ជាតិ
តំណាង UNESCO ៖ អ្នកសារព័ត៌មាន កំពុងក្លាយជាគោលដៅវាយប្រហារ នៅពេលផ្សព្វផ្សាយប៉ះពាល់រដ្ឋាភិបាល
30, Nov 2021 , 9:59 pm        
រូបភាព
តំណាងយូណេស្កូ រដ្ឋាភិបាល អង្គទូត និងកាសែត ជួបពិភាក្សាគ្នា នៅក្នុងពិធីសម្ពោធសៀវភៅគោលកាណ៍ណែនាំសម្រាប់ព្រះរាជអាជ្ញាក្នុងសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៩ វិច្ឆិកា ២០២១។
តំណាងយូណេស្កូ រដ្ឋាភិបាល អង្គទូត និងកាសែត ជួបពិភាក្សាគ្នា នៅក្នុងពិធីសម្ពោធសៀវភៅគោលកាណ៍ណែនាំសម្រាប់ព្រះរាជអាជ្ញាក្នុងសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៩ វិច្ឆិកា ២០២១។
ភ្នំពេញ៖ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា (UNESCO) លើកឡើងថា អ្នកសារព័ត៌មាន កំពុងក្លាយជាគោលដៅវាយប្រហារ នៅពេលផ្សព្វផ្សាយបញ្ហារសើប ដែលប៉ះពាល់រដ្ឋាភិបាល។ ប៉ុន្តែតំណាងរដ្ឋាភិបាល អះអាងថា ការអនុវត្តច្បាប់លើអ្នកសារព័ត៌មាន ដោយយោងតាមបទល្មើសជាក់ស្ដែង តាមក្រមព្រហ្មទណ្ឌ។

 
លោក Sardar Umar Alam តំណាងយូណេស្កូប្រចាំភ្នំពេញ បានលើកឡើងថា  អ្នកសារព័ត៌មាន គឺសរសេរនិងរាយការណ៍ព័ត៌មានពិត ដើម្បីឲ្យពលរដ្ឋដឹងពីរឿងរ៉ាវសង្គម ប៉ុន្តែជាអកុលសពួកគេត្រូវជួបបញ្ហាប្រឈមច្រើន ពិសេសគឺការបាត់បងជីវិត។ តំណាងយូណេស្កូប្រចាំភ្នំពេញរូបនេះ មើលឃើញថា អ្នកសារព័ត៌មានកម្ពុជា ក៏កំពុងរងបញ្ហានេះដែរ ហើយវាត្រូវការអ្នកពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយ ពិសេសរដ្ឋាភិបាល ដើម្បីឲ្យអ្នកសារព័ត៌មាន មានសេរីភាពពេញលេញ ក្នុងការបំពេញកិច្ចការ។ 
 
ថ្លែងក្នុងកិច្ចពិភាក្សាជាមួយតំណាងរដ្ឋាភិបាល អង្គទូត និងកាសែត កាលពីថ្ងៃទី២៩ វិច្ឆិកា តំណាងយូណេស្កូប្រចាំភ្នំពេញរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ត្រូវតែមានការទទួលខុសត្រូវលើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ពិសេសគឺរដ្ឋ ព្រោះរដ្ឋជាអ្នកទទួលខុសត្រូវលើសន្តិសុខរបស់ពលរដ្ឋ និងរក្សាសិទ្ធិរបស់ពួកគេ»។
 
បើតាមលោក Sardar Umar Alam អ្នកកាសែតបានក្លាយជាគោលដៅនៃការវាយប្រហារ ប្រសិនបើពួកគេចេញផ្សាយទៅបះពាល់ដល់រដ្ឋាភិបាល ឬក្រុមអ្នកមានអំណាចណាមួយ។ លើសពីនេះ សាច់ញាតិរបស់អ្នកកាសែត ក៏រងការបំភិតបំភ័យដែរ។ 
 
