កីឡាជាតិ
ជាតិ
ម្ចាស់ក្លិបអង្គរថាយហ្គឺរ៖ រៀងរាល់ចុងបញ្ចប់នៃរដូវកាល គឺមិនដែលងាយស្រួលសម្រាប់យើង
29, Nov 2021 , 10:29 pm        
រូបភាព
កីឡាករ ៦នាក់របស់ក្លិបអង្គរថាយហ្គឺរ បានសម្រេចចាកចេញពីក្លិប ដោយផ្អែកលើហេតុផលផ្សេងគ្នា ដូចជា ការផ្លាសប្ដូរបទពិសោធន៍ និងការបញ្ចប់កុងត្រា ។ ការចាកចេញនេះ កើតឡើងក្រោយបញ្ចប់រដូវកាលប្រកួត ២០២១។



មកទល់ពេលនេះ មានកីឡាករជាតិ និងអន្តរជាតិ ៦នាក់ហើយ ដែលបានចាកចេញពីក្លិបអង្គរថាយហ្គឺរ ។ ក្នុងនោះកីឡាករជាតិមាន ឈង់ ប៊ុនណាត, ឡុង ម៉េងហាវ, ឡុង ភារ៉ាត់ និងកីឡាករអន្ដរជាតិ ៣រូបមាន៖ Ata Jesse Inia, Kosuke Uchida និង Maksim Taleyko ។ កីឡាករ ឈង់ ប៊ុនណាត ត្រូវផ្លាស់ប្ដូរមកក្លិបវិសាខា ចំពោះកីឡាករ ដទៃ៥រូបទៀត ស្ថិតក្រោមហេតុផលផ្សេងគ្នា ។
 
មន្ត្រីពត៌មានក្លិប លោក ស៊ុន រក្សា បានប្រាប់សារពត៌មានថ្មីៗថា៖ «ចំពោះកីឡាករខ្មែរដែលបានចាកចេញ គឺដោយសារអស់កុងត្រាជាមួយក្រុម ប៉ុន្តែក្លិបក៏មានគម្រោងបន្តឲ្យដែរ តែមូលហេតុដូចជា ប៊ុនណាត ចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មីក្នុងអាជីព ។ ម៉េងហាវ និងភារ៉ាត់ ចង់ទៅរស់នៅជិតគ្រួសារ នៅឯភ្នំពេញ ។ ចំពោះកីឡាករបរទេសវិញ គឺដោយសារអស់កុងត្រាជាមួយក្លិប ហើយខាងក្លិបមិនមានគម្រោងនបន្ថែមកុងត្រាថ្មីដល់ពួកគាត់ទេ» ។
 
លោក Yusuke Shinoda អ្នកគ្រប់គ្រងទូទៅរបស់អង្គរថាយហ្គឺរ ចាត់ទុកការចាកចេញរបស់កីឡាករម្ដង៦រូបនេះ ក៏ជាការពិបាកមួយសម្រាប់ក្លិបដែរ។
 
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានបង្ហាញពីអារម្មណ៍ ទាក់ទងបញ្ហានេះថា៖ «រៀងរាល់ចុងបញ្ចប់នៃរដូវកាល គឺមិនដែលងាយស្រួលសម្រាប់យើង និងអ្នកគាំទ្រឡើយ ដែលមានកីឡាករជាច្រើនចាកចេញ។ មូលហេតុនោះគឺ វាជាការសម្រេចចិត្តរបស់យើង និងជាការសម្រេចចិត្តរបស់កីឡាករខ្លួនឯងផ្ទាល់ដែលពួកគេចង់ទទួលបានការប្រកួតប្រជែងថ្មីមួយ» ។
 
 តែយ៉ាងណាក្លិប ដែលមានមូលដ្ឋាននៅសៀមរាបមួយនេះ នៅតែផ្ដោតទៅលើការងារប្រកួត នារដូវកាលថ្មី ។ ជាពិសេសត្រៀមចុះហត្ថលេខានាំយកកីឡាករថ្មីៗ មកជំនួសតំណែងរបស់កីឡាករ ដែលបានចាកចេញនេះ ៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com