កីឡាអន្តរជាតិ
អន្តរជាតិ
Hakan Sukur អ្នកស៊ុតបញ្ចូលទីលឿនបំផុតនៅ World Cup ក្លាយជាអ្នករត់តាក់ស៊ីនៅអាម៉េរិក
27, Nov 2021 , 10:59 pm        
រូបភាព
 
លោក Hakan Sukur អតីត​ខ្សែប្រយុទ្ធឆ្នើម Inter Milan និង Blackburn Rover សព្វថ្ងៃ​ក្លាយជា​អ្នកបើកបរតាក់ស៊ីឱ្យក្រុមហ៊ុន Uber នៅ​អាម៉េរិក បន្ទាប់ពី​ត្រូវ​និរទេស​ខ្លួនចេញពី​ប្រទេស​តួ​ក​គី​។ Sukur មានទោសនយោបាយជាមួយលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបច្ចុប្បន្ន។



Sukur ក្លាយជាកីឡាករលេចធ្លោកនៅអឺរ៉ុប ក្រោយបានចារក្នុង​ប្រវត្តិសាស្ត្រកីឡាបាល់ទាត់​ តាមរយៈការ​ស៊ុត​បញ្ចូល​ទី​បាន​លឿន​បំផុត​មិន​ធ្លាប់​មាន​នៅឯ​ World Cup ក្នុង​ឆ្នាំ ២០០២ នៅកូរ៉េ-ជប៉ុន។ គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Sukur កើតឡើងត្រឹមតែ ១០,៨ វិនាទីប៉ុណ្ណោះ ខណៈរូបគេរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជម្រើសជាតិតួកគីទទួលបានចំណាត់ថ្នាក់លេខ៣ ដោយឈ្នះសហម្ចាស់ផ្ទះកូរ៉េខាងត្បូងនាព្រឹត្តិការណ៍នោះ។



អតីតសមាជិកក្រុម Galatasaray Torino និង Parma រូបនេះ មានកំណត់ត្រាស៊ុតបញ្ចូទីឱ្យតួកគីចំនួន៥១គ្រាប់ ក្នុងការបង្ហាញខ្លួន១១២ប្រកួត។ យ៉ាងក្តី សព្វថ្ងៃ Sukur ត្រូវបានបង្ខំចាកចេញពីប្រទេសកំណើត បន្ទាប់ពីប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ចេញដីកាចាប់ខ្លួនរូបគេដោយសាររឿងនយោបាយ។

Sukur ដែលបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ ២០០៨ បានរៀបរាប់ប្រាប់កាសែតអាល្លឺម៉ង់ Welt am Sonntag អំពីជីវិតថ្មីរបស់ខ្លួននៅលើទឹកដីអាម៉េរិក។ «ខ្ញុំបានផ្លាស់ទៅរស់នៅសហរដ្ឋអាម៉េរិកអំឡុងឆ្នាំ២០១៧ ដោយដំបូងឡើយបើកហាងកាហ្វេមួយនៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែមនុស្សចម្លែកនៅតែបន្តចូលមកអុកឡុក»។ បុរសវ័យ៥០ឆ្នាំ ដែលសព្វថ្ងៃជាអ្នករត់តាក់ស៊ីឱ្យក្រុមហ៊ុន Uber អះអាងដូច្នេះ មុនបន្ថែមថារូបគេមិនបានធ្វើខុសអ្វីឡើយ។



បើតាមការចុះផ្សាយរបស់កាសែត Daily Star លោក Erdogan បញ្ជាឱ្យចេញដីការចាប់ខ្លួន Sukur ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីប្រធានាធិបតីទួកគីចោទប្រកាន់រូបគេ ថាជាសមាជិកនៃអង្គការភេរវករ Fethullahist (FETO)។ FETO ត្រូវ​បាន​គេ​ជឿ​ថា​ជា​ជន​ដៃដល់​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​បរាជ័យ​ក្នុង​ប្រទេស​តួកគី​នៅ​ឆ្នាំ ២០១៦៕




Tag:
 Hakan Sukur
© រក្សាសិទ្ធិដោយ thmeythmey.com