អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិកបិទជើងយន្តហោះពីប្រទេស៨ក្រោយ WHO កំណត់ថា វីរុសកូវីដបំប្លែងថ្មី«Omicron»គួរឱ្យបារម្ភ
27, Nov 2021 , 10:30 pm        
រូបភាព
ដោយ: VOA
 
ពលរដ្ឋរង់ចាំទទួលការចាក់វ៉ាក់សាំងនៅផ្សារទំនើបមួយកន្លែងនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃសុក្រទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។



ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសរឹតត្បិតជើងយន្តហោះពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាង៧ទៀត ដែលបម្រាមនេះនឹងចូលជាធរមាននៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ លោក Biden បានប្រកាសកាលពីថ្ងៃសុក្រយ៉ាងដូច្នេះក្រោយពីលោកបានពិគ្រោះជាមួយលោកវេជ្ជបណ្ឌិត Anthony Fauciជានាយកទីប្រឹក្សាខាងសុខាភិបាលរបស់លោក។

លោក Biden បានចាត់វិធានការនេះក្រោយពីអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកវីរុសបំប្លែងថ្មីនៃជំងឺកូវីដ១៩នេះ ថាជាវីរុសដ៏គួរឱ្យបារម្ភ និងដាក់ឈ្មោះវាថា Omicron។
ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង ប្រទេស៧ទៀតនៅភាគខាងត្បូងទ្វីបអាហ្វ្រិកដែលត្រូវបិទជើងហោះហើររួមមាន បុតស្វាណា (Botswana) ស៊ីមបាវ៉េ (Zimbabwe) ណាមីប៊ី (Namibia) ឡេសូតូ (Lesotho) Eswatini (អតីតស្វាស៊ីឡង់) ម៉ូសំប៊ិក (Mozambique) និងម៉ាឡាវី (Malawi)។

នៅក្នុងសេចក្តីប្រកាសនោះ លោក Biden ក៏ថ្លែងថាលោកមានសារសំខាន់ពីរដល់ពលរដ្ឋអាមេរិកាំង គឺទី១ សម្រាប់អ្នកចាក់វ៉ាក់សាំងគ្រប់ដូស សូមទៅចាក់ដូសជំរុញ ហើយទី២ សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំងឱ្យគ្រប់ដូស សូមទៅចាក់វ៉ាក់សាំង។

លោកប្រធានាធិបតីអាមេរិកក៏បានអំពាវនាវដល់ប្រទេសនានាដែលមានលទ្ធភាពឱ្យបរិច្ចាគវ៉ាក់សាំង។
នៅប្រទេសអាហ្វ្រិកខាងត្បូងក្រុមអ្នកវិទ្យាសាស្ត្រកំពុងប្រញាប់ប្រញាល់ស្រាវជ្រាវដើម្បីកំណត់ឱ្យដឹងថាតើវីរុសបំប្លែងថ្មីដែលគេទើបបានរកឃើញនេះអាចឆ្លងបានយ៉ាងឆាប់រហ័សក្នុងកម្រិតណានិងអាចស៊ាំនឹងវ៉ាក់សាំងក្នុងកម្រិតណា។ ករណីឆ្លងជំងឺកូវីដ១៩បានផ្ទុះឡើងជាថ្មីនៅប្រទេសអាហ្វ្រិកខាងត្បូង។

ខណៈដែលមានករណីផ្ទុះរាលដាលកូវីដ១៩នៅអាហ្វ្រិកខាងត្បូងនេះ ការបំប្លែងជាច្រើនទម្រង់ (mutations) នៃវីរុស Omicron ដែលមានឈ្មោះបច្ចេកទេសដើមថា B 1.1.529 នេះក៏ត្រូវបានគេរកឃើញនៅប្រទេសជិតខាងបុតស្វាណា ក៏ដូចជាក្រុងហុងកុងនៅអាស៊ីដែរ។

វីរុសបំប្លែងថ្មីនេះបាននាំឱ្យចក្រភពអង់គ្លេសនិងប្រទេសមួយចំនួនទៀតបិទជើងហោះហើរឡើងវិញពីប្រទេសមួយចំនួន៦នៅភាគខាងត្បូងទ្វីបអាហ្វ្រិក។ កាណ៍នេះនឹងធ្វើឲ្យប៉ះទង្គិចធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសទាំងនោះ។

ប៉ុន្តែបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅមុននោះឲ្យដឹងថាអង្គការសុខភាពពិភពលោកបានអំពាវនាវកុំឱ្យមានការបិទជើងយន្តហោះប្រញាប់ប្រញាល់ពេកខណៈមិនទាន់មានទិន្នន័យគ្រប់គ្រាន់អំពីកម្រិតគ្រោះថ្នាក់នៃវីរុសបំប្លែងថ្មីនេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com