កីឡាអន្តរជាតិ
អន្តរជាតិ
លោក Williams ស្ថាបនិកក្រុម Williams នៃក្របខណ្ឌ F1 ទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំ
29, Nov 2021 , 7:59 pm        
រូបភាព
លោក Sir Frank Williams ស្ថាបនិក និងជាអតីតប្រធានក្រុមប្រណាំងរថយន្ត Williams Racing នៃក្របខណ្ឌ Formula One ទទួលមរណភាពនៅអាយុ ៧៩ ឆ្នាំ។ Lewis Hamilton លើកសរសើរពីវីរភាព និងកេរដំណែល​របស់លោក Williams ក្នុងសារ​គោរព​វិញ្ញាណក្ខន្ធមួយ។



លោក Williams បានបង្កើតក្រុមប្រណាំង Williams នៅឆ្នាំ១៩៦៦ ដោយដឹកនាំក្រុមនេះឈ្នះជើងឯក F1 ៧សម័យ និងឈ្នះផ្នែកគ្រឿងម៉ាស៊ីន៩លើក ចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០។
យ៉ាងណានៅខែកញ្ញា ឆ្នាំ២០២០ អតីតកីឡាករ និងជាអ្នកជំនួញអង់គ្លេស បាន​ចាក​ចេញ​ពី​វិស័យ​កីឡា​ប្រណាំងរថយន្តលំដាប់ពិភពលោកនេះ បន្ទាប់​ពី​លក់ Williams ទៅ​ឱ្យ​អ្នក​វិនិយោគ​អាមេរិក។
 
នៅឆ្នាំ២០២១ នាថ្ងៃទី២៩ ខែវិច្ឆិកា Sir Frank Williams ត្រូវបានប្រកាសពីមរណភាព ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រុមការងារ Williams បង្ហាញការសោកស្តាយ បន្ទាប់ពីស្ថាបនិក និងជាអតីតប្រធានក្រុម Williams Racing លាចាកលោកនៅអាយុ៧៩ឆ្នាំ។
 
Hamilton ម្ចាស់ជើងឯក F1 ៧សម័យកាល បានសរសេរសារគោរព​វិញ្ញាណក្ខន្ធទៅកាន់សពលោក Williams។ អ្នកប្រណាំងអង់គ្លេស វ័យ៣៦ឆ្នាំបានពិពណ៌នាពីវីរភាពរបស់ Williams លើបណ្តាញសង្គម Twitter ថា៖ «លោក Frank Williams ជាមនុស្សសប្បុរសបំផុតក្នុងវិស័យកីឡាប្រណាំងរថយន្ត។ អ្វី​ដែល​គាត់​សម្រេច​បាន​គឺ​​ពិសេសខ្លាំងណាស់។ រហូតដល់ថ្ងៃចុងក្រោយរបស់គាត់ ខ្ញុំដឹងថាគាត់នៅតែជាអ្នកប្រណាំង និងជាអ្នកប្រយុទ្ធនៅក្នុងបេះដូងរបស់គាត់។ មរតក​របស់​ Williams ​នឹង​ស្ថិត​នៅ​ជា​រៀង​រហូត»។
 
 
លោក Stefano Domenicali នាយកប្រតិបត្តិ Formula One បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងបង្ហាញការសោកស្តាយដែលគ្រួសារ F1 បានបាត់បង់សមាជិកជាទីស្រឡាញ់ និងគួរឱ្យគោរពដូចជា Williams៕

Tag:
 Formula One
  Sir Frank Williams)
© រក្សាសិទ្ធិដោយ thmeythmey.com