កីឡាអន្តរជាតិ
អន្តរជាតិ
Carrick ថា ដាក់ Ronaldo បម្រុងជាគម្រោងរបស់លោកមិនមែនជាឥទ្ធិពលលោក Rangnick ឡើយ
29, Nov 2021 , 4:38 pm        
រូបភាព
ក្រោយចប់ការប្រកួតជាមួយ Chelsea ដោយលទ្ធផលស្មើ១-១ Michael Carrick គ្រូបង្វឹកបណ្តោះអាសន្នក្រុម Manchester United និយាយថាការដាក់ Cristiano Ronaldo នៅកៅអីកីឡាករបម្រុងជាការសម្រេចចិត្តរបស់លោកផ្ទាល់មិនមែនជាទ្រឹស្តីរឺឥទ្ធិពលរបស់លោក Ralf Rangnick ឡើយ។



ក្នុងសប្តាហ៍នេះ គេរំពឹងថាលោក Rangnick វ័យ៦៣ឆ្នាំនឹងចូលមកដឹកនាំក្រុមបិសាចក្រហមក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរហូតដល់ចប់រដូវកាល ២០២១-២២។ 
ក្នុងការប្រកួតទល់ Chelsea កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា កីឡាករ Ronaldo ស្ថិតនៅកៅអីបម្រុងដែលជារឿងភ្ញាក់ផ្អើលមួយ។ ខ្សែប្រយុទ្ធរូបនេះ បានប្តូរចូលនៅនាទីទី៦៤ ជំនួសកីឡាករ Jadon Sancho ដែលរកបាន១គ្រាប់នៅទីទី ៥០។
 
ក្រោយចប់ការប្រកួតលោក Carrick ត្រូវបានសារព័ត៌មានចោទសួរពីរឿង Ronaldo អង្គុយកៅអីបម្រុងថា នេះជាឥទ្ធិពលរបស់លោក Rangnick រឺយ៉ាងណា។


 
«ករណីនេះគឺមិនពិតឡើយ ហើយក្រុមទាំងមូលបានស្ថិតក្រោមការគ្រោងទុករបស់យើងបានយ៉ាងល្អទល់ Chelsea។ ខ្ញុំបានដឹងច្បាស់ណាស់ពីរបៀបលេងរបស់ Chelsea និងយើងមិនចង់ឱ្យមានការប៉ះបាល់ឆ្លងកាត់កីឡាករ Jorginho និង Ruben Loftus-Cheek។» Carrick និយាយបែបនេះក្នុងសន្និសីទព័ត៌មានមុនបន្តទៀតថា៖«ពេលខ្លះការផ្លាសប្តូរបន្តិចបន្តួចក៏វាអាចជួយកែប្រែស្ថានកាលបានល្អច្រើនដែរដូចការប្រកួតនេះអ៊ីចឹង។»
 
មកដល់ពេលនេះ Man UTD ស្ថិតនៅលំដាប់ថ្នាក់លេខ៨ នៃតារាង Premier League មាន១៨ពិន្ទុខណៈ Chelsea ជាក្រុមលេខ១មាន៣០ពិន្ទុ Man City ឈរលេខ២មាន២៩ពិន្ទុតាមពីក្រោយដោយ Liverpool ឈរលេខ៣មាន២៨ពិន្ទុ។

Tag:
 Michael Carrick
  Ralf Rangnick
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com