ជាតិ
បណ្តាស្ថានទូតនៅកម្ពុជាសម្តែងសមានទុក្ខចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ
30, Nov 2021 , 9:45 am        
រូបភាព
ព្រះបុត្រាបុត្រីបំពេញមហាកុសល្យឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះបិតា នាវត្តបុទុម
ព្រះបុត្រាបុត្រីបំពេញមហាកុសល្យឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះបិតា នាវត្តបុទុម
បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ចំពោះការយាងសោយព្រះទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយព្រះរោគាពាធនៅប្រទេសបារាំង។



ស្ថានទូតបារាំង ចាត់ទុកព្រះជារដ្ឋបុរសមួយអង្គដែលបានដើរតួនាទីនៃការវិលត្រឡប់មកវិញនៃសន្តិភាព ការស្តារ និងការអភិវឌ្ឍប្រទេសកម្ពុជា។ «សម្តេចក្រុមព្រះនរោត្តម រណឫទិ្ធ គឺជាអ្នកស្រឡាញ់ចូលចិត្តភាសាបារាំង និងជាមិត្តរបស់ប្រទេសបារាំងដែលព្រះអង្គស្គាល់ច្បាស់ ហើយជាពិសេសជាទីដែលព្រះអង្គបានបង្រៀនមុខវិជ្ជាច្បាប់នៅក្រុង Aix-en–Provence»។ នេះជាការគូសបញ្ជាក់របស់ស្ថានទូតបារាំង។

ក្រៅពីការសម្តែងសមានទុក្ខ ស្ថានទូតអាមេរិក ក៏ដូចជា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ផ្ទាល់ បានរំលឹកពីការងាររាជការរបស់ព្រះអង្គរួមមានតួនាទីជានាយករដ្ឋមន្ត្រីទី១នៃប្រទេសកម្ពុជា ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧។

«ការរួមចំណែករបស់សម្តេចក្រុមព្រះ ចំពោះនយោបាយកម្ពុជា នឹងស្ថិតក្នុងការចងចាំជានិច្ច»។ នេះជាការលើកឡើងរបស់ស្ថានទូតអូស្ត្រាលី ក្នុងសាររំលែកទុក្ខជាមួយព្រះបរមរាជវាំង និងប្រជាជនកម្ពុជា ចំពោះការសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ។

លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា តាមរយៈ Twitter របស់ខ្លួន បានលើកឡើងពីគុណតម្លៃរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានដើរតួនាទីយ៉ាងខ្លួនក្នុងនយោបាយកម្ពុជា កន្លងមក។

ជាមួយគ្នានេះ ស្ថានទូតចិននៅកម្ពុជា ក៏បានចូលរួមរំលែកទុក្ខចំពោះការយាងសោយព្រះទិវង្គតរបស់ព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com