អន្តរជាតិ
តៃវ៉ាន់ បញ្ជូនយន្តហោះទៅឃ្លាំមើល ក្រោយយន្តហោះចម្បាំងចិនហោះចូលកៀកជាថ្មី
29, Nov 2021 , 12:29 pm        
រូបភាព
យន្តហោះទម្លាក់គ្រាប់បែក H-6K របស់កងទ័ពអាកាសចិន។ រូបថត Xinhua
យន្តហោះទម្លាក់គ្រាប់បែក H-6K របស់កងទ័ពអាកាសចិន។ រូបថត Xinhua
ដោយ:
កងទ័ពអាកាសតៃវ៉ាន់បានចេញប្រតិបត្តិការនៅថ្ងៃទី២៨ ខែវិច្ឆិកា ដើម្បីឃ្លាំមើលយន្តហោះចិនចំនួន២៧គ្រឿ​ងដែលបានហោះចូលក្នុងតំបន់ការពារដែនអាកាសខ្លួន។ នេះជាស្ថានការវិវត្តន៍ចុងក្រោយមួយទៀតនៅច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានភាពតានតឹងខ្លាំង។



ម្ដងជាពីរដង តៃវ៉ាន់ តែងបានត្អូញត្អែរពីវត្តមានកងកម្លាំងទ័ពអាកាសចិនដែលតែងតែហោះចូលដែនការពារអាកាសរបស់ខ្លួន (ADIZ) ក្បែរកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ា​ន់។ នៅថ្ងៃទី២៨​ ខែវិច្ឆិកា យន្តហោះចម្បាំងចិន បានហោះចូលដែនការពារអាកាសនេះជាថ្មី ដែលនាំឱ្យ​តៃវ៉ាន់បញ្ចេញកងទ័ពអាកាសខ្លួនចេញប្រតិបត្តិភ្លាមៗ​ដើម្បីព្រមានយន្តហោះចិនឱ្យចាកចេញ។ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា តៃវ៉ាន់ក៏បានដាក់ពង្រាយប្រព័ន្ធមីស៊ីលដើម្បីតាមដានពួកគេដែរ។
 
ក្នុងបេសកកម្មចុងក្រោយនេះ កងទ័ពអាកាសចិនមានយន្តហោះចម្បាំង១៨គ្រឿង យន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 ចំនួន៥គ្រឿងដែលមានសមត្ថភាពផ្ទុកនុយក្លេអ៊ែរ និងប្រភេទយន្តហោះ Y-20 ដែលមានសមត្ថភាពខ្លាំងផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
កាលពីដើមខែខែតុលា នៅពេលចិនប្រារព្ធទិវាជាតិរបស់ខ្លួន តៃវ៉ាន់បានរាយការណ៍ថា យន្តហោះរបស់កងទ័ពអាកាសចិនជាង១៥០គ្រឿងបានហោះចូលទៅក្នុងតំបន់ ADIZ​ ដដែលនេះ។
ជុំវិញបញ្ហានេះ រដ្ឋាភិបាលក្រុងប៉េកាំងមិនទាន់និយាយអ្វីឡើយ។ ប៉ុន្តែកន្លងមកចិនបានបញ្ជាក់ថាសកម្មភាពបែបនេះ ជាសមយុទ្ធក្នុងគោលបំណងការពារអធិបតេយ្យភាពរបស់ប្រទេសប៉ុណ្ណោះ៕

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com