កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd និង Chelsea ចែកគ្នា១ពិន្ទុម្នាក់ ឯ Man City ឡើងឈរលេខ២ជំនួស Liverpool
29, Nov 2021 , 8:30 am        
រូបភាព

Manchester United ប្រកួតស្មើ Chelsea ១-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី១៣ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា។ Manchester City ប្រជែងយកតំណែងលេខ២ជំនួស Liverpool វិញ ក្រោយឈ្នះ West Ham United ២-១។ ជំនួបរវាង Tottenham Hotspur និង Burnley ផ្អាកដោយសារធ្លាក់ព្រិលខ្លាំង។



លោក Michael Carrick សម្រេចមិនដាក់ Cristiano Ronaldo សម្រាប់ជម្រើសទី១ ក្រោមការដឹកនាំ Man Utd លើកដំបូងរបស់លោកនៅក្របខណ្ឌលីគកំពូលអង់គ្លេសទល់នឹង Chelsea។

Jadon Sancho ដែលលេងនៅតំណែប្រយុទ្ធជំនួស Ronaldo រកបានគ្រាប់ ឱ្យក្រុមបិសាចក្រហមនាំមុខក្រុមម្ចាស់ផ្ទះនៅនាទី៥០ បន្ទាប់ពីបញ្ចប់វគ្គទី១ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ ៣នាទីក្រោយ Jorginho ដែលភ្លាត់ស្នៀតធ្វើឱ្យរបូតគ្រាប់បាល់ ជាអ្នកសម្រេចទីតាមស្មើឱ្យតោខៀវវិញដោយការទាត់បាល់ប៉េណាល់ទី។

លទ្ធផលស្មើ ១-១ បានធ្វើឱ្យក្រុមលោក Thomas Tuchel នៅរក្សាតំណែងកំពូលតារាង Premier League ដោយរកបាន៣០ពិន្ទុពីការប្រកួត១៣លើក ខណៈ  Man Utd នៅលេខ៨ដដែលជាមួយពិន្ទុសរុប១៨ពិន្ទុ។

ម្ចាស់ការពារតំណែងជើងឯក Man City ដណ្តើមលេខ២ពី Liverpool វិញ ក្រោយពួកគេយកឈ្នះ West Ham ២-១។ ២គ្រាប់របស់មេឃខៀវសម្រេចបានដោយ Ilkay Gundogan និង Fernandinho ឯមួយគ្រាប់របស់ញញួរធ្វើបានពីសំណាក់កីឡាករ Manuel Lanzini។ Man City រកបាន២៩ពិន្ទុនាំមុខក្រុមលេខ៣ហង្សក្រហមមួយពិន្ទុ ឯ West Ham ឈរលេខ៤ មាន២៣ពិន្ទុ។

ដោយឡែកជំនួបរវាងម្ចាស់ផ្ទះ Burnley ជាមួយ Tottenham Hotspur ត្រូវផ្អាកភ្លាមៗ ក្រោយព្រិលធ្លាក់ពេលទីលានមិនអាចប្រកួតបាន។ ជំនួបគូដទៃទៀត Brentford ឈ្នះ Everton ១-០ ឯ Leicester City ឈ្នះ Watford ៤-២។ Burnley, Norwich City និង Newcastle United ស្ថិតនៅតំបន់ត្រូវកាត់ចោល៕



Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com