COVID-19
អន្តរជាតិ
លោក ស៊ី សន្យាផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ចំនួន១ពាន់លានដូសទៀតដល់អាហ្វ្រិក
30, Nov 2021 , 2:00 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីនៃវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីនៃវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ រូបថត Xinhua
ដោយ:
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី២៩ ខែវិច្ឆិកាអះអាងថា ចិននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១​ពាន់លានដូសបន្ថែមទៀតដល់ទ្វីបអាហ្រ្វិក។ លោក ស៊ី ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនចិនបណ្តាក់ទុននៅក្នុងទ្វីបអាហ្រ្វិកនេះមិនឱ្យតិចជាង១០ពាន់លានដុល្លារក្នុងរយៈពេល៣ឆ្នាំខាងមុខផងដែរ។

 
 
ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​ពិធី​បើកកិច្ចប្រជុំរដ្ឋមន្រ្តីនៃ​វេទិកា​​កិច្ច​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក នៅថ្ងៃទី២៩ ខែវិច្ឆិកា ប្រធានាធិបតីចិន ស៊ី ជិនភីង លើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៦០០លានដូសនឹងត្រូវបរិច្ចាគ ហើយ៤០០លានដូសផ្សេងទៀតនឹងត្រូវផ្តល់ឱ្យតាមមធ្យាបាយផ្សេងៗដូចជាការផលិតរួមគ្នាដោយក្រុមហ៊ុនចិននិងបណ្តាប្រទេសអាហ្វ្រិកដែលពាក់ព័ន្ធ។ ចិនក៏នឹងសាងសង់គម្រោងសុខភាព១០នៅទ្វីបអាហ្វ្រិក និងបញ្ជូនអ្នកជំនាញសុខភាពទៅអាហ្រ្វិក ១,៥០០នាក់។
 
លើសពីនេះ មជ្ឈមណ្ឌលប្រាក់យ័នឆ្លងព្រំដែនចិន-អាហ្រ្វិក នឹងត្រូវបង្កើតឡើងដើម្បីផ្តល់ឱ្យស្ថាប័នហិរញ្ញវត្ថុអាហ្រ្វិកនូវកម្រិតឥណទានចំនួន១០ពាន់លានដុល្លារ។ ចិនក៏នឹងផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម១០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការនាំចេញរបស់អាហ្វ្រិក បង្កើតតំបន់សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងសាងសង់តំបន់ឧស្សាហកម្មចិន-អាហ្វ្រិក។
 
ការ​ប្រកាស​នេះរបស់ប្រមុខរដ្ឋចិន​ធ្វើ​ឡើង ស្របពេល​​​អ្នក​ជំនាញ​មួយចំនួនរិះគន់​លើ​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​​ចិនជាមួយប្រទេសនៅតំបន់អាហ្រ្វិក ​​​ថា ជាការដាក់បន្ទុកឱ្យ​ប្រទេសទាំងនោះ​ជាមួយ​បំណុល​ដែលមិន​មាន​និរន្តរភាព។ អំឡុងទស្សនកិច្ចនៅអាហ្វ្រិក ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន ឯណោះ ក៏ប្រកាសផ្ដល់លុយឱ្យអាហ្វ្រិកដោយមិនបង្កើតបំណុលទៀតផង។
 
គួររំលឹកថា ចិនបានផ្គត់ផ្គង់វ៉ាក់សាំងជិត២០០លានដូសទៅដល់អាហ្វ្រិករួចហើយ។ យ៉ាងណាមិញ អត្រានៃការចាក់វ៉ាក់សាំងនៅអាហ្រ្វិកធ្លាក់ចុះនៅពីក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញវីរុសបង្ករជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូង៕

Tag:
 ចិន
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com