ជាតិ
រដ្ឋមន្ត្រីការបរទេសជប៉ុន៖ សម្តេចក្រុមព្រះរួមចំណែកឲ្យមានការផ្លាស់ប្តូររវាងប្រទេសទាំងពីរ
30, Nov 2021 , 4:57 pm        
រូបភាព
លោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន
លោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន
លោក Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេស​ជប៉ុន នា​ថ្ងៃទី៣០ ខែ​វិច្ឆិកា នេះ បាន​ផ្ញើ​សាររំលែក​ទុក្ខ​ចំពោះ​ការយាងចូលព្រះទិវង្គត​របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងព្រះជន្មាយុ​៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ លោក​បាន​កត់​សម្គាល់ពី​ការ​រួមចំណែក​យ៉ាងសំខាន់​របស់​សម្តេចក្រុមព្រះ ក្នុងការស្តារ និងអភិវឌ្ឍកម្ពុជាឡើង​វិញ ជាពិសេស​ការពង្រឹង​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ។

 
«រដ្ឋាភិបាលជប៉ុនសូមសំដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងការសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកព្រះមរណទុក្ខយ៉ាងស្មោះអស់ពីដួងចិត្ត ជាមួយព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា»។ លោក ហាយ៉ាស៊ី បាន​សរសេរយ៉ាងដូច្នេះ​។
 
រដ្ឋមន្ត្រី​ការបរទេសជប៉ុន​រូបនេះ បាន​លើកឡើង​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចូលរួមចំណែកដល់ការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ក្នុងព្រះឋានៈព្រះអង្គជានាយករដ្ឋមន្រ្តីទីមួយ បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលត្រូវបានរៀបចំឡើងជាលើកដំបូងក្រោយពីកិច្ចព្រមព្រៀងសន្តិភាព និងជាព្រះប្រធានរដ្ឋសភាពីឆ្នាំ ១៩៩៨-២០០៦។
 
លោក ហាយ៉ាស៊ី បន្ថែមថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានលើកស្ទួយសន្តិភាព និងការស្តារប្រទេសឡើងវិញ ដោយមានកិច្ចសហការជាមួយប្រទេសជប៉ុន ហើយព្រះអង្គក៏បានចូលរួមចំណែកឲ្យមានការផ្លាស់ប្តូររវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងរវាងសភានិងសភា នៃប្រទេសជប៉ុន និងកម្ពុជាផងដែរ»៕

Tag:
 សម្តេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com