយើងសុទ្ធតែដឹងច្បាស់ហើយនូវការអះអាងជាញឹកញយរបស់រដ្ឋាភិបាលចិនដែលថាខ្លួនប្តេជ្ញាចិត្តចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។ លោក Dutton លើកឡើងបែបនេះថ្ងៃទី២៦ ខែវិច្ឆិកា នៅក្នុងសុន្ទរកថាមួយនៅទីក្រុងកង់បេរ៉ា។ ប៉ុន្តែលោកមើលឃើញពីភាពមិនស្របគ្នារវាងសម្តីនិងសកម្មភាពរបស់ចិន ហើយ​បាន​តាម​ដាន​សកម្មភាពចិនយ៉ាង​ដិត​ដល់ ខណៈ​​រដ្ឋាភិបាល​ចិន​បញ្ចេញ​សកម្ម​ភាព​ដ៏គួរឱ្យបារម្ភ​កាន់​តែ​ខ្លាំង​ឡើង។
 
យ៉ាងណាមិញ ស្ថានទូតចិនប្រចាំទីក្រុងកង់បេរ៉ា បានប្រតិកម្មតបការអធិប្បាយនេះ។ បើតាមសេចក្តី​ថ្លែង​ការណ៍​មួយរបស់អ្នកនាំពាក្យស្ថានទូតចិន លោក Dutton បានបំភ្លៃគោលនយោបាយការបរទេសចិន បំភ័ន្តប្រជាជនអូស្ត្រាលី ហើយកំពុងបង្កជម្លោះ និងខណ្ឌចែកប្រជាជន និងប្រជាជនថែមទៀត។ អ្នកនាំពាក្យដដែលបញ្ជាក់ថា វាមិនអាចទៅរួចដែលទំនាក់ទំនងរវាងចិន និងអូស្រ្តាលីនឹងឈានទៅរកភាពល្អប្រសើរ ប្រសិនបើរដ្ឋាភិបាលអូស្ត្រាលីពឹងផ្អែកយុទ្ធសាស្ត្រជាតិរបស់ខ្លួនទៅតាមការវិភាគដែលគ្មានចក្ខុវិស័យ និងគំនិតហួសសម័យនោះ។
 
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអូស្រ្តាលី និងចិនដែលជាដៃគូទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួនបានធ្លាក់ចុះនៅឆ្នាំ២០២០ នៅពេលដែលទីក្រុងកង់បេរ៉ាគាំទ្រការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិដើម្បីស្វែងរកប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ ដែលត្រូវបានរកឃើញជាលើកដំបូងនៅចិន។ ចិនបានតបតទៅវិញដោយបញ្ជាឱ្យអូស្ត្រាលីបង់ពន្ធច្រើនលើការនាំចេញស្រា ស្រូវបាឡេ សាច់គោ ធ្យូងថ្ម និងអាហារសមុទ្ររបស់អូស្ត្រាលី ហើយលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ ២០១៥ ផង៕

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com