កីឡាអន្តរជាតិ
អន្តរជាតិ
Juventus សហការជាមួយប៉ូលីស ស៊ើបរឿងបាត់លុយផ្ទេរកីឡាករ
28, Nov 2021 , 5:04 pm        
រូបភាព
 
ក្លិប Juventus បានហការជាមួយប៉ូលីស បើកការស៊ើបអង្កេតពាក់ព័ន្ធនឹងប្រាក់ចំណូលលើការផ្ទេរកីឡាកររបស់ក្លិបចន្លោះឆ្នាំ២០១៩ ដល់២០២១។


បើតាមការផ្សាយរបស់កាសែត BBC លោក Andrea Agnelli ប្រធានក្លិប Juventus រួមជាមួយអនុប្រធានលោក Pavel Nedved និងលោក Stefano Cerrato ប្រធានផ្នែកហិរញ្ញវត្ថុ ស្ថិតក្រោមការស៊ើបអង្កេតជុំវិញការផ្ទេរកីឡាករ៣ឆ្នាំចុងក្រោយនេះ។

ការស៊ើបអង្កេត ធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីក្លិបបានឆ្មក់ចូលការិយាល័យរបស់ក្លិបសេះបង្កង់នៅទីក្រុង Turin ប្រទេសអ៊ីតាលី និងបានរកឃើញឯកសារមួយចំនួនមិនប្រក្រតី។
ព្រះរាជអាជ្ញាលោក Anna Maria Loreto អះអាងថា ការស៊ើបអង្កេតកំពុងស្វែករកភស្តុតាងថាតើអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្លិប Juventus បានផ្តល់ព័ត៌មានមិនពិតទៅកាន់វិនិយោគិន និងបានចេញវិក្កយបត្រប្រតិបត្តិការដែលមិនមានប្រតិបត្តិការ​ ឬក៏អត់។

ក្លិបយក្សអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៧ ខែវិច្ឆិកាថា៖ «ក្លិបបានសហការជាមួយប៉ូលីសស៊ើបអង្កេតរកការពិតជុំវិញការប្រើប្រាស់លុយរបស់ក្លិបមិនត្រឹមត្រូវ និងប្រាក់ចំណូលពីការផ្ទេរកីឡាករជាដើម»។

កាលពីខែកញ្ញាកន្លងទៅក្លិប Juventus ក៏បានបញ្ជាក់ថាខ្លួនបានបើកការស៊ើបអង្កេតតាមរយៈនិយតករទីផ្សារ CONSOB ជុំវិញប្រាក់ចំណូលដែលទទួលបានពីការផ្ទេរកីឡាករចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

Juventus ដែលមានបញ្ហាបំណុលដោយសារវិបត្តិកូវីដ-១៩ សព្វថ្ងៃកំពុងធ្លាក់ដុនដាបខ្លាំងក្នុងការប្រកួតលីគ Serie A រដូវកាល២០២១-២២នេះ។ ឆ្លងកាត់ការប្រកួត១៤ ឈ្នះ៦​ ចាញ់៥ និងស្មើ៣ Juventus រកបានតែ២១ពិន្ទុប៉ុណ្ណោះ ស្ថិតនៅចំណាត់ថ្នាក់ទី៨៕


Tag:
 Juventus
© រក្សាសិទ្ធិដោយ thmeythmey.com