ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីឡាវ មកដល់កម្ពុជាហើយ
29, Nov 2021 , 11:35 am        
រូបភាព
លោក ផនខាំ វីផាវ៉ាន់ ពេលចុះពីយន្តហោះ នៅព្រលានយន្តហោះ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ផនខាំ វីផាវ៉ាន់ ពេលចុះពីយន្តហោះ នៅព្រលានយន្តហោះ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ បានដល់កម្ពុជាហើយ នៅព្រឹកម៉ោងជិត១០ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោក នឹងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។



បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជា រួមទាំងចូលជួបមេដឹកនាំកំពូលៗរបស់កម្ពុជា គឺសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា សម្តេច ហ៊ុន សែន និងលោក ផនខាំ វីផាវ៉ាន់ នឹងពិភាក្សាគ្នាលើទំនាក់ទំនងទ្វេភាគី និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩។ បន្ថែមពីនេះ មេដឹកនាំទាំង២ ក៏អាចពិភាក្សាគ្នាពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិផងដែរ ដែលជាក្តីបារម្ភរួម។ ព័ត៌មានពីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងទៀតថា លោក ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា។

ក្រសួងការបរទេសកម្ពុជា អះអាងដូច្នេះថា៖«ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជា កំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំង២ ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕»

Tag:
 កម្ពុជា-ឡាវ
  Phankham Viphavanh
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com