ជាតិ
លោក រ៉ុង ឈុន៖ «ល្គឹកណាកម្ពុជានៅតែរឹតត្បិតសិទ្ធិសេរីភាព ខ្ញុំនៅតែបន្តទាមទារ »
30, Nov 2021 , 8:59 pm        
រូបភាព
លោក រ៉ុង ឈុន ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១។
លោក រ៉ុង ឈុន ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១។
ភ្នំពេញ៖ លោក រ៉ុង ឈុន ជាអ្នកឈឺឆ្អាលនឹងបញ្ហាសង្គម ហើយក៏ចេញចូលពន្ធនាគារញឹកញាប់ដែរនោះ នៅតែបន្តអាជីពជាអ្នកតស៊ូមតិ។ លោកអះអាងថា ឧបសគ្គកន្លងមិនអាចរារាំងឆន្ទៈរបស់លោកឡើយ ព្រោះអ្វីដែលលោកធ្វើ គឺសង្គមជំនាន់នេះ និងជំនាន់ក្រោយ។

 
ទើបតែចេញពីពន្ធនាគារបានជាង១០ថ្ងៃប៉ុណ្ណោះ លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ប្រកាសបន្តបេសកម្មក្នុងការតស៊ូមតិ ដោយមិនរួញរា។ លោកអះអាងថា លោកពិនិត្យឃើញសេរីភាពកម្ពុជា កាន់តែរួមតូចទៅៗ ទើបលោកលះបង់ក្ដីសុខទុក្ខផ្ទាល់ខ្លួនដើម្បីទាមទារ។ 
 
សូមអញ្ជើញស្ដាប់បទសម្ភាសន៍ រវាងកញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ និងលោក រ៉ុង ឈុន ទីប្រឹក្សាគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដូចតទៅ៖ 
 




សម្រាប់លោក រ៉ុង ឈុន លទ្ធិប្រជាធិបតេយ្យមានធ្លាក់ចុះ គួរឲ្យកត់សម្គាល់ ខណៈពលរដ្ឋជាច្រើនកំពុងត្រូវការសេរីភាព ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ។ លោក រ៉ុង ឈុន ដោយបន្ថែមថា ទោះបីជាលោកជាប់ពន្ធនាគាររយៈពេល១៥ខែនិង១១ថ្ងៃ ក៏មិនអាចធ្វើឲ្យលោក ថមថយសកម្មភាពទាមទារសិទ្ធិមនុស្សឡើយ។ លោកសង្កត់ធ្ងន់ថា ទុក្ខលំបាកនេះហើយ ជំរុញឲ្យលោកបន្តបេសកម្មស្វែងរកសិទ្ធិសេរីភាព និងការគោរពសិទ្ធិដល់ពលរដ្ឋ។ 
 
សកម្មជនចាស់វស្សា ដែលធ្លាប់ពន្ធនាគារប្រមាណ៣ហើយនោះ ពោលថា ជីវិតជាអ្នកតស៊ូមិនមានពាក្យថាងាយស្រួលឡើយ។ «យើងចង់បានអ្វីមួយ គឺត្រូវធ្វើការទាមទារ ហើយសេរីភាព ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ មិនអាចគេដាក់ជើងពានមកឲ្យយើងទេ! បើសិនពលរដ្ឋគ្រប់រូប យុវជន កម្មករ គ្រូបង្រៀន មិននាំគ្នាទាមទារ ការពារ វានឹងបាត់បង់ហើយ»។ 
ជាការបញ្ជាក់របស់លោក មុនបន្ថែមថា ការលះបង់សេចក្ដីសុខផ្ទាល់ខ្លួន គឺដើម្បីចូលរួមចំណែកសង្គមជំនាន់នេះ និងជំនាន់ក្រោយ។
 
«ល្គឹកណាកម្ពុជានៅតែមានការត្បិតត្បៀតសេរីភាព, ដូច្នេះបេសកម្មខ្ញុំនៅតែបន្ត យើងមិនអាចផ្លាស់ប្ដូរនៅធ្វើការងារដោយស្ងប់ស្ងាត់បានទេ…»។ នេះជាការជ្រើសរើសរបស់លោក រ៉ុង ឈុន បើទោះបីជាមានឱកាសផ្លាស់ប្ដូរដំណើរជីវត ក៏លោកនៅតែបន្តជ្រើសរើសផ្លូវដើរដូចមុនដដែល។ 
 
ត្បិតលោក ចូលរួមកឈឺឆ្អាលនឹងបញ្ហាសង្គមច្រើនក៏ពិតមែន ប៉ុន្តែមិនទាន់ឈានជើងចូលក្នុង វិស័យនយោបាយឲ្យចំទីនោះទេ ដោយរងចាំមើលការជំរុញពីមហាជនបន្ថែម។ លោកនឹងពិចារណា ប្រសិនការស្ថានការណ៍នយោបាយនៅកម្ពុជាមានការប្រែប្រួល។ 
 
ជិវិតរបស់មេសហជីពរូបនេះ ឈានដល់វ័យជាង៥០ឆ្នាំហើយ ប៉ុន្តែលោកឥតមានប្រពន្ធកូនឡើយ ដោយសារអាជីពរបស់លោក ប្រឈមនឹងបញ្ហាគ្រប់ពេល។ យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ជំហានដំបូង លោកជ្រើសរើសជួយពលរដ្ឋជាមុនសិន ទើបគិតគូររឿងគ្រួសារ។ ដោយសារមេសហជីពរូបនេះ ចង់ឃើញយុវជន កម្មករ គ្រូបង្រៀន ទទួលបានសេរីភាព ការងារល្អ ពោលគឺជីវភាពល្អប្រសើជាមុនសិន៕ 

Tag:
 រ៉ុង ឈុន
  សកម្មជន
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com