ជាតិ
មណ្ឌលគិរី, រតនគិរី, ព្រះវិហារ និង​ឧត្តរមានជ័យ នឹង​ចុះត្រជាក់ដល់​១៥អង្សា​
01, Dec 2021 , 7:59 am        
រូបភាព
ភ្លៀងធ្លាក់ក្នុងក្រុងសែនមនោរម្យ  ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា។ រូបថតក្រសួងធនធានទឹក
ភ្លៀងធ្លាក់ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា។ រូបថតក្រសួងធនធានទឹក
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យដឹងថា ចាប់ពីថ្ងៃទី១-៧ ខែធ្នូ កម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ប្រទេសចិន ដែលបានរំកិលចុះពីក្រោម ជាមួយនិងខ្យល់មូសុងឦសាន បង្កើនល្បឿនក្នុងកម្រិតពីមធ្យម ទៅបង្គួរ។ ស្ថានភាពបែបនេះ អាចបណ្ដាលឱ្យបណ្ដាខេត្តមួយចំនួនចុះត្រជាក់បង្គួរ និងមានខ្យល់ខុសធម្មតា។



បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម សប្ដាហ៍ទី១ដើមខែធ្នូ ឆ្នាំ២០២១ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិនដែលបន្ដរំកិលចុះមកក្រោមជាមួយនិងខ្យល់មូសុងឦសាន។ លក្ខណៈបែបនេះ ធ្វើឱ្យ​បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចមានអាកាសធាតុត្រជាក់បង្គួរ ពី​១៧-១៩អង្សា និងខ្យល់ខុសពីធម្មតា។
 
ជាមួយគ្នានោះ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹង​ចុះត្រជាក់ចន្លោះពី​១៦-១៨ អង្សា។ ដោយ​ឡែក ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអាចចុះដល់១៥ អង្សា។ ចំពោះតំបន់មាត់សមុទ្រវិញ អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច ចន្លោះពី​១៨-២០អង្សា​ និងខ្យល់ខុសធម្មតា។ 
 
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋថែរក្សាសុខភាព ក្នុងអំឡុងពេលអាកាសធាតុប្រែប្រួល៕

Tag:
 អាកាសធាតុ
  ចុះត្រជាក់
  ទ្រនុសសម្ពាធខ្ពស់
© រក្សាសិទ្ធិដោយ thmeythmey.com