លោក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមកិច្ចពិភាក្សានោះ បានបញ្ជាក់ថា អ្នកសារព័ត៌មាន មានសេរីភាពក្នុងការបញ្ចេញមតិ។ ប៉ុន្តែមិនត្រូវយកសិទ្ធិសេរីភាពនេះ ទៅប្រព្រឹត្តរឿងណាដែលប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ រួមទាំងស្ថាប័នរដ្ឋនិងតុលាការ និងឯកជនភាព ។ ជាពិសេសប៉ះពាល់ដល់ទំនៀមទម្លាប់ក្នុងសង្គម និងការរើសអើងពូជសាសន៍នោះទេ។ លោក បានបកស្រាយក្នុងពិធីសម្ពោធសៀវភៅគោលកាណ៍ណែនាំសម្រាប់ព្រះរាជអាជ្ញាក្នុងសំណុំរឿងបទល្មើសប្រឆាំងអ្នកសារព័ត៌មាន ដូច្នេះថា ៖«ដូច្នេះ តម្រូវឲ្យអ្នកសារព័ត៌មានយល់ឲ្យច្បាប់ និងមានវិជ្ជាជីវៈត្រឹមត្រូវ»។
 
សម្រាប់លោក យាង សុធារិន្ទ ដែលជាអតីតបុគ្គលិកអាស៊ីសេរី បានលើកឡើងក្នុងកិច្ចពិភាក្សាថា សង្គមមួយ ដែលមានអ្នកនយោបាយគ្រប់គ្រងលើប្រព័ន្ធតុលាការ គឺជារឿងដែលពិបាករកខុសត្រូវ។ បញ្ហានេះ បង្កឲ្យមានរឿងអយុត្តិធម៌ដល់មហាជនទូទៅ រួមអ្នកសារព័ត៌មានផងដែរ។ លោកក៏ចោទជាសួរដែរថា៖ «តើត្រូវមានដំណោះស្រាយបែបណា»។ 
 
លោក Sabin Ouellet អតីតប្រធានផ្នែកសមាគមព្រះរាជអាជ្ញាអន្តជាតិភាសាបារាំង (AIPPF) និងសមាជិកព្រឹទ្ធសភានៃសមាគមព្រះរាជអាជ្ញាអន្តរជាតិ(IAP) ដែលបានចូលរួមកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញនោះ បានយល់ថា​ ដើម្បីដោះស្រាយបញ្ហានៅប្រព័ន្ធតុលាការនេះបាន គឺត្រូវតែមានការតាមដាន និងការរៀបចំកម្មវិធីជួបជជែកគ្នានេះ ឲ្យបានកាន់តែច្រើន ដើម្បីឲ្យភាគីទាំងអស់ដោះស្រាយ។ លើសពីនេះ ត្រូវស្វែងរកគោលដៅរួម សម្រាប់ការពារអ្នកកាសែត។ បើតាមលោក Sabin Ouellet សេរីភាពសារព័ត៌មានត្រូវបានចែងក្នុងច្បាប់អន្តរជាតិ ទាក់ទងនឹងសិទ្ធិទទួលបានព័ត៌មាន ដូច្នេះកម្ពុជា ដែលជាប្រទេសហត្ថលេខី ក៏ត្រូវអនុវត្តច្បាប់អន្តរជាតិដែរ។
 
តែយ៉ាងណាបញ្ហានេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក ជួន សុបញ្ញា ក៏បានបកស្រាយថា រាល់បញ្ហាផ្លូវច្បាប់ គឺអនុវត្តតាមនីតិវិធីនៃដំណើរការស្វែងរកភស្តុតាងទៅតាមករណីនីមួយៗ ដូច្នេះបើអ្នកកាសែតណាម្នាក់ ដែលមិនបានប្រព្រឹត្តិខុស ដូចការចោទប្រកាន់ទេ នោះដំណើរការនីតិវិធីច្បាប់ នឹងត្រូវទម្លាក់ចោលបទចោទនោះភ្លាម។ «ក្នុងដំណើរការជំនុំជម្រះ បើឥតប្រមូលភស្តុតាងបានទេនោះ ចៅក្រមនឹងសម្រេចឲ្យអ្នកជាប់ចោទនៅក្រៅឃុំ ហើយបើបន្តរកពុំឃើញ នឹងត្រូវសម្រេចបញ្ចប់សំណុំរឿង»។ នេះបើតាមលោក ជួន សុបញ្ញា។
 
នៅអំឡុងពេលបរិភោគអាហាររួមគ្នា កញ្ញា ខាន់ លក្ខិណា អ្នកសាព័ត៌មាននៅ VOD បានប្រាប់សារព័ត៌មានថ្មីៗថា កញ្ញាធ្លាប់រងការគំរាម ការតាមដាន និងការបៀតបៀនច្រើន ពេលចុះយកព័ត៌មាន ពិសេសពាក់ព័ន្ធនឹងរឿងសិទ្ធិមនុស្ស និងការតវ៉ាទាមទារផ្សេងជាដើម។ 
 
