ជាតិ
សង្គមជាតិ
បាក់ដើមឈើ បណ្ដាលឱ្យ​ខូចប្រាសាទមួយកន្លែងធ្ងន់ធ្ងរ ក្នុងខេត្តកំពត
26, Nov 2021 , 5:50 pm        
រូបភាព
បាក់ដើមឈើ បណ្ដាលប្រាសាទវត្តប្រាសាទ ខេត្តកំពត ខូចខាតធ្ងន់ធ្ងរ។ រូបភាពពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត។
បាក់ដើមឈើ បណ្ដាលប្រាសាទវត្តប្រាសាទ ខេត្តកំពត ខូចខាតធ្ងន់ធ្ងរ។ រូបភាពពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត។
ស៊ុល រ៉វី កំពត៖ ប្រាសាទវត្តប្រាសាទ ស្ថិតក្នុងភូមិប្រាល​  ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត​ រងការខូចខាតធ្ងន់ធ្ងរ បណ្ដាលមកពីការបាក់រលំដើមឈើចំពីលើ នាវេលាម៉ោង១០ព្រឹក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត អាជ្ញាធរបានដកដើមឈើនោះចេញ ខណៈមិនបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋឡើយ។



តួប្រាសាទប៉ែកខាងលិចប្រាសាទ បានរងការខូចខាតធ្ងន់ធ្ងរ។ បើតាមលោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រខេត្តកំពត ការបាក់រលំដើមឈើនេះ បណ្ដាលមកពីដើមឈើនោះពុកផុយ (ដើមអាចម៍ដែក)។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត លោក គង់ ផល្លា និយាយដូច្នេះថា៖ «មុនបាក់ហ្នឹង​ ការពិតទៅក្រសួងក៏បានបញ្ជូនមន្ត្រីជំនាញបានចុះមកវាយតម្លៃរួចហើយ ថាដើមនោះ និងដួលរំលំឆាប់ៗ។ ប៉ុន្តែវាបែរជាបាក់មុន បន្ទាប់ពីវាយតម្លៃហើយហ្នឹង។ តែសំណាងល្អ ដែលមិនមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋយើងទេ»។

បើតាមប្រធានមន្ទីរវប្បធម៌ដដែល ក្រោយការបាក់រំលំនេះ មកទល់វេលាល្ងាចថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញបានដកហូតដើមឈើរួចរាល់  ក្រោមកិច្ចសហការណ៍រវាងមន្ទីរវប្បធម៌ខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត។ លោកបន្ថែមថា៖«ជំហានទី១ យើងកាត់ដើមឈើចេញសិន កុំឱ្យប៉ះពាល់ទៅផ្នែកផ្សេងៗទៀត, ទី២យើងប្រមូលឥដ្ឋដែលបាក់បែកហ្នឹង ទុកវាមួយដុំ ដើម្បីរកថវិកាជួសជុលឡើងវិញ»។

លោក គង់ ផល្លា ប្រាប់ថា សប្ដាហ៍ក្រោយ មន្ត្រីជំនាញនឹងចុះទៅវាយតម្លៃទំហំនៃការខូចខាត និងដាក់ស្នើគម្រោងជួសជុលប្រាសាទនេះ៕

Tag:
 ប្រាសាទវត្តប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com