«ពេលចុះយកព័ត៌មានមុខតុលាការ ស្ថានទូតចិន កន្លែងទាមទារ មិនថាភ្នំពេញឬតាមខេត្តទេ គឺមានក្រុមបុរសពាក់ខោអាវស៊ីវិលតាមអង្កេត ហើយជិះតាមក៏មាន។ បើតាមការសង្ស័យនិងមានគេប្រាប់ថា ក្រុមនោះជាដៃជើងរបស់រដ្ឋាភិបាល ហើយពេលខ្លះផ្អាកការងារចុះព័ត៌មានមួយរយៈក៏មានព្រោះភ័យខ្លាច»។ នេះបើតាមកញ្ញា លក្ខិណា ដោយបង្ហាញពីអារម្មណ៍សង្រេងថា ខ្លួនខិតខំធ្វើការងារដើម្បីសង្គម គឺចង់នាំសារពីពលរដ្ឋ ទៅកាន់អ្នកគ្រប់គ្នា រួមទាំងរដ្ឋាភិបាល ប៉ុន្តែបែជាប្រឈមនឹងបញ្ហានេះទៅវិញ។ 
 
តែយ៉ាងណាលោក ជា ប៊ុនថល  អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជំរុញឲ្យអ្នកសារព័ត៌មានគ្រប់រូប ហ៊ានលើកបញ្ហាឲ្យចំៗ ប្ដឹងទៅក្រសួងយុត្តិធម៌ឲ្យជួយគាំទ្រ បើសិនជាឃើញថា មានបញ្ហាអយុត្តិធម៌ណាមួយ ចំពោះខ្លួនឯង។ «ទី២ យើងមានសិទ្ធិប្ដឹងទៅក្រុមប្រឹក្សាអង្គចៅក្រម តើករណីធ្វើហ្នឹង ត្រឹមត្រូវឬអត់ ព្រោះយើងមានក្លឹបអ្នកសារព័ត៌មាន និងសមាគមន៍…»។ នេះជាការលើកឡើងរបស់ លោក ប៊ុនថុល ដែលទទួលស្គាល់ដែរថា អ្នកសារព័ត៌មាន គឺឆ្អឹងខ្នងនៃការឆ្លុះបញ្ចាំសង្គម។ 
 
របាយការណ៍សង្កេតលើការសម្លាប់អ្នកសារព័ត៌មានរបស់ UNESCO បានរកឃើញថា នៅចន្លោះឆ្នាំ២០០៦ ដល់២០២០ មានអ្នកសារព័ត៌មានជាង១២០០នាក់ ត្រូវបានសម្លាប់នៅជុំវិញពិភពលោក។ ចំណោមនោះ ៩ក្នុង១០ករណីនៃការសម្លាប់ ពុំទាន់ដោះស្រាយរួចរាល់ក្នុងនីតិវិធីតុលាការឡើយ។ វដ្តនៃអំពើហិង្សាលើអ្នកសារព័ត៌មាន ភាគច្រើនជាសូចនាករមួយនៃការចុះខ្សោយនៃនីតិរដ្ឋ និងប្រព័ន្ធតុលាការជាសកល។ 
 
បើតាមរបាយការណ៍ខេមបូចា ឆ្នាំ២០២១ អ្នកកាសែត២១នាក់ បានជួបបញ្ហារិតត្បិតសេរីភាព ដោយក្នុងនោះ៩នាក់ ត្រូវបានយីយា និងគំរាមកំហែងជាដើម។ ចំណែកអ្នកកាសែត៨រូបទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារ។ របាយការណ៍ខេមបូចា និងCCIM ក៏បានបង្ហាញថា អ្នកសារព័ត៌មាននៅកម្ពុជា ចន្លោះពី១៣ ទៅ១៧ នាក់ ត្រូវបានគេសម្លាប់ គិតត្រឹមឆ្នាំ១៩៩៤ ដល់២០២១នេះ។ ក្នុងនោះ១២នាក់ មិនទាន់វែកមុខរកឃាតករបានឡើយ៕

Tag:
 សិទ្ធិសេរីភាព
